Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រវាត់​ព្រំដែន​ជាង ១០០ គីឡូម៉ែត្រ​តភ្ជាប់​គ្នា​យ៉ាងប្រទាក់ក្រឡា​​ពី​ខេត្តត្បូងឃ្មុំ ដល់​​​ខេត្ត​មណ្ឌលគិរី

បានផុស

នៅ

អាជ្ញាធរមូលដ្ឋាន​ក្នុង​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ​ផ្លូវ​ក្រវាត់​ព្រំដែនមួយ​ខ្សែ​សាងសង់​ឆ្លង​កាត់​​ខេត្តក្រចេះ​តភ្ជាប់​​ពី​ស្រុក​ពញាក្រែក​ព្រំ​ប្រទល់​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​ស្រុក​កែវសីមា​ខេត្ត​មណ្ឌលគីរី​​ ផ្តល់លទ្ធភាព​អាច​ឲ្យ​ពលរដ្ឋ​​ធ្វើដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន​យ៉ាង​ងាយស្រួល។

មេឃុំ ២ ធ្នូ​ លោក ទន់ គង់ បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ​ចាប់​​ពី​ព្រំប្រទល់​ខេត្ត​ត្បូង​ឃ្មុំ​ក្នុងស្រុកពញាក្រែក​ កាត់​តាម​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បន្ត​​រហូត​ដល់​ស្រុក​កែវសីមា​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ផ្លូវ​ក្រវាត់​ព្រំដែនសាងសង់​ក្រាល​​ដោយ​ក្រួស​ក្រហម បាន​សម្រួល​ដល់​ការ​រស់នៅ​និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​បាន​​យ៉ាងងាយស្រួល​។

នៅ​លើ​ខ្សែ​ផ្លូវ​ក្រវាត់​ព្រំដែន​​ប្រវែងជាង ១០០ គីឡូម៉ែត្រនេះ ក៏​មាន​ការ​សាងសង់​ស្ពាន​មួយ​ឆ្លង​កាត់​ព្រែក​ទីមាំង​បន្ត​ភ្ជាប់ជាមួយ​ផ្លូវ​ក្រួសក្រហម។

​មេឃុំ​ ២ ធ្នូ​បាន​លើក​ឡើង​ថា តាម​ផ្លូវ​ក្រវាត់​ព្រំដែន​បច្ចុប្បន្ន​ មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​កំពុង​តាំង​ទី​លំនៅ​ ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ​ និង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​​ផ្តល់​ពី​រាជរដ្ឋាភិបាល។

ខេត្ត​ក្រចេះ​បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​សរុប​មាន​ចំនួន ១៥៦ បង្កោល ដោយ​មាន​បង្គោល​ធំ ១២ និង​បង្គោល​តូច​ចំនួន ១៤៤។

លោក មេឃុំ ២ ធ្នូ​បាន​បញ្ជាក់ថា មូលដ្ឋាន​ការពារ​ទឹកដី​សំខាន់​គឺ​មាន​បង្គោល​ព្រំដែន​ច្បាស់លាស់ មាន​ផ្លូវ​ក្រវាត់​ព្រំដែន រួមទាំង​ការ​ចែក​ដី​ដល់​ពលរដ្ឋ​រស់នៅ​តាមបន្ទាត់ព្រំដែន​ ដែលជា​គ្រឹះ​របង​ការពារ​ទឹកដីយ៉ាង​រឹងមាំ។

លោក​បន្ត​ដោយ​ក្តី​រំពឹង​ទុក​ថា នៅ​ថ្ងៃ​ខាងមុខ​តំបន់​ព្រំដែន​នឹង​កាន់​តែ​រីកចម្រើន​ទៅ​មុខ តាម​រយៈ​គោល​នយោបាយជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗនៅ​តាមព្រំដែន ដែល​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​មក​រស់នៅ​កាន់​តែ​ច្រើន។

ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ​និង​ពិសា​ភោជនាហារ​រៀបចំឡើង​ដោយ​សមាគម​​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ​២០២៤​ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​កម្ពុជា​បាន​សាងសង់​ កន្លែង​​ខ្លះ​មាន​​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ប៉ុណ្ណោះ។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា តាម​រយៈ​ផ្លូវ​ក្រវាត់ព្រំដែន​ ពលរដ្ឋ​អាច​ជិះ​ធ្វើ​ដំណើរ​មើលឃើញបង្គោល​​ព្រំដែនបាន​យ៉ាងកៀក​ ​ដែលកន្លែង​ខ្លះ​​មានចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​​​ប៉ុណ្ណោះ។

ប្រមុខ​ដឹកនាំ​កម្ពុជាបាន​បន្ត​ថា ក្នុង​ពេល​ជួបជជែក​ជាមួយ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កាលពីពេលថ្មីៗនេះ ពលរដ្ឋ​បានលើកពី​ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ដែល​ពីមុន​អត់​ទាន់​មាន​ផ្លូវ ពលរដ្ឋ​​ចង់​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិមួយ​​ ត្រូវ​សុំ​ផ្លូវ​ចូល​តាម​ទឹកដី​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ក្រោយមាន​​​ផ្លូវ​ក្រវាត់​ព្រំដែន​​ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​មិន​បាច់​​សុំ​ផ្លូវ​ចូល​តាម​ប្រទេស​វៀតណាមទៀតទេ។

ពល​លរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​ ​បានចារឱ្យកងវិស្វកម្មខិតខំ​ពុះពារ​បន្ត​ស្ថាបនា​ផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់​មុំ ៣ កន្ទុយនាគ។

នាយករដ្ឋមន្រ្តី​កម្ពុជា​ក៏​បង្ហាញ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែនតាម​​បណ្តា​ខេត្ត​ភាគឦសាន​ ដែល​ក្នុង​នោះ​​​ខេត្ត​ក្រចេះ​​បាន​ស្ថាបនា​​ផ្លូវ​ក្រវាត់ព្រំដែន​​បញ្ចប់​ទាំង​ស្រុង។ ខេត្ត​មណ្ឌលគិរី​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើប្រវែងផ្លូវ​ ៣១៩ គីឡូម៉ែត្រ​ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើប្រវែងផ្លូវ ​២២០ គីឡូម៉ែត្រ និង​កំពុង​បន្ត​ជំរុញ​សាងសង់​ឲ្យ​ដល់​​តំបន់​កន្ទុយនាគ​។

ទាក់ទង​កិច្ចការពារ​បូរណភាព​ទឹកដី ​សម្តេច​ធិបតី​បាន​បានគូស​បញ្ជាក់​ថា ​ត្រូវតែ​​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​។

សម្តេ​ច​បាន​លើកឡើងយ៉ាង​ដូច្នេះ​ថា «បង្គោល​ព្រំដែន​ពីមុន​ក្នុង​ខេត្ត​ភាគ​ឦសាន​មិន​មាន​ទេ​។ បង្គោល​ព្រំដែន​មាន​តែ​ពី​កំពត​ទៅ​កំពង់ចាម​ ហើយ​ពី​កំពង់ចាម​ទៅ​កន្ទុយនាគ​ខេត្ត​រតនគិរី​អត់មាន​​ទេ មាន​តែ​ព្រំដែន​រដ្ឋបាល។ ប៉ុន្តែ​យើង​បាន​បោះ​បង្គោល​ព្រំដែន​ពី​ឆ្នាំ ២០០៧ មក។ ការ​បោះ​បង្គោល​ដើម្បី​កំណត់​ព្រំ​ប្រទេស​និង​ប្រទេស»។

​នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃ​ការ​បោះ​បង្គោល​ព្រំដែននៅ​​ខេត្ត​ភាគ​ឦសានជាប់ជាមួយ​ប្រទេស​វៀតណាម​ ពីឆ្នាំ​២០០៦ ដល់ ២០១៨ ​ខេត្តក្រចេះ​បាន​បោះបង្គោល​ព្រំដែន​មេ​បាន​ចំនួន ១១ ​បង្គោល​ និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​បាន​ចំនួន ១៤៤ បង្គោល។

ខេត្តមណ្ឌលគិរី ពីឆ្នាំ​ ២០០៧ ដល់ ២០១៨ ​បានបោះ​បង្គោល​មេ​បាន​ចំនួន ៣៥ បង្គោល និងបង្គោល​បំពេញបន្ថែម​បាន​ចំនួន ៣៧៥ បង្គោល និង​បង្គោល​តម្រុយ​​បាន​ចំនួន ១១ បង្គោល និង​ខេត្តរតនគិរី បោះបង្គោលមេបាន​ចំនួន ៤០ បង្គោល ​បង្គោល​បំពេញ​បន្ថែមបាន​​ចំនួន ១៥៣ បង្គោល និងបង្គោល​តម្រុយបាន​ចំនួន ៤ បង្គោល​។

សម្តេច​ថា បង្គោល​រាប់​រយ​ដែលបាន​បោះមក​នេះ ដើម្បី​បញ្ជាក់​ពីសុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុងការពា​របូរណភាព​ទឹកដី ដើម្បី​អនា​គត​វែង​ឆ្ងាយសម្រាប់​អ្នក​ជំនាន់​ក្រោយ។​

មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើ​តាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាល​ក៏មាន​គោលនយោបាយ​អភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន​ ដើម្បី​លើកទឹកចិត្ត​និងជំ​រុញ​​​ឲ្យពលរដ្ឋ​ឲ្យ​ទៅ​រស់នៅកាន់តែច្រើន។

​ឆ្លើយ​តបទៅ​សំនួរ​របស់កម្ពុជាថ្មី​នៅ​​​ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព ៥ ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ​​​​​នៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ ​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់ថា «ឥលូវ​នេះយើង​​អាច​ធ្វើ​ដំណើរ​មួយ​ជុំ​ស្រុក​ខ្មែរ​បាន។ ​បើ​យើង​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះកុង អាច​ដើរ​មួយ​ជុំ​ប្រទេស​តាម​ផ្លូវ​ក្រវាត់ព្រំដែន គ្រាន់​តែ​កន្លែង​ខ្លះផ្លូវ​​រងការ​ខូចខាត​​ដោយ​អន្លើ​ដែល​​ត្រូវធ្វើការ​ជួសជុល​ តែ​និយាយ​រួម​គឺ​ ៩០% យើង​អាច​ធ្វើ​ដំណើរ​បាន​»។

លោក ឈុំ​ សុជាតិ​ បាន​បន្ត​ថា ក្រៅ​ពី​ការ​បំពេញការងារ​ស្នូលលើកិច្ចការពារសន្តិសុខជាតិ កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បាន​រួម​ចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក្នុង​នោះ​បានស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​តាមបន្ទាប់​​​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​បាន​រាប់រយ​គីឡូម៉ែត្រ។

កាល​ពី​ឆ្នាំ ២០០៩ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជាតិ​ក្នុងការ​ស្ថាបនា​ផ្លូវ​​យុទ្ធសាស្ត្រ​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-​ថៃ​ ​ចាប់​​ពី​​ខេត្ត​​បន្ទាយមានជ័យ​រហូត​ដល់​​ខេត្ត​​ស្ទឹងត្រែង​មាន​​ប្រវែង​​សរុប​ ១.២៨៧​ គីឡូម៉ែត្រ​ ​ដែល​បាន​ដាក់​សម្ពោធ​នៅ​ឆ្នាំ ២០១២​​​​។

បើតាមលោក ឈុំ សុជាតិ ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ជា​យុទ្ធសាស្រ្តក្រៅ​ពី​ជួយ​សម្រួលកង​កម្លាំងឈរជើងការពារបូរណភាពទឹកដី និងបាន​ចូលរួម​​​លើកស្ទួយជីវភាពពលរដ្ឋ​រស់នៅ​តាមបន្ទាត់ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៦ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម