Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពាក្យ​គន្លឹះបច្ចេកទេស​ ​របាយការណ៍ជំរឿន​សេដ្ឋកិច្ច​កម្ពុជា

បានផុស

នៅ

វិទ្យាស្ថានជាតិស្ថិតិ​នៃ​ក្រសួង​ផែនការ បាន​ចេញ​របាយការណ៍​​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០២២ ដែល​គ្រប​ដណ្តប់​គ្រប់​អង្គភាព​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ពាក់ព័ន្ធ​ទៅនឹងការសម្ភាស​ប្រមូល​ព៌ត័មាន​ទិន្នន័យ ប្រព្រឹត្តិកម្មទិន្នន័យ ការចងក្រង និងការ ផ្សព្វផ្សាយ​ទិន្នន័យស្ថិតិ​ស្តីពីសកម្មភាព​សេដ្ឋកិច្ច​នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានពាក្យ​​បច្ចេកទេស​មួយ​ចំនួនត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​របាយការណ៍​​ជំរឿន​សេដ្ឋកិច្ច​កម្ពុជាឆ្នាំ ២០២២។

អង្គភាពសេដ្ឋកិច្ច

អង្គភាព​សេដ្ឋកិច្ច គឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណ ឬកន្លែង​ជាក់លាក់​ណា មួយសម្រាប់អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន និងបំពេញតាម​លក្ខខណ្ឌតាមគោលការណ៍ដូចខាងក្រោម៖

(១) អង្គភាពសេដ្ឋកិច្ចគឺជាអង្គភាពមួយ ដែលមានទីតាំងជាក់លាក់សម្រាប់​ប្រកប​មុខរបរ (មួយ​កន្លែង និងមាន​សកម្មភាពសេដ្ឋកិច្ចត្រូវបានអនុវត្តស្ថិតក្រោមការគ្រប់គ្រងតែម្នាក់។

(២) អង្គភាពសេដ្ឋកិច្ចមួយ​មានអ្នកចូលរួមការងារ (ម្នាក់) ឬ (ច្រើន) និង សម្ភារបរិក្ខា​ផលិតកម្ម និង/​ឬលក់ ទំនិញ ឬផ្តល់សេវាកម្ម មានមូនដ្ឋានជាបន្តបន្ទាប់។

អង្គភាពសេដ្ឋកិច្ច គឺជាអង្គភាពអាជីវកម្មមួយ ឬផ្នែកនៃអង្គភាពអាជីវកម្មដែល​មានទីតាំងជាក់លាក់​មួយ និងមាន​សកម្មភាពផលិត​តែមួយ (មិនមែនជាសម្ព័ន្ធ) ឬមានសកម្មភាព​ផលិតកម្មសំខាន់ដែល​បាន​បង្កើតតម្លៃ​បន្ថែមមួយ​ផ្នែកធំ។

អង្គភាពសេដ្ឋកិច្ចត្រូវបានធ្វើចំណាត់ថ្នាក់វិស័យ ដោយអនុលោមតាមចំណាត់ថ្នាក់​វិស័យ​ឧស្សាហកម្ម​ស្តង់ដារអន្តរជាតិ របស់អង្គការសហប្រជាជាតិ ហៅកាត់ ISIC Rev.4។

ជាទូទៅ អង្គភាពសេដ្ឋកិច្ចមានបីប្រភេទ៖ អង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់ អង្គភាព​សេដ្ឋកិច្ចដែល​អាចផ្លាស់ប្ដូរទីកន្លែងបាន និងអង្គភាពសេដ្ឋកិច្ចចល័ត។

អង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់ គឺសំដៅលើអង្គភាព​សេដ្ឋកិច្ច​ដែលមាន​សកម្មភាព​អាជីវកម្ម​ស្ថិតនៅទីតាំង​ជាក់លាក់ និង​មាន​អគារ។ អង្គភាពសេដ្ឋកិច្ចដែលផ្លាស់ប្តូរ​ទីកន្លែង សំដៅ​លើ​អង្គភាពសេដ្ឋកិច្ច​ដែលមានដំណើរការ​សកម្មភាពអាជីវកម្មជាប្រចាំ និង​ស្ថិតនៅទីតាំង​ជាក់លាក់​មួយ ប៉ុន្តែអង្គភាពសេដ្ឋកិច្ចនោះ​អាចធ្វើការផ្លាស់ប្ដូរទៅ​ទីកន្លែងផ្សេងបានយ៉ាងស្រួល។

អង្គភាពសេដ្ឋកិច្ចចល័ត គឺសំដៅលើ​អង្គភាពសេដ្ឋកិច្ច​ដែលមានដំណើរការ​ធ្វើសកម្មភាព​អាជីវកម្ម​គ្មាន​ទីតាំងជាក់លាក់ (អាជីវកម្មចល័ត)។

អង្គភាព (Entity)

អង្គភាព គឺជាឈោ្មះទូទៅ ដើម្បីបង្ហាញពីអង្គភាពសេដ្ឋកិច្ច​ទោល (អង្គភាពទោល) ឬ​ជាក្រុមអង្គភាព​សេដ្ឋកិច្ច ដែលមានការិយាល័យ​ទីស្នាក់ការកណ្ដាលនៅព្រះរាជាណាចក្រកម្ពុជា និងមាន​សាខានៅក្នុងឬក្រៅប្រទេស (អង្គភាពច្រើន)។

អ្នកតំណាង​អង្គភាពសេដ្ឋកិច្ច

អ្នកតំណាងអង្គភាពសេដ្ឋកិច្ច គឺមានបុគ្គលម្នាក់​ដែលជាអ្នកគ្រប់គ្រងសកម្មភាព​ការងារអាជីវកម្ម តែមិនមែនជា​ម្ចាស់អង្គភាព​សេដ្ឋកិច្ច។

សញ្ជាតិ​ម្ចាស់​អង្គភាព​សេដ្ឋកិច្ច

ភាពជាម្ចាស់​អង្គភាពសេដ្ឋកិច្ច គឺជាបុគ្គលដែល​ជាម្ចាស់អង្គភាព​សេដ្ឋកិច្ច។ ក្នុង​ករណី​មាន​កម្មសិទ្ធិ​រួមគ្នា សញ្ជាតិ​នៃម្ចាស់​អង្គភាព​សេដ្ឋកិច្ច គឺជា​សញ្ជាតិ​របស់​បុគ្គល​ដែល​មាន​ភាគហ៊ុន​ច្រើន​ជាងគេ ហើយ​និងក្នុងករណីម្ចាស់​ភាគហ៊ុនស្មើគ្នារវាងជនជាតិខ្មែរ និងបរទេស នោះ​សញ្ជាតិ​របស់​ម្ចាស់​អង្គភាព​សេដ្ឋកិច្ចត្រូវបានកំណត់ជាជនជាតិខ្មែរ។

ភាពជាម្ចាស់/ស្របច្បាប់នៃអង្គភាពសេដ្ឋកិច្ច

១. សហគ្រាសឯកបុគ្គល (មិនបានចុះបញ្ជី)

សំដៅ​លើអង្គភាពសេដ្ឋកិច្ចឯកកម្មសិទ្ធិ ក្រៅពី “សហគ្រាសឯកកម្មសិទ្ធិ”។

២. សហគ្រាស​ឯកបុគ្គល (បានចុះបញ្ជី)

សំដៅលើសហគ្រាស​ឯកកម្មសិទ្ធិ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមន្ទីរ​ពាណិជ្ជកម្ម​រាជធានីខេត្ត​ដោយស្រប​តាមច្បាប់ស្តីពី​សារពើពន្ធ (ឬច្បាប់​ស្តីពីវិធាន​ពាណិជ្ជកម្ម និង​ការចុះបញ្ជី)។

៣. ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ

សំដៅលើអង្គភាពសេដ្ឋកិច្ច ដែលដំណើរការក្រោមកិច្ចសន្យារវាងមនុស្ស​ពីរនាក់ ឬ​ច្រើននាក់ ដែល​បានដាក់​ដើមទុនរួម​ភាគហ៊ុនគ្នា ឬសកម្មភាពរួមគ្នា ដើម្បីអាជីវកម្ម​ក្នុង​គោលបំណង​ស្វែងរកប្រាក់​ចំណេញ ដូចមានចែងក្នុងមាត្រាទី៨ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

៤. ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត

សំដៅលើអង្គភាពសេដ្ឋកិច្ច ដែលដំណើរការក្រោមកិច្ចសន្យារវាងដៃគូ​ទូទៅមួយ ឬច្រើន​ដែលត្រូវ​បានអនុញ្ញាតឱ្យ​គ្រប់គ្រង និងចូលរួមក្នុងភាពជាដៃគូ ក៏ដូចជាដៃគូមានកម្រិតមួយ ឬច្រើន ដែលបាន​ចូលហ៊ុនដើមទុន ដូចមានចែងក្នុង មាត្រា៦៤ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

៥. សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

ជាទម្រង់​នៃក្រុមហ៊ុនបានកំណត់ដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិ១០០% នៃភាពជាម្ចាស់ឯកបុគ្គល។

៦. ក្រុមហ៊ុន​ឯកជនទទួលខុសត្រូវមានកម្រិត

ជាទម្រង់នៃក្រុមហ៊ុនមានកំណត់ ដែលបំពេញតាមតម្រូវការជាមូលដ្ឋាន ដូចមានចែងក្នុងមាត្រា៨៥ នៃច្បាប់ស្តី​ពីសហគ្រាសពាណិជ្ជកម្ម៖

ក). អង្គភាពសេដ្ឋកិច្ចមានម្ចាស់ភាគហ៊ុនពី២ ទៅ ៣០នាក់។

ខ). អង្គភាព​សេដ្ឋកិច្ច​មិនអាចផ្ដល់ភាគហ៊ុន ឬ​មូលបត្រ​ផ្សេងទៀតរបស់ខ្លួន​ដល់​សាធារណជន​ទូទៅ​ឡើយ ប៉ុន្តែ​អាចផ្តល់ជូនដល់​ម្ចាស់ភាគហ៊ុនសមាជិកគ្រួសារ និង​អ្នកគ្រប់គ្រង។

៧. ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត

នេះគឺទម្រង់នៃក្រុមហ៊ុនមានកំណត់ ដែលត្រូវបានអនុញ្ញាតឱ្យចេញមូលបត្រ​ជាសាធារណៈ​ដោយច្បាប់ស្តីពី​សហគ្រាសពាណិជ្ជកម្មដូចមានចែងក្នុងមាត្រា៨៧។

៨. ផលប្រយោជន៍ក្នុងសម្ព័ន្ឋ​អាជីវកម្មរួម

ភាពជាដៃគូអាជីវកម្មបង្កើតរចនាសម្ព័ន្ធអាជីវកម្ម​សម្រាប់ប្រយោជន៍ទៅវិញទៅមក។

៩. សហគ្រាសសាធារណៈ

ជាទម្រង់​សហគ្រាសអាជីវកម្ម​ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ អង្គភាព​សេដ្ឋកិច្ច​ទាំងនេះ រួមមាន​ធនាគារជាតិ​កម្ពុជា អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹកស្វយ័ត។

១០. សហគ្រាសរដ្ឋ

ក្រុមហ៊ុន​ដែលមានដើមទុនទាំងអស់ ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលកម្ពុជា។ វាគឺជាអង្គភាពសេដ្ឋ​កិច្ច​ដែលត្រូវបាន​បង្កើតឡើង ដោយផ្អែកលើអនុក្រឹត្យដោយមានការស្នើសុំរួមពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តាមក្រសួងនីមួយៗ។ អង្គភាពសេដ្ឋកិច្ចទាំងនោះមានដូចជា សាលារៀនសាធារណៈ មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ក្រុមហ៊ុនបោះពុម្ព និងអង្គ ភាព​សេដ្ឋកិច្ច​ផ្សេងទៀត​ដែលគ្រប់គ្រង​ដោយរដ្ឋាភិបាល។

១១. ក្រុមហ៊ុនចំរុះរដ្ឋ

ក្រុមហ៊ុន​ប្រភេទនេះ មានជាទម្រង់អាជីវកម្មផ្អែក​លើភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ក្រុមហ៊ុនឯកជនមួយ ឬ​ច្រើន។ ក្នុងការអនុវត្តជាក់ស្តែង គឺរាជរដ្ឋាភិបាលអាចផ្ដល់ដើមទុនខ្លះ រួមមាន​ដូចជា ដី ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានផ្សេង​ទៀត ខណៈដែលក្រុមហ៊ុនឯកជន អាច​ផ្តល់​ដើម​ទុនខ្លះ ដូចជា បច្ចេកវិទ្យា និង​ជំនាញបច្ចេកទេសក្នុងការគ្រប់គ្រង។

១២. បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស

ក្រុមហ៊ុនប្រភេទនេះ គឺជាផ្នែកនៃក្រុមហ៊ុនបរទេស​នៅក្នុងប្រទេសកម្ពុជា ដែលមាន​ភាគហ៊ុន​ដើមទុន​យ៉ាងតិច ៥១% នៃ​ដើមទុនរបស់ខ្លួន ដែលកាន់កាប់ដោយក្រុមហ៊ុនបរទេស ដែល​បានចែង​ក្នុងមាត្រា២៨៣ នៃច្បាប់ស្តីពីសហគ្រាស​ពាណិជ្ជកម្ម។ លើសពីនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​បរទេស អាចមានទម្រង់ជាសហគ្រាសសហកម្មសិទ្ធិ ឬ សហគ្រាស​ទទួលខុសត្រូវ​មាន​កម្រិត ដែលបានចែងក្នុងមាត្រា២៨៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

១៣. សាខាក្រុមហ៊ុនបរទេស

សាខាក្រុមហ៊ុនបរទេស ត្រូវបានអនុវត្តសកម្មភាព​ដូចជា​ការិយាល័យ​តំណាងរបស់ក្រុមហ៊ុន ប៉ុន្ដែវា​គួរ​តែមាន​ឈ្មោះក្រុមហ៊ុនសំខាន់របស់វា ដោយ​បូកនិងពាក្យ “សាខា”។ ក្រុមហ៊ុនសាខាអាចទិញ-លក់​ទំនិញ និងសេវាកម្ម ហើយ​ចូលរួមធ្វើអាជីវកម្មស្ថិតក្នុង​វិស័យផ្នែកផលិតកម្ម កម្មមន្ត​សាល ការកែច្នៃ និង​សំណង់ មានលក្ខណៈដូចគ្នាទៅនឹង​ក្រុមហ៊ុនក្នុងស្រុក លើកលែងតែសកម្មភាពទាំងឡាយណាដែលត្រូវបានហាមឃាត់ចំពោះនីតិបុគ្គល ឬរូបវន្តបុគ្គលដូច មានចែងក្នុងមាត្រា ២៧៨ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

១៤. ការិយាល័យតំណាង

ការិយាល័យតំណាង​ក្រុមហ៊ុនអាជីវកម្ម ឬការិយាល័យទំនាក់ទំនងអាជីវកម្ម អាចធ្វើសកម្មភាព​អាជីវកម្មនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖

(១).ការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនមេ (២).ប្រមូលព័ត៌មានអាជីវកម្ម និងផ្ដល់ឱ្យក្រុមហ៊ុនមេនៅបរទេស (៣).ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ (៤).ផ្សាយពាណិជ្ជកម្ម ឬដាក់តាំងផលិតផលនៅក្នុងការិយាល័យ តំណាងរបស់ពួកគេ ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេស។

១៥. សហករណ៍

សហករណ៍ គឺជាអង្គភាពអាជីវកម្ម​ដែលមិនស្វែងរកប្រាក់ចំណេញដែលជាកម្មសិទ្ធិរបស់ និង​ដំណើរការ​ដោយបុគ្គល​មួយក្រុម​សម្រាប់ផលប្រយោជន៍ទៅវិញទៅមក​របស់ពួកគេ។ វាក៏ត្រូវបានកំណត់និយមន័យថា ជាអាជីវកម្មដែលជាកម្មសិទ្ធិ​របស់ និងគ្រប់គ្រងដោយ​មនុស្ស​ដែលប្រើប្រាស់​សេវាកម្ម ឬធ្វើការ ដើម្បីលើកកម្ពស់សហករណ៍ ដើម្បីស្វែងរកកិច្ច​សហការ ឬ ស្រាវជ្រាវ​ព័ត៌មានអំពីទីផ្សារបច្ចុប្បន្ន។

១៦. អង្គការមិនមែនរដ្ឋាភិបាល (NGO)

អង្គការមិនមែនរដ្ឋាភិបាលរាប់បញ្ចូល​ទាំងអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា និង​បរទេសទាំងអស់ ដែល​ផ្តល់ទំនិញ និងសេវាកម្ម ដោយមិនគិតថ្លៃ ឬលក់ក្នុងតម្លៃថ្លៃដើម និងមិនត្រូវបានគ្រប់គ្រង ឬ​ផ្តល់​ហិរញ្ញ​ប្បទានដោយរដ្ឋាភិបាល។ ដោយរួមបញ្ចូលទាំងសហជីព សមាគមវិជ្ជាជីវៈ គណបក្ស​នយោបាយ អង្គការសប្បុរសធម៌ វត្ត /វត្តអារាម/ដូនជី និង ស្ថាប័នសាសនាផ្សេងទៀត និងអង្គការជំនួយដែលផ្តល់ហិរញ្ញប្បទានដោយការផ្ទេរប្រាក់ដោយស្ម័គ្រចិត្ត។

១៧. អង្គភាពផ្សេងៗទៀត

អង្គភាពទោល ការិយាល័យកណ្ដាល ឬសាខា

(១). អង្គភាពទោល

សំដៅ​លើអង្គភាព​សេដ្ឋកិច្ច​តែមួយ មិន​មាន​ការិយាល័យ​ទីស្នាក់ការកណ្ដាល ឬសាខា​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​តែមួយ​នៅកន្លែង​ផ្សេងគ្នា។

(២). ការិយាល័យកណ្តាល

សំដៅលើអង្គភាពសេដ្ឋកិច្ចដែលគ្រប់គ្រងការិយាល័យសាខាទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រង​តែមួយនៅ​កន្លែងផ្សេងគ្នា។

(៣). សាខា

សំដៅលើអង្គភាពសេដ្ឋកិច្ច ក្រោមការត្រួតពិនិត្យរបស់ការិយាល័យ​ទីស្នាក់ការកណ្ដាល​ដែលមានទីតាំង​នៅ​កន្លែងផ្សេងគ្នា។

ការកាន់កាប់កន្លែងអាជីវកម្ម

ស្ថានភាពដែលអង្គភាពសេដ្ឋកិច្ចមានទីតាំងផ្ទាល់ខ្លួន ជួលពីគេ ឬប្រើប្រាស់​កន្លែងអាជីវកម្ម​ដោយមាន​ការយល់ព្រមពីអាជ្ញាធរឬស្ថាប័នផ្សេងៗ។

ប្រភេទកន្លែងអាជីវកម្ម

១. អាជីវកម្មតាមដងផ្លូវ

គឺជាអង្គភាពសេដ្ឋកិច្ចមាន​លក្ខណៈដូចជា តូប ស្តង់ ជាដើម ដែលដំណើរការអាជីវកម្មនៅទីតាំង​ជាក់លាក់ មួយលើចិញ្ចើមផ្លូវ ឬតាមដងផ្លូវ ឬនៅជុំវិញ ប៉ុន្តែស្ថិតនៅខាងក្រៅផ្សារ។

២. អាជីវកម្មនៅផ្ទះ

គឺជាអង្គភាពសេដ្ឋកិច្ចដែលដំណើរការអាជីវកម្មនៅក្នុងផ្នែកមួយ​នៃលំនៅដ្ឋានដែល​ម្ចាស់ស្នាក់នៅ​ពិតប្រាកដ។

៣. អាជីវកម្មនៅក្នុងអគារផ្ទះល្វែង

គឺជាអង្គភាពសេដ្ឋកិច្ច​ដែលដំណើរការអាជីវកម្មនៅក្នុងផ្នែកមួយ​នៃអគារផ្ទះល្វែង ប៉ុន្តែស្ថិតនៅ​កន្លែង​អាជីវកម្ម​និងលំនៅដ្ឋានរបស់ម្ចាស់ គឺដាច់ដោយឡែកពីគ្នា។

៤. អាជីវកម្មនៅក្នុងផ្សារប្រពៃណី

គឺជាអង្គភាពសេដ្ឋកិច្ច ដែលដំណើរការធ្វើអាជីវកម្មស្ថិតនៅផ្នែកជ្រុងមួយ ឬកន្លែងមួយនៅក្នុងផ្សារ ដោយ​មិន​គិតពីការអនុញ្ញាតយល់ព្រម ឬអាជ្ញាប័ណ្ណពីអ្នកគ្រប់គ្រងផ្សារទេ។

៥. អាជីវកម្មនៅក្នុងផ្សារទំនើប

គឺជាអង្គភាពអាជីវកម្មមួយ​ដែលដំណើរការធ្វើអាជីវកម្មប្រកបមុខរបរ​ស្ថិតនៅក្នុងផ្សារទំនើប​នៃអគារខ្ពស់​ដែលមាន​គ្រឹះស្ថានជាច្រើនកំពុងដំណើរការ​ប្រកបមុខរបរអាជីវកម្ម។

៦. អង្គភាពអាជីវកម្មដែលកំពុងកាន់កាប់ផ្ដាច់មុខក្នុងប្លុកមួយ ឬអគារដាច់ដោយឡែក

គឺជាអាជីវកម្មដែលមានលក្ខណៈដូចជា​រោងចក្រ ធនាគារ សាលារៀន វត្តអារាម/វិហាសាសនា មន្ទីរពេទ្យជាដើម កាន់កាប់ប្លុក ឬអគារដាច់ដោយឡែកតែឯង។

៧. អង្គភាពផ្សេងទៀត

អង្គភាពទាំងនេះ មានលក្ខណៈដូចជា ហាង ភោជនីយដ្ឋាន កន្លែងម៉ាស្សា ជាដើម ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រងដាច់ដោយឡែក​នៅក្នុងបរិវេណ ឬអគារនៃសណ្ឋាគារ រោងចក្រ ឬ​សាកលវិទ្យាល័យ​។

ម៉ោងធ្វើអាជីវកម្ម

សំដៅលើម៉ោងដែលអង្គភាពសេដ្ឋកិច្ចបានបើកដំណើរការ និងបិទធ្វើអាជីវកម្មជាប្រចាំថ្ងៃ។ ម៉ោងធ្វើ​អាជីវកម្មមាន​ពីរប្រភេទ គឺពេលព្រឹកចាប់ពីម៉ោង ៧ ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់ និងចាប់ពីម៉ោង១២ថ្ងៃត្រង់ ទៅដល់ម៉ោង ១២យប់។

ប្រាក់ចំណេញ និងខាត ប្រចាំឆ្នាំ របស់អង្គភាពសេដ្ឋកិច្ច

ប្រាក់ចំណេញ និងខាតប្រចាំឆ្នាំ = ការលក់ប្រចាំឆ្នាំ – ការចំណាយប្រចាំឆ្នាំ

ប្រាក់ចំណេញដុល

ប្រាក់ចំណេញដុល គឺជាភាពខុសគ្នារវាងចំណូលប្រតិបត្តិការ និងថ្លៃដើមប្រតិបត្តិការ។

ទ្រព្យសកម្មរយៈពេលវែង (Fixed Assets )

ទ្រព្យសកម្មរយៈពេលវែងរបស់អង្គភាពសេដ្ឋកិច្ច​រួមមាន៖ ១.ដីធ្លី​របស់សហគ្រាស ២.ការរៀបចំ​តុបតែងលម្អដីធ្លីរបស់សហគ្រាស ៣.សំណង់​អគាររបស់សហគ្រាស ៤.សំណង់អគារ​លើ​ដីធ្លីក្រោមភតិសន្យា ៥.ទ្រព្យសកម្មរយៈពេលវែង​កំពុងដំណើរការ ៦.រោងចក្រ (ក្រៅពីអគារ) និង​បរិក្ខារ ៧.កេរ្តិ៍ឈ្មោះ/ មូលនិធិ​ពាណិជ្ជកម្ម ៨. ចំណាយបង្កើតសហគ្រាសដំបូង ៩.ទ្រព្យសកម្ម​ក្រោម​ភតិសន្យា និងបុព្វលាភនៃការប្រើប្រាស់ ១០.វិនិយោគក្នុងសហគ្រាសដទៃ ១១. ទ្រព្យសកម្ម​រយៈពេល​វែងផ្សេងៗ។

ទ្រព្យសកម្មរយៈពេលខ្លី

ទ្រព្យសកម្មរយៈពេលខ្លី​រួមមាន ១.ចំនួនសន្និធិវត្ថុធាតុដើម និងសម្ភារផ្គត់ផ្គង់ ២.ស្តុកទំនិញ​សម្រាប់​លក់ ៣.ស្តុកផលិតផលសម្រេច ៤.ផលិតផលកំពុងដំណើរការ ៥.គណនីត្រូវទទួល/អតិថិជន ៦.គណនីត្រូវ​ទទួលផ្សេងៗ ៧.ចំណាយបានកត់ត្រាមុន ៨.សាច់ប្រាក់នៅក្នុងបេឡានិងធនាគារ ៩.ឥណទានប្រាក់រំដោះពន្ធលើប្រាក់ចំណូល ១០.ឥណទានពន្ធអាករលើតម្លៃបន្ថែម ១១.ឥណទាន​ពន្ធ-អាករដទៃទៀត ១២.ទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗ ១៣.លម្អៀងពីការប្តូរប្រាក់នៃទ្រព្យសកម្ម។

មូលនិធិ

១.មូលធន/មូលធនភាគហ៊ុន ២.តម្លៃលើសនៃការលក់ប័ណ្ណភាគហ៊ុន ៣.មូលធនបម្រុងតាមច្បាប់ ៤.លម្អៀងលើសនៃការវាយតម្លៃឡើងវិញនូវទ្រព្យសកម្ម ៥.មូលធន​បម្រុងផ្សេងៗ ៦.លទ្ធផល​ចំណេញ /(ខាត)។

បំណុលរយៈពេលវែង

បំណុលរយៈពេលវែងរបស់អង្គភាពសេដ្ឋកិច្ចមាន​ដូចជា៖ ១.បំណុលភាគីជាប់ទាក់ទិន ២.បំណុល​ធនាគារ និងបំណុលភាគីមិនជាប់ទាក់ទិនផ្សេងៗ ៣.សំវិធានធន និង ៤.បំណុលរយៈពេល​វែង​ផ្សេងៗ

បំណុលរយៈពេលខ្លី

បំណុលរយៈពេលខ្លីរបស់អង្គភាពសេដ្ឋកិច្ចរួមមាន៖ ១.សាច់ប្រាក់​ដកពីធនាគារលើសប្រាក់បញ្ញើ (ឥណទាន​វិបារូប័រ) ២.ចំណែកចរន្តនៃបំណុល​មានការប្រាក់ ៣.គណនីត្រូវសងបុគ្គល ជាប់ទាក់ទិន (ភាគី​សម្ព័ន្ធ​ញាតិ) ៤.គណនីត្រូវសងផ្សេងៗ ៥.ចំណូល​កត់មុន ៦.គណនី​ចំណាយ​បង្គរ និង​បំណុល​រយៈពេល​ខ្លីផ្សេងៗ ៧.សំវិធានធន ៨.ពន្ធលើប្រាក់ចំណូល​ត្រូវបង់ និងពន្ធ-អាករផ្សេងៗ​ត្រូវបង់ ៩.លម្អៀងពីការប្តូរប្រាក់នៃទ្រព្យអកម្ម។

ថ្លៃដើមប្រតិបត្តិការ

១.ថ្លៃដើមផលិតផលបានលក់របស់សហគ្រាសផលិតកម្ម ២.ថ្លៃដើមទំនិញបានលក់របស់សហគ្រាសក្រៅពីផលិតកម្ម និង​៣.ថ្លៃដើមសេវាបានផ្គត់ផ្គង់។

ចំណាយប្រតិបត្តិការ

ចំណាយ​ប្រតិបត្តិការ​របស់អង្គភាព​សេដ្ឋកិច្ច​រួមមាន៖ ១).ចំណាយប្រាក់បៀរវត្ស និងប្រាក់ឈ្នួល ២).ចំណាយ ប្រេង ឧស្ម័ន អគ្គិសនី និង​ទឹក ៣).ចំណាយ​ធ្វើដំណើរ និងចំណាយស្នាក់នៅ ៤).ចំណាយ​ដឹកជញ្ជូន ៥).ចំណាយ​លើ​ការជួល ៦).ចំណាយលើការថែទាំ និងជួសជុល ៨).ចំណាយលើ​ការកម្សាន្តសប្បាយ ៨).ចំណាយ​កម្រៃជើងសារ ផ្សាយពាណិជ្ជកម្ម និង​ចំណាយ​ការលក់ ៩).ចំណាយបង់ពន្ធ និងអាករផ្សេងៗ ១០).ចំណាយលើអំណោយ ១១). ចំណាយ​សេវា​គ្រប់គ្រង ពិគ្រោះយោបល់ បច្ចេកទេស និងសេវាប្រហាក់ប្រហែល ១២).ចំណាយ​លើសួយសារ ១៣). ចំណាយលើ​បំណុលទារមិនបាន ១៤).ចំណាយ​រំលស់ ១៥).ការកើនឡើង/ថយចុះ នូវ​សំវិធានធន ១៦).ខាត​ពីការ​លក់ទ្រព្យសកម្មរយៈពេលវែង ១៧).ខាត​ពីការប្តូរប្រាក់​សម្រេចបាន ១៨).ខាតពីការប្តូរប្រាក់​មិនទាន់សម្រេចបាន ១៩).ចំណាយផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម