ព័ត៌មានជាតិ
៧ ខែ ឆ្នាំនេះ បាតុភូតរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់-របួស ជិត ១០០ នាក់ ថយចុះជាងឆ្នាំមុន
ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងជាង ៩០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ១០០ នាក់ ខូចខាតផ្ទះជាង ២០ ខ្នង និងងាប់គោក្របីជិតជាង ៣០ ក្បាល បើធៀបទៅនឹងរយៈពេល ៧ ខែ ដូចគ្នា ឆ្នាំ ២០២៣ ឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ សីហា នេះថា ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩១ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២៦ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរងរបួស ៤២ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៣៣ ក្បាល។ ក្នុងនោះនៅក្នុងខែកក្កដារន្ទះបាញ់បានកើតឡើងចំនួន ៩ លើក នៅខេត្តចំនួន ៧ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប ព្រះសីហនុ ស្វាយរៀង រតនគីរី ឧត្តរមានជ័យ និងខេត្តកោះកុង បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ រងរបួស ៦ នាក់ ងាប់គោក្របី ៧ ក្បាល ព្រមទាំងខូចខាតផ្ទះ ៤ ខ្នង។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជិត ៩០ នាក់ ក្នុងនោះនៅខេត្តសៀមរាបស្លាប់ ៨ នាក់ របួស ៨ នាក់ បាត់ដំបងស្លាប់ ៦ នាក់ របួស ៦ នាក់ បន្ទាយមានជ័យស្លាប់ ៤ នាក់ របួស ៥ នាក់ ត្បូងឃ្មុំស្លាប់ ៤ នាក់ របួស ៧ នាក់ ព្រៃវែងស្លាប់ ៤ នាក់ ព្រះសីហនុស្លាប់ ៣ នាក់ ឧត្តរមានជ័យស្លាប់ ៣ នាក់ កំពង់ចាមស្លាប់ ២ នាក់ កោះកុងស្លាប់ ២ នាក់ ប៉ៃលិនស្លាប់ ២ នាក់ តាកែវស្លាប់ ២ នាក់ ក្រចេះស្លាប់ ២ នាក់។ ក្រៅពីនេះ ស្លាប់ ១ នាក់ នៅខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ មណ្ឌលគីរី និងខេត្តកំពត។

លោកបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងរយៈពេល ៧ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៧ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥៩ នាក់ រងរបួស ៤៥ នាក់ ខូចខាតផ្ទះ ៧ ខ្នង និងងាប់គោក្របីចំនួន ៨៧ ក្បាល៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?