ព័ត៌មានជាតិ
ឈ្វេងយល់៖ តើទង្វើបែបណាខ្លះទើបហៅថា ជាអំពើក្បត់ជាតិ?
តើអ្នកដឹងទេថា សកម្មភាព ឬទង្វើបែបណាខ្លះទើបហៅថា ជាអំពើក្បត់ជាតិ? ហើយតើការក្បត់ជាតិនេះ ត្រូវផ្តន្ទាទោសបែបណាខ្លះ? ថ្ងៃនេះ«កម្ពុជាថ្មី» សូមលើកយកមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មកឆ្លើយតបនឹងសំណួរទាំងអស់នេះ។

មាត្រា ៤៣៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទល្មើសក្នុងផ្នែកនេះ (ពីមាត្រា៤៤០ ដល់មាត្រា៤៥០) ជាអំពើក្បត់ជាតិ បើបទល្មើសប្រព្រឹត្តដោយពលរដ្ឋខ្មែរ ឬដោយយោធិនខ្មែរ ហើយជាចារកម្ម បើបទល្មើសនេះប្រព្រឹត្តដោយបុគ្គលដទៃទៀត។ មាត្រា ៤៤០ ចែងថា ការប្រគល់ដែនដីជាតិទាំងស្រុង ឬមួយផ្នែកឱ្យទៅរដ្ឋបរទេស ឬភ្នាក់ងារបរទេស ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ មាត្រា ៤៤១ សរសេរថា អំពើប្រគល់កងយោធពលខេមរភូមិន្ទឱ្យទៅរដ្ឋបរទេស ឬភ្នាក់ងារបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ឯមាត្រា ៤៤២ វិញ និយាយថា អំពើប្រគល់ស្បៀង សម្ភារៈ សំណង់ បរិក្ខារ ឋបនីយភណ្ឌ ឬគ្រឿងយន្តសម្រាប់ការពារជាតិឱ្យទៅបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។
មាត្រា ៤៤៣ បានចែងថា ការត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងកម្ពុជា ត្រូវដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ចំណែក មាត្រា ៤៤៤ បានអះអាងថា បទប្រគល់មធ្យោបាយឱ្យរដ្ឋបរទេសធ្វើការប្រទូស្តរ៉ាយ ឬឈ្លានពានមកកម្ពុជា ត្រូវផ្តន្ទាទោស១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សម្រាប់មាត្រា ៤៤៥ វិញ បទប្រគល់ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ទៅឱ្យបរទេស ឬធ្វើឱ្យងាយស្រួលដល់ដៃបរទេសដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែក មាត្រា ៤៤៦ បានចែងថា ការទទួល ឬប្រមូលផ្តុំព័ត៌មានផ្សេងៗយកទៅឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសដែលធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ត្រូវដាក់ពន្ធនាគារ៥ឆ្នាំ ទៅ១០ឆ្នាំ ខណៈ មាត្រា៤៤៧ ចែងថា ការបំផ្លិតបំផ្លាញ ជាអាទិ៍ នូវសម្ភារៈដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ រីឯ មាត្រា ៤៤៨ លើកឡើងថា ការផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរស៊ីវិល យោធាខ្មែរ ដើម្បីបម្រើផលប្រយោជន៍រដ្ឋបរទេស ហើយធ្វើឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ទៅ១០លានរៀល ខណៈមាត្រា ៤៤៩ ចែងថា ប្រសិនជាប៉ុនប៉ងប្រព្រឹត្តបទផ្តល់ព័ត៌មានមិនពិត (បទមជ្ឈិម) ដែលចែងក្នុងមាត្រា ៤៤៨ ត្រូវផ្តន្ទាទោសដូចមាត្រា ៤៤៨ដែរ។
នៅក្នុងមាត្រា៤៥០ ចែងថា ចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះ មានទោសបន្ថែម១១ចំណុចទៀត គឺ១.ដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ២.ហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ ជាស្ថាពរ ឬ៥ឆ្នាំ បើបទល្មើសនេះប្រព្រឹត្តក្នុងឱកាស ឬការប្រកបវិជ្ជាជីវៈ។ ៣.ហាមឃាត់ចំពោះការស្នាក់នៅយ៉ាងច្រើន១០ឆ្នាំ ចំពោះបទឧក្រិដ្ឋ ឬយ៉ាងច្រើន៥ឆ្នាំ ចំពោះបទមជ្ឈិម។ ៤.ហាមឃាត់ចំពោះការចាកចេញពីកម្ពុជាយ៉ាងច្រើន៥ឆ្នាំ។ ៥.ហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល ឬស្នាក់នៅកម្ពុជាជាស្ថាពរ ឬយ៉ាងយូរ៥ឆ្នាំ។ ៦.រឹបអូសឧបករណ៍ សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬមានគោលដៅប្រព្រឹត្តបទល្មើស។ ៧.រឹបអូសយានជំនិះរបស់ទណ្ឌិត១គ្រឿង ឬច្រើនគ្រឿង។ ៨.ហាមឃាត់ការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ និងគ្រឿងផ្ទុះ គ្រាប់រំសេវជាស្ថាពរ ឬយ៉ាងច្រើន៥ឆ្នាំ។ ៩.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសយ៉ាងច្រើន២ខែ។ ១០.ផ្សាយសេចក្តីសម្រេចផ្តន្ទាទោសក្នុងសារព័ត៌មាន និងទី១១ ផ្សាយសេចក្តីសម្រេចតាមគ្រប់មធ្យោបាយទូរគមនាគមន៍យ៉ាងច្រើន ៨ថ្ងៃ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?