Connect with us

ព័ត៌មានជាតិ

អតីតតំណាងរាស្រ្តបក្សប្រឆាំង៖ ការទាមទារឱ្យកម្ពុជា«ដកខ្លួនពីCLV» ជាការដុតឱ្យខ្លោច រោចឱ្យឆៅ គ្មានសមហេតុសមផល

បានផុស

នៅ

អតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា បានអះអាងថា ការដែលចង់ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងCLV គឺជាការដុតឱ្យខ្លោច រោចឱ្យឆៅ គ្មានសមហេតុសមផលឡើយ។ លោក គង់ បូរ៉ា បានអះអាងបែបនេះក្រោយពីក្រុមអតីតគណបក្សប្រឆាំងនៅខាងក្រៅប្រទេសបានបរាជ័យក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនាំគ្នាធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងCLV និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ បូរ៉ា ដែលធ្លាប់ជាសមាជិកគណៈកម្មការនៃរដ្ឋសភា ត្រួតពិនិត្យ និងតាមដានការអនុវត្តគោលនយោបាយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV) បានសរសេរលើហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃអង្គារនេះថា តាំងពីក្រោយ​ឆ្នាំ១៩៩៣មក មេដឹកនាំប្រឆាំងកំពូលៗ មិនបានលើកបញ្ហាខ្វាយខ្វល់ ព្រួយបារម្ភអំពីគម្រោង CLV ដូចនៅក្នុងឆ្នាំ២០២៤ នេះទេ។ លោក គង់ បូរ៉ា ថា លោកបានចែករំលែកការខ្វល់ខ្វាយ ការព្រួយបារម្ភ ប៉ុន្តែ បើចោទប្រកាន់ថា «កាត់» ឬ«បាត់» គឺជាបុរេវិច្ឆ័យគ្មានលក្ខណៈស្ថាបនាឡើយ។

សម្រាប់អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ ការទាមទារឱ្យ«លប់/ដកចេញ»ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV) គឺជាការដុតឱ្យខ្លោច រោចឱ្យឆៅ ដែលគ្មានសមហេតុសមផលទាល់តែសោះ។ សម្រាប់លោក គង់ បូរ៉ា ការប្រើគំនិត និងវោហាប្រកូកប្រកាសឱ្យពលរដ្ឋខ្មែរក្នុងប្រទេសរួបរួមតាមគំរូប្រជាពលរដ្ឋបង់ក្លាដេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល គឺជាចេតនា ជាតណ្ហារបស់អ្នកនយោបាយជ្រុលនិយម ដែលមិនអាចប្រកែកបាន។ ទោះជាយ៉ាងនេះក្តី លោកបានកោតសរសើរប្រជាពលរដ្ឋខ្មែរក្នុងប្រទេសដែលបានទទួលស្គាល់ថា ក្រុមជ្រុលនិយមមិនញញើតបញ្ចេះភ្លើងដុតប្រទេសកម្ពុជា ដើម្បីអំណាចរបស់ខ្លួន។ លោក គង់ បូរ៉ា ចង្អុលចំៗថា មេដឹកនាំក្រៅប្រទេស មិនកាន់អំណាច គឺជាដើមភ្លើង។

តាមរយៈហ្វេសប៊ុកដដែល លោក គង់ បូរ៉ា បានរំឮកឱ្យដឹងថា ក្នុងនាមជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាសាក្សីដែលបានទៅចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសឡាវជាមួយសម្តេច ហ៊ុន ណេង ដែលពេលនោះ សម្តេចជាប្រធានគណៈប្រតិភូ គឺរូបលោកជាតំណាងបក្សប្រឆាំងតែមួយរូបគត់ដែលបានទៅដល់ និងជជែកការងារ និងបានស្តាប់ដោយយកចិត្តទុកដាក់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ កិច្ចប្រជុំនៅប្រទេសឡាវកាលណោះ លោក គង់ បូរ៉ា រំលេចថា៖ «ខ្ញុំសូមបញ្ជាក់ថា តំបន់អភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាមនេះ គឺមិនមានការ​កាត់ខេត្តណាមួយទៅខាងភាគីណាមួយនោះទេ ជាពិសេស វៀតណាម គឺមិនដូចនឹងការធ្វើឱ្យមានភាពចលចលតាមសារព័ត៌មាន ដូចមេដឹកនាំគណបក្សប្រឆាំង ជាពិសេស មេដឹកនាំឧទ្ទាមក្រៅ​ប្រទេស ដែលមានសម រង្ស៉ី ជាមេដឹកនាំក្បត់ជាតិ៣ជំនាន់នោះ ដែលតែងតែរវើរវាយចេះតែបង្កឱ្យអ្នកគាំទ្រ ធ្វើការទាមទារតាមខ្លួននោះទេ»។

ជាអ្នកបានចូលរួមនៅក្នុងកិច្ចប្រជុំCLV នេះដោយផ្ទាល់ និងជាសាក្សីរស់ លោក គង់ បូរ៉ា ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ និងវៀតណាម ដែលជាកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ដោយមិនមានការកាត់ខេត្តទៅខាងភាគីណាមួយនោះឡើយ។ ជាមួយគ្នានេះ លោកគាំទ្រវិធានការរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសសោកនាដកម្ម វិនាសកម្ម ចំពោះប្រទេស និងប្រជាពលរដ្ឋកម្ពុជា រក្សាភាព សុខសាន លូតលាស់ ខ្លាំងក្លាតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម