ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ កំពុងទាក់ទាញប្រភេទឧស្សាហកម្មប្រើចំណេះ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ជាតំបន់កំពុងទាក់ទាញប្រភេទឧស្សាហកម្មប្រើចំណេះវិជ្ជា ដូចជាក្រុមហ៊ុនរថយន្តហ្វតរបស់សហរដ្ឋអាមេរិក រោងចក្រផលិតខ្សែកាបអគ្គិសនី រោងចក្រផលិតរថយន្តអគ្គិសនីសម្រាប់ដឹកទំនិញជាដើម។ លោក កែវ រតនៈ លើកឡើងដូច្នេះ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី៣៧ស្ថាប័ន។

ក្នុងកិច្ចសម្ភាស លោក កែវ រតនៈ ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា៖«តំបន់សេដ្ឋកិច្ចពិសេសនៅពោធិ៍សាត់នេះ មិនជាខុសអីច្រើនពីតំបន់សេដ្ឋកិច្ចពិសេសនៅបណ្ដាកន្លែងផ្សេងៗនៅទូទាំងប្រទេសកម្ពុជាទេ ប៉ុន្តែអ្វីដែលជាលក្ខណៈដោយឡែកនៃតំបន់នេះគឺថាយើងកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដែលប្រើដោយចំណេះវិជ្ជា។ ឧទាហរណ៍ដូចជារថយន្តរបស់អាមេរិកម៉ាកហ្វត ដែលជាក្រុមហ៊ុនយក្សមួយរបស់អាមេរិក របស់ពិភពលោក ហើយធ្វើការតំឡើងរថយន្តភីកអាប់ អេវើរែស»។
តាមលោក កែវ រតនៈ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលរដ្ឋាភិបាលអូសទាញឱ្យមករកស៊ីនៅកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ហើយរដ្ឋក៏បាន និងកំពុងអូសទាញបណ្ដាញក្រុមហ៊ុនផ្សេងទៀតឱ្យមករកស៊ីនៅខេត្តពោធិ៍សាត់ តួយ៉ាងដូចជាក្រុមហ៊ុនផលិតខ្សែកាបអគ្គិសនី និងទាក់ទាញបានក្រុមហ៊ុន ZO MOTORS ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីសម្រាប់ដឹកទំនិញដែលបើកការដ្ឋានសាងសង់រោងចក្រកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

លោកប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក៏បានបង្ហើបឱ្យដឹងថា នៅខែកញ្ញា ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Minebea-Cambodia Co., Ltd. នឹងបើកការដ្ឋានសាងសង់រោងចក្រនៅខេត្តពោធិ៍សាត់បន្ថែមពីលើរោងចក្រដែលមានស្រាប់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សម្រាប់លោករដ្ឋមន្ត្រី ការដែលក្រុមហ៊ុនជប៉ុនមួយនេះ បង្កើនរោងចក្ររកស៊ីនៅកម្ពុជាគឺព្រោះតែកម្ពុជាមានសុខសន្តិភាព មានគោលនយោបាយទាក់ទាញ តាំងតែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

លោក សង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ខែក្រោយ(ខែកញ្ញា) គឺមានការបើកការដ្ឋានសាងសង់រោងចក្រអេឡិកត្រូនិករបស់ជប៉ុន Minebea ដែលបច្ចុប្បន្ននេះ កំពុងតែមានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចហើយ។ ប៉ុន្តែដោយសារមានការរីកចម្រើនរបស់រោងចក្រក្រុមហ៊ុន ដោយសារឃើញសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់ និងគោលនយោបាយទាក់ទាញរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តពីសម្ដេចតេជោ ហ៊ុន សែន រោងចក្រនេះបានសម្រេចពង្រីកវគ្គទី២ ហើយជ្រើសរើសយកខេត្តពោធិ៍សាត់ ថ្វីត្បិតតែឆ្ងាយបន្តិច(ឆ្ងាយពីរាជធានី) ប៉ុន្តែទីតាំងនេះ ជាទីតាំងប្រកបដោយការទាក់ទាញមួយ»។
តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។

គួរឱ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៦ ដោយក្នុងនោះរាជធានីភ្នំពេញ និងខេត្តកណ្ដាលមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន៥កន្លែង ខេត្តក្រចេះ១ ខេត្តព្រះសីហនុ៥ ខេត្តកំពត១ ខេត្តកោះកុង១ ខេត្តក្រចេះ១ ខេត្តស្វាយរៀងមាន៩ និងខេត្តបន្ទាយមានជ័យចំនួន៣កន្លែង៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ