ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យរៀបចំផែនការសកម្មភាពឱ្យបានច្បាស់ក្នុងការអប់រំ បង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអនុវត្តសកម្មភាពអប់រំ បង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ។

លោក ស សុខា បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកសូមស្នើឱ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្តសកម្មភាព ការអប់រំ បង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
ការលើកឡើងរបស់លោក ស សុខា បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តរសាសនាក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិជ្រោយចង្វារ។ លោក ស សុខា លើកឡើងថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ដើម្បីជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការកត់សម្គាល់របស់លោក ស សុខា ភាពសុខុដុមរមនានៃសាសនាក្នុងប្រទេសកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា គឺសុទ្ធតែបានបង្ហាញអំពីមោទកភាពជាតិខ្មែរ។ ក្នុងនោះ លោក បញ្ជាក់ថា ការអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ដែលអាចជួយឱ្យប្រជាជនបានយល់ដឹងអំពីគុណ និងទោស បុណ្យ និងបាប កុសលនិងអកុសល មានហេតុ មានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតី គឺការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពអោយតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោកបញ្ឆោតតាមគ្រប់រូបភាព។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានរម្លឹកបន្ថែមថា ក្រោយការរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលនៅសេសសល់ ពីសេចក្តីស្លាប់ ទទួលបានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការគោរពជំនឿសាសនាឡើងវិញរហូតមកដល់ពេលច្ចុប្បន្ននេះ។ ជាក់ស្ដែង ចំនួនវត្តអារាមនៅទូទាំងប្រទេសកម្ពុជា មានរហូតដល់ទៅជាង៥ ០០០វត្ត ព្រមទាំង ព្រះវិហារគ្រឹស្តសាសនា និងឥស្លាមសាសនាគ្របដណ្តប់ស្ទើរគ្រប់ឃុំ សង្កាត់ រហូតដល់ភូមិ និងមានបុព្វជិតរាប់ម៉ឺនអង្គ ដែលអាចផ្តល់នូវឱវាទដល់ប្រជាជនតាមការទេសនាដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយកម្មវិធីឌីជីថល ដើម្បីជួយចម្រើនវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ចសង្គម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ