ព័ត៌មានជាតិ
ច្បាប់ថ្មី៖ អ្នកចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៦ខែ ដល់១០ឆ្នាំ ពិន័យពី ២លាន ដល់ ២០លានរៀល
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តផ្តល់ការគាំទ្រចំនួន ៨៣សំឡេងរួចហើយ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីថ្លែងហេតុនៃច្បាប់នេះ បានបង្ហាញថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចាត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
មាត្រា៨ នៃច្បាប់នេះបានចែងថា ការគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

មាត្រា៩ នៃច្បាប់នេះ ក៏ចែងដែរថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃតាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ កាលបើអំពើខាងលើនេះត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។
មាត្រា១០នៃច្បាប់ បានចែងបន្តថា អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលអំពើខាងលើនេះបណ្តាលអោយមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

មាត្រា១១ បានចែងដែរថា ចំពោះអំពើរារាំងដល់ការអនុវត្តវិធានការ ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំបង្កើតច្បាប់នេះឡើង ក្នុងគោលបំណងមិនត្រឹមតែជាការចាំបាច់ក្នុងការបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីបម្រើដល់ការប្រយុទ្ធ ទប់ស្កាត់ និងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកម្ពុជា និងពិភពលោកកំពុងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះគឺជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវការឆ្លងរាលដាលនៃជំងឺផ្សេងៗទៀត ដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាវ ឆាប់រហ័ស និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈដែលកើតមានជាយថាហេតុនាពេលអនាគត៕
អត្ថបទ៖ ប៉ាល់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី