Connect with us

ព័ត៌មានជាតិ

កសិករនៅស្រុកភ្នំព្រឹក​បារម្ភពីទីផ្សារមៀនប៉ៃលិន ខណៈ​ទិន្នផលហុចផលច្រើនជាងឆ្នាំមុន

បានផុស

នៅ

ទិន្នផល​ផ្លែ​មៀន​ប៉ៃលិន​នៅ​ឆ្នាំ​នេះ​មាន​កំណើន​ជាង​ឆ្នាំមុន ខណៈ​ដែល​កសិករ​កំពុង​ត្រៀម​ប្រមូល​ទិន្នផល​មុន​ចូល​ឆ្នាំ​ចិន ​ឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កសិករ​ដាំ​មៀន​នៅ​ស្រុក​ភ្នំព្រឹក​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ​ដំណាក់​កាលទី២ ដែល​ត្រៀម​​នឹង​ប្រមូល​ផល​មុន​ចូល​ឆ្នាំ​ចិន​នេះ​ នៅ​​តាម​ចម្ការ​​នីមួយៗ ដើម​មៀន​កំពុង​ចេញ​ផ្កា​យ៉ាង​ស្រុះគ្នាគ្រប់​ដើម ដែល​ក្រុម​កសិករ​រំពឹង​ថា ទិន្នផល​មៀន​ឆ្នាំនេះ​​នឹង​កើន​ជាង​ឆ្នាំមុន។

ស្រប​ពេល​ទិន្នផល​រំពឹង​ថា​នឹង​ហុច​ផល​ល្អ ក្រុម​កសិករ​ក៏​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ទីផ្សារ​ផង​ដែរ​ ខណៈ​ថ្មីៗ​នេះ​ ភាគី​តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រ យាន និង​តំណាង​សហគមន៍​ផ្លែ​មៀន​ប៉ៃលិន បាន​ចុះ​កិច្ចសន្យា​ទិញ​ផ្លែមៀន​ប៉ៃលិន​ជាថ្មី ដើម្បី​កំណត់​តម្លៃ​ដែល​ស្ថិត​​ក្រោម​តម្លៃកាលពី​ឆ្នាំមុន​បន្តិច ក្នុង​ការ​ទទួល​ទិញ​ទាំងពីរ​ដំណាក់កាល​ផ្សេងគ្នា។

ក្នុង​ចំណោម​កសិករ​ដាំ​​មៀន​ប៉ៃ​​លិន ក្នុង​ស្រុក​ភ្នំព្រឹក លោក រិន ដា បានឲ្យដឹងថា ដំណាំ​មៀន​របស់​លោកបាន​ដាំ​លើ​ដី​ទំហំ ១០ហិកតា ស្ថិត​ក្នុង​ដំណាក់​កាល​ទី២ ហើយ​ការដាំដុះនិង​ថែទាំ​ស្រប​ទៅ​តាម​ស្តង់ដារបច្ចេកទេស ដើម្បី​តម្រូវ​តាម​ទីផ្សារ​ ដែល​គ្រប់​រដូវ​កាល​ខាង​​សហគមន៍​មៀន​ប៉ៃលិនបាន​ទទួលស្គាល់ និង​ទទួល​ទិញ​យក។

លោក​បន្ត​ថា «​ខ្ញុំ​និង​កសិករ​ផ្សេងទៀត ដែល​ត្រៀម​នឹង​ប្រមូល​ផលមុន​​ចូលឆ្នាំ​ចិន ក្នុង​ឆ្នាំ២០២៥ ខាង​មុខ កំពុង​ព្រួយ​បារម្ភ​រឿង​តម្លៃ ព្រោះ​ថ្មីៗនេះ​ខាង​សហគមន៍​មៀន​ប៉ៃលិន បាន​ឆ្លើយតប​ថា ខាង​សហគមន៍​បាន​បញ្ជា​ទិញគ្រប់ហើយ។

លោកបានលើកឡើង​ទាំងការ​បារម្ភ​ខ្លាច​គ្មានទីផ្សារ នៅពេលដល់ពេល​ប្រមូល​នៅពេល​ខាងមុខ​​ ខណៈ​ទទួល​បាន​ព័ត៌មានពី​​សហគមន៍​ថាបាន​បញ្ជា​ទិញគ្រប់ហើយ។

លោកលើកឡើង​ថា «តើ​ឲ្យខ្ញុំ​ទៅរកទីផ្សារឯណា បើសព្វ​ថ្ងៃ​សង្ឃឹម​លើតែ​ទីផ្សារ​​សហគមន៍​តែមួយប៉ុណ្ណោះ»។

បើទោះបីបែប​នេះក្តីលោករងចាំ​មើលភាពជាក់ស្តែង​​ដល់រដូវប្រមូលផល​សិន ទោះ​បី​ជា​ការ​ធ្វើ​កិច្ចសន្យា​កំណត់​តម្លៃ​ចុង​ក្រោយ​នេះ ​ទាប​ជាង​ឆ្នាំមុន​បន្តិច ​ក៏​លោក​អាច​ទទួល​យក​បាន​ដែរ​ឲ្យ​តែ​បាន​សល់​ខ្លះៗ ក្រោយ​ពី​ទូទាត់​លើ​កម្លាំង​ពលករ បេះ​ផ្លែ​មៀន​​រួចរាល់ ខណៈ​ឆ្នាំមុន​បើលក់ក្នុងខែនេះ ដែល​ជា​ដំណាក់កាលទី១ បានតម្លៃ ៣៦០០រៀក្នុង ១គីឡូក្រាម និង ដំណាក់​កាលទី២ បានតម្លៃ ៤១០០រៀល ក្នុង ១គីឡូក្រាម។

ពាក់ព័ន្ធ​បញ្ហាខាង​លើ «កម្ពុជាថ្មី» មិនអាច​សុំការឆ្លើយ​តប​ពីខាង​សហគមន៍មៀនប៉ៃលិន​បានថា​យ៉ាងណានោះទេ។

កសិករ​ដាំមៀន​នៅខេត្តប៉ៃលិន​ម្នាក់ទៀត​ ដែល​បាន​ដឹង​ជុំវិញ​ការកំណត់តម្លៃរបស់ភាគីក្រុមហ៊ុន និង​តំណាង​សហគមន៍ បាន​ប្រាប់​ដែរ​​ថា ការ​ធ្វើ​កិច្ចសន្យា​បញ្ជា​ទិញ​ផ្លែមៀន​​នៅឆ្នាំនេះ គេធ្វើឡើង២ ដំណាក់កាលផ្សេងគ្នា ហើយតម្លៃក៏ប្រែប្រួលដែរ។

ប្រភពដដែលបន្តថា «តាមខ្ញុំដឹង ដំណាក់កាលទី១ ចាប់ពីខែ​សីហា ដល់ ខែ​វិច្ឆិកា ក្រុម​ហ៊ុនទិញ​ក្នុងតម្លៃ ៣០០០ រៀល ក្នុង​មួយគីឡូក្រាម។ ចាប់ពីខែធ្នូ រហូតដល់ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ គេ​កំណត់​ជា​ដំណាក់កាលទី២ គឺ​ក្រុមហ៊ុន​ទិញ​ក្នុង​តម្លៃ ៣៥០០ រៀល ក្នុង​មួយគីឡូក្រាម ហើយមៀន​ខ្ញុំក៏ឋិត​ក្នុង​រយៈ​ពេល​ដំណាក់កាលទី២ ដែរ ខ្ញុំអាច​ទទួល​យកបាន បើទោះ​តម្លៃទាប​ជាង​បន្តិចពីឆ្នាំមុនក៏ដោយ»។

មន្ត្រី​កសិកម្ម​ខេត្ត​បាត់ដំបង លោក ហេង សិទ្ធ បាន​លើក​ឡើង​ថា បញ្ហា​ខាង​ក្រុមហ៊ុន និង​តំណាង​សហគមន៍​ធ្វើ​កិច្ច​កុងត្រា​លើ​តម្លៃ​​ថ្មី​ក្នុង​ឆ្នាំនេះ គឺ​គេ​ពឹង​ផ្អែក​លើ​បរិមាណ និង​គុណភាព​ផ្លែ​មៀន គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​ខាង​មន្ទីរ​មិន​មាន​ការ​ជ្រៀតជ្រែក​ណាមួយ ក្រៅ​ពី​ការ​ជួយ​សម្របសម្រួល​រវាង​តំណាង​អ្នកទិញ និង​កសិករ​ប៉ុណ្ណោះ ហើយ​តម្លៃ​ដែល​តំណាង​អ្នក​​ទិញ​បាន​កំណត់​ក្នុងឆ្នាំនេះក៏​សមរម្យ​ដែរ ព្រោះ​ក្រុមហ៊ុន​គេពិនិត្យមើល​ជាក់ស្តែង​លើ​បរិមាណ និង​គុណភាព​ទិន្នផល​ផ្លែមៀន​ បាន​សមស្រប​ដែល​កសិករ​ទទួល​យក​បាន ​ខាងមន្ទីរ​បានត្រឹម​សម្របសម្រួល​ថា តើក្រុមហ៊ុន​តម្រូវ​ទិញ​​យកផ្លែមៀនក្នុង​ទំហំ​ណា? និង​មាន​កុងត្រា ​ហើយ​តើទិញ​យក​តាម​ការកំណត់​ដែរ ឬទេ?

លោក​បញ្ជាក់​ថា «នេះ​សម្រាប់តែ​កសិករ​ដាំ និង​ថែ​បាន​តាម​បច្ចេកទេស​ស្តង់ដារ​ តាម​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ តែបើ​កសិករ​ណាដាំ​ដោយ​ខ្វះ​បច្ចេកទេស គឺ​ក្រុមហ៊ុន និង​សហគមន៍​មិន​ទទួល​ទិញ​នោះទេ គឺ​រកទីផ្សារ​ដោយ​ខ្លួន​ឯង»។

លោកបន្តថា ដំណាំមៀនប៉ៃលិនឆ្នាំនេះ អាច​កើនជាងឆ្នាំ​មុន​បន្តិចបន្តួច​ប៉ុណ្ណោះ ជាពិសេស​ទិន្នផល​ដែល​ត្រៀម​ប្រមូលក្នុងដំណាក់កាលទី២ នឹង​មានច្រើន​ជាង​ការប្រមូល​ទិន្នផល​ក្នុងខែនេះ​ ដែល​ជាដំណាក់កាលទីមួយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម