ព័ត៌មានជាតិ
ខួប១ឆ្នាំនៃរដ្ឋាភិបាលថ្មី ការបង្ខិតការិយាល័យប.ស.ស. និងសេវារកការងារធ្វើឱ្យកាន់តែកៀក និងងាយស្រួលជូនពលរដ្ឋ គឺជារឿងសាទរនិងពេញចិត្តពីសង្គម
ប្រជាពលរដ្ឋបានបង្ហាញការសប្បាយចិត្តខ្លាំង ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបង្ខិតសាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ធ្វើឱ្យពួកគាត់ចំណេញពេល មិនពិបាកស្វែងរកទីតាំងដោយគ្រាន់តែមកលេងផ្សារទំនើបអ៊ីអន ក៏អាចធ្វើបណ្ណ ប.ស.ស. និងស្វែងរការងារបាន ផងដែរ។
ការបង្ហាញភាពរីករាយនេះធ្វើឡើង ស្របពេលសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខកាលពីសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតជាច្រើន របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដំណើរការរយៈពេល១ឆ្នាំមកនេះ។
លោក មន្ត ទិត្យសត្យា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបាននិយាយថា៖«សេវាហ្នឹងបានមកដល់ទីតាំងអ៊ីអនរឹតតែល្អប្រសើរទៀត ធ្វើឱ្យពលរដ្ឋយើងមួយចំនួនធំ អ្នកណាក៏ស្គាល់អ៊ីអន អ៊ីចឹងពេលដែលគាត់ត្រូវការបណ្ណហ្នឹងគាត់អាចមកទទួលការធ្វើបណ្ណដោយមានភាពងាយស្រួល មិនបាច់ទៅដល់ការិយាល័យនាំតែពិបាករក»។
លោកថា ការបើកសាខាថ្មីបន្ថែមនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាទីតាំងមានផាសុខភាព អំណោយផលសម្រាប់ប្រជាពលរដ្ឋអាចដើរលេងផង ធ្វើបណ្ណ ប.ស.ស. និងអាចស្វែងរកការងារធ្វើបានទៀតផង។
លោក ហួរ ឆៃងន់ ប្រជាពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញបាននិយាយថា ការបើកឱ្យមានសាខា ប.ស.ស. នៅផ្សារទំនើបអ៊ីអនម៉លសែនសុខនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ ដោយបង្កភាពងាយស្រួល ឱ្យប្រជាពលរដ្ឋអាចទៅធ្វើបណ្ណ ប.ស.ស. បានកាន់តែលឿនរហ័ស។
លោកថ្លែងថា៖«សម្រាប់ការបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកប្រជាពលរដ្ឋ ខ្ញុំគិតថាជារឿងមួយល្អ ខ្លាំងមែនទែន ពីព្រោះជាក់ស្តែងមនុស្សច្រើនណាស់ចង់ធ្វើ ប.ស.ស. ដូចខ្ញុំអីចង់ធ្វើដែរតែមិនដឹងធ្វើនៅណា។ ហើយពេលខ្លះ ទៅខណ្ឌដង្កោក៏មនុស្សច្រើនមែនទែន ខ្ញុំទៅសាមុនម្តងហ្នឹងគឺធ្វើអត់ទាន់គេទេ ទាល់តែចាប់លេខ ហើយចាប់ម្តងហ្នឹងគឺគេធ្វើពីព្រឹកដល់ល្ងាចហ្មង អ៊ីចឹងយើងទៅគឺខកជើង តែដល់ពេលមានការពង្រីកសាខា ប.ស.ស. កាន់តែច្រើនហ្នឹងវាជាឱកាសធ្វើឱ្យប្រជាពលរដ្ឋកាន់តែអាចមានលទ្ធភាពចុះឈ្មោះជាមួយ ប.ស.ស. ហ្នឹងបានលឿនរហ័ស»។
អ្នកស្រី រាជ សាវ៉ើន ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺបាននិយាយថា អ្នកស្រីសប្បាយចិត្តដែលរាជរដ្ឋាភិបាលបានបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដែលធ្វើឱ្យមានភាពងាយស្រួលទាំងចុះឈ្មោះធ្វើបណ្ណ ប.ស.ស. និងការដាក់ឯកសារស្នើសំណង ប.ស.ស. បានផងដែរ។
អ្នកស្រីថ្លែងថា៖«និយាយទៅសប្បាយចិត្តមែន ការដែលបងបានដឹងដោយសារ កាលពីក្មួយគាត់គ្រោះថ្នាក់ការងារ បងត្រូវរត់ឯកសារហ្នឹងនៅឯអង្គស្នួល ត្រូវប្រើរយៈពេលយូរហើយឆ្ងាយ ហើយការទទួលការព្យាបាលពីមន្ទីរពេទ្យគឺ ញឹកញាប់ អ៊ីចឹងយើងត្រូវតែរត់ទៅរកឯកសារពី ប.ស.ស. ហើយយកមកប្រគល់ឱ្យពេទ្យ ពេទ្យស៊ីញេហើយយកទៅឱ្យ ប.ស.ស. វិញដើម្បីបានទទួលអត្ថប្រយោជន៍ ពី ប.ស.ស. ក្នុងការទទួលការព្យាបាល តែដល់ឥឡូវមកនៅក្បែរផ្ទះ ហើយទីធ្លាធំទូលាយ បុគ្គលិកច្រើន សេវាលឿន បើសម្រាប់បងមានពិការភាពចេះ គេសម្រួលលឿន»។
ចំណែក លោក ទ្រី មុន្នីវឌ្ឍនា ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញ បានអបអរសាទរចំពោះការបើកសម្ពោធសាខា ប.ស.ស នៅផ្សារទំនើបអ៊ីអន ខណ្ឌសែនសុខ ដែលជាទីតាំងពលរដ្ឋ និងអាជីវករមកពីតំបន់ផ្សេងៗ មិនត្រឹមតែអាចមកទិញទំនិញ ឬមកដើរកម្សាន្តនោះទេ ប៉ុន្ដែថែមទាំងអាចឆ្លៀតពេលមកធ្វើបណ្ណ ប.ស.ស បានទៀតផង។
លោកបញ្ជាក់ថា៖ «អូ បង បើចំពោះខ្ញុំរឿងហ្នឹងវាល្អមួយ ព្រោះថាអ្នកខ្លះនៅខាងផ្នែកខាងខណ្ឌផ្សេងៗ ទៅយើងទៅធ្វើដល់ខណ្ឌផ្សេងវាឆ្ងាយ តែឥឡូវបើថាមានៅអ៊ីអននេះ វាអាចបន្ធូបន្ថយការចំណាយ ងាយស្រួលក្នុងការធ្វើផង។ ទី១យើងអាចមកដើរកម្សាន្តនៅអ៊ីអនហ្នឹងផង ហើយយើងអាចឆ្លៀតមកធ្វើបណ្ណ ប.ស.ស. នៅអ៊ីអនហ្នឹងផង»។
គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកប្រើប្រាស់សេវា ប.ស.ស សរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?