ព័ត៌មានជាតិ
ក្រសួងអប់រំ តាមដានប្រព័ន្ធព័ត៌មានសាលារៀន និងស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេស
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តី ការពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានសាលារៀន និងស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេស ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

មន្ត្រីជំនាញបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព នៃប្រព័ន្ធព័ត៌មានសាលារៀន ដែលក្នុងនោះជាគោលរួមមាន៖ ទី១. អត្តសញ្ញាណសាលារៀន ទី២. ស្ថិតិសាលារៀន/ថ្នាក់រៀន ទី៣. ចំនួនគ្រូតាមឯកទេស និងបុគ្គលិករដ្ឋបាល ទី៤. គុណវុឌ្ឍិរបស់បុគ្គលិកអប់រំ ក្របខ័ណ្ឌ និងឋានន្តរស័ក្តិ ទី៥. តម្រូវការគ្រូបង្រៀន និងលើសខ្វះ៖ បង្ហាញគ្រូបង្រៀនតាមមុខវិជ្ជា និងតាមប្រភេទក្របខ័ណ្ឌ ទី៦. ទិន្នន័យផ្សេងៗ ទី៧. បន្ទុកចំណាយបុគ្គលិកប្រចាំខែ ទី៨. ចំនួនសិស្ស និងអត្រារំហូរសិស្ស (ចំនួនសិស្សនៅតាមឆ្នាំសិក្សានីមួយៗ និងសិស្សត្រូវឡើងថ្នាក់ អត្រាបោះបង់ការសិក្សា) និង ទី៩. លទ្ធផលនៃការប្រឡង (ក្នុងរយៈពេល ៣ឆ្នាំ)។

ដើម្បីបន្តកែលម្អប្រព័ន្ធព័ត៌មាននេះឱ្យកាន់តែពេញលេញ និងល្អប្រសើរឡើង បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារ ដាក់បញ្ចូលព័ត៌មាន ចំនួនអគារសាលា (១ ជាន់ ឬ ២ជាន់…) ចំនួនបន្ទប់ និងថ្នាក់រៀន ប្រវត្តិរបស់សាលា បង្ហាញព័ត៌មាន នៃការប្រើប្រាស់ថវិការបស់សាលាសំខាន់ៗ រំលេចពីលទ្ធផលសិក្សាសិស្ស (អត្រាឡើងថ្នាក់ បោះបង់ និងត្រួតថ្នាក់) ដោយគួរបង្ហាញពីរូបមន្តដើម្បីឱ្យងាយស្រួលយល់ ផ្ទៀងផ្ទាត់តួរលេខ និងទិន្នន័យ នៅក្នុងក្រាហ្វីក, បញ្ជាក់ពីអត្តសញ្ញាណហេដ្ឋារចនាសម្ព័ន្ធ (ដូចជា បន្ទប់ឌីជីថល បណ្ណាល័យស្តង់ដា បន្ទប់ពិសោធន៍ បន្ទប់សុខភាព បន្ទប់ប្រឹក្សាអាជីព…) បន្ថែមទិន្នន័យដែលឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូទាំង៥, សម្រាប់បឋមសូមបញ្ជាក់ពីការអនុវត្ត កញ្ចប់អំណានដំបូង និងគណិតដំបូង សម្រាប់ថ្នាក់ទី៦ សូមដាក់លទ្ធផលតេស្តស្តង់ដាប្រចាំត្រីមាស និងប្រចាំឆ្នាំ និងការជួយគាំទ្រ ឬការបង្រៀនបន្ថែមម៉ោង។

ដោយឡែក ពាក់ព័ន្ធនឹងរបៀបវារៈទី២ នៃកិច្ចប្រជុំ ស្តីពីការពិនិត្យស្ថានភាពលើស-ខ្វះគ្រូបង្រៀនទូទាំងប្រទេស មន្ត្រីជំនាញបានរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍ ១. ស្ថានភាពគ្រូក្របខណ្ឌឆ្នាំ២០២៤ ២. ស្ថានភាពលើសខ្វះគ្រូ ៣. គុណវុឌ្ឍិគ្រូបង្រៀនជាប់កិច្ចសន្យា ៤. បញ្ហាប្រឈមរបស់នាយកដ្ឋានធនធានមនុស្ស។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកក្រសួង បានផ្តល់អនុសាសន៍គន្លឹះ មួយចំនួន ដូចជា៖ ១. ក្រុមការងារជំនាញត្រូវធ្វើការសិក្សាផ្ទៀតផ្ទាត់ទិន្នន័យ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព គឺត្រូវរៀបចំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់តាមសាលារៀនដោយផ្ទាល់ (Spot check) ប្រមូលទិន្នន័យឱ្យច្បាស់លាស់ ដោយគួរសហការជាមួយខាងមន្ទីរអប់រំ និងក្រុមការងារតាមគម្រោងអប់រំដែលពាក់ព័ន្ធ ២. គោលដៅសំខាន់មួយទៀត គឺត្រូវរកឱ្យឃើញនូវចំនួនពិតប្រាកដរបស់គ្រូតាមសាលា ដែលបង្រៀនពេញម៉ោង និងមិនបង្រៀន ក៏ដូចជាឫសគល់នៃបញ្ហានានាតាមសាលាជាក់ស្តែង ៣. សូមយកទិន្នន័យដែលទទួលបានមកសិក្សាវិភាគឱ្យស៊ីជម្រៅ ដើម្បីរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមឱ្យមានប្រសិទ្ធភាពខ្ពស់ ៤. ត្រូវបន្តពង្រឹងប្រព័ន្ធរបាយការណ៍ និងការផ្តល់ទិន្នន័យឱ្យកាន់តែច្បាស់លាស់ និងមានសុក្រឹតភាព។ ដើម្បីពន្លឿនការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យចាប់ផ្តើមការចុះពិនិត្យផ្ទៀតផ្ទាត់ទិន្នន័យជាបឋមនៅតាមសាលារៀននៅទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះត្រូវមានការប្រជុំផ្ទៃក្នុងដើម្បីពិនិត្យឡើងវិញនូវគោលការណ៍និយាមគ្រូបង្រៀនផងដែរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ