ព័ត៌មានជាតិ
ល្ងាចថ្ងៃទី២២ សីហានេះ សម្ដេចធិបតី នឹងថ្លែងការណ៍ពិសេសទាក់ទិននឹងសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល
រាប់មកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺមានរយៈពេល១ឆ្នាំហើយ នៃអាណត្តិរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ហើយនៅល្ងាចថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល។

នៅក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រភ្លូកទឹកភ្លូកដីជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំនាវាកម្ពុជា ហើយបានផ្ដល់នូវសេចក្ដីទុកចិត្តជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ បន្តពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជាមួយនឹងការប្រកាសអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់ខ្លួន។

ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិ និងប្រជាជន ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ ប្រកបដោយសុខសន្តិភាព និងវិបុលភាព ជាសង្គមប្រកបដោយភាពសុខដុមរមនា ក៏ដូចជាការអភិវឌ្ឍដ៏រស់រវើក មានជីវភាពកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០ រាជរដ្ឋាភិបាល ក៏បានប្រកាសកម្មវិធីនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ១) ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ២) កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១លាន៥សែននាក់ ៣) កម្មវិធីជាតិជំនួយសង្គម ៤) កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥) កម្មវិធីកសិកម្មទំនើប សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល និង៦)ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត និងលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកបង្ហាញឱ្យឃើញនូវសមិទ្ធផលលេចធ្លោចំនួន៦ ក្នុងរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

តាមការគូសបញ្ជាក់របស់លោក ប៉ែន បូណា សមិទ្ធផលដែលធំជាងគក្នុងអាណត្តិ រាជរដ្ឋាភិបាលបន្តវេន គឺការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងសុខសន្តិភាព និងស្ថិរភាពនយោបាយ និងជាការផ្ទេរអំណាចពីអ្នកជំនាន់មុនទៅឱ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង ដែលកម្រកើតមានណាស់នៅលើពិភពលោកនេះ។ សមិទ្ធផលបន្ទាប់ គឺកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការបើកការដ្ឋានជាប្រវត្តិសាស្ត្រគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាជោគជ័យនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះទាំង៥។
ដូច្នេះ សូមរង់ចាំតាមដានការផ្សាយផ្ទាល់អំពីការថ្លែងការណ៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចនេះវេលាម៉ោង៧តទៅ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ