ព័ត៌មានជាតិ
ទូតចិន ចេញមុខថ្កោលទោសការផ្សាយព័ត៌មានជាភាសាចិនប្រឌិតថា កងទ័ពកម្ពុជាធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលខ្លួនឯង
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចេញមុខថ្កោលទោសការផ្សាយព័ត៌មានជាភាសាចិន ដែលបានប្រឌិតថា កងទ័ពកម្ពុជាបានធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលខ្លួនឯង។ ការដែលលោកឯកអគ្គរដ្ឋទូតចិនចេញមកពេលនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលការផ្សាយព័ត៌មានមិនពិតមួយនេះ។

លោក វ៉ាង វិនពីន តាមរយៈសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ថា៖ «យើងថ្កោលទោសចំពោះការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
ជាការកត់សម្គាល់ នៅពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយជាភាសាចិន បានផ្សាយព័ត៌មានក្លែងក្លាយមិនពិត ថា សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន។
ជុំវិញការផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាងមកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំភ្លៃការពិត ញុះញង់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ មិនអាចអត់ឱនឱ្យបានទេ ហើយបានព្រមានចាត់វិធានការគ្រប់បែបយ៉ាង ដោយគ្មានការលើកលែងជាដាច់ខាតចំពោះក្រុមអគតិជ្រុលនិយមទាំងនោះ។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ពីភាពស្មោះត្រង់ដាច់ខាតរបស់កងទ័ពចំពោះរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តប្ដេជ្ញាគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្ដេជ្ញាកម្ទេចចោលរាល់មជ្ឈដ្ឋានជ្រុលនិយមដែលមានបំណងចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃយ៉ាងក៏ដោយ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ