ព័ត៌មានជាតិ
បុគ្គលស្វ័យនិយោជន៍ អាជីវករតាមផ្លូវ ថ្លែងអំណរគុណរដ្ឋាភិបាលអាណត្តិថ្មី គិតគូរសុខភាពប្រជាពលរដ្ឋ
ប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា នេះជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណ ប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ដោយពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលបានផ្ដល់ការគាំពារសុខភាពជូនប្រជាពលរដ្ឋទូទៅ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍តាមរបបភាគទានដោយស្ម័គ្រចិត្ត គេសង្កេតឃើញថា បុគ្គលស្វ័យនិយោជន៍មានការសប្បាយរីករាយយ៉ាងខ្លាំង និងនាំគ្នាសម្រុកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានឱកាសទទួលបានការគាំពារសុខភាព និងប្រាក់បំណាច់មាតុភាពដូចជាមន្រ្តីរាជការដែរ។

អាជីវករលក់ដូរតាមផ្លូវ វ័យ ៥៦ ឆ្នាំ ឈ្មោះ ផាន ភី កំពុងអង្គុយរង់ចាំការចាប់លេខរៀងចូលស្នើសុំប័ណ្ណ ប.ស.ស. នៅរាជធានីភ្នំពេញបាននិយាយថា លោក និងភរិយាបានធ្វើដំណើរពីក្រុងអរីយក្សត្រ មកស្នើសុំប័ណ្ណ ប.ស.ស. នៅភ្នំពេញ។ លោកបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់ ប.ស.ស. ទាក់ទងការថែទាំសុខភាព និងព្យាបាលជំងឺ។ លោក បន្តថា កន្លងមក លោកមិនបានដឹងថាប្រជាពលរដ្ឋដែលកំពុងប្រកបរបរតាមផ្លូវអាចស្នើសុំប័ណ្ណ ប.ស.ស. បានទេ ព្រោះមានតែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះវាជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ក៏ដូចជារូបលោកដែរ។
លោក ផាន ភី បានទទួលព័ត៌មានពីបណ្ដាញសង្គម និងអ្នកជិតខាងនិយាយប្រាប់ ទើបលោកប្រញាប់នាំភរិយាមកស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងពីរនាក់។ លោកទាំងពីរនាក់ប្ដីប្រពន្ធមានវ័យកាន់ចំណាស់ ហើយក៏មានជំងឺប្រចាំកាយច្រើនផងដែរ។
លោក ផាន ភី បញ្ជាក់ថា៖ “ខ្ញុំក៏ចង់នាំម្ដាយខ្ញុំមកធ្វើប័ណ្ណ ប.ស.ស. ដែរ ព្រោះគាត់ឧស្សាហ៍ទៅពិនិត្យជំងឺ ហើយត្រូវចំណាយលុយជាច្រើនទាំងទិញថ្នាំពេទ្យ សេវាពិនិត្យ និងសេវាព្យាបាល ហើយបើម្ដាយខ្ញុំមានប័ណ្ណ ប.ស.ស. ដែរ គឺនឹងកាត់បន្ថយការចំណាយយ៉ាងច្រើន។ ឥឡូវនេះ គាត់នៅផ្ទះ តែខ្ញុំ និងប្រពន្ធខ្ញុំមកធ្វើសិន រួចហើយចាំនាំគាត់មកពេលក្រោយទៀត”។

ដូចជាអាជីវករជាច្រើនទៀតក្នុងរាជធានីភ្នំពេញដែរ អ្នកស្រី លៀង លីនដា អាជីវករនៅសង្កាត់ស្ទឹងមានជ័យ បានបង្ហាញអារម្មណ៍ពិតថា អ្នកស្រីពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋអាជីវករធម្មតាមានមុខរបរតិចតួចនៅផ្ទះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បានដែរ។ អ្នកស្រីបន្តថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ណាស់សម្រាប់អ្នកស្រី ព្រោះវាអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលអ្នកស្រីឈឺទៅពេទ្យ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត។ អ្នកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ។
អ្នកស្រី លីនដា លើកឡើងថា៖ “ពេលយើងទៅពិនិត្យសុខភាព ឬក៏ទៅព្យាបាល គឺយើងមិនចាំបាច់ចំណាយលុយផ្ទាល់ខ្លួនទេ ព្រោះយើងជាសមាជិក ប.ស.ស។ កន្លងមក ខ្ញុំគិតថា ខ្ញុំគ្មានឱកាសទទួលបានប័ណ្ណ ប.ស.ស. នោះទេ ដោយសារយើងមិនមែនជាបុគ្គលិកក្រុមហ៊ុន តែពេលនេះខ្ញុំមិនមានការព្រួយបារម្ភទៀតទេ ព្រោះ ប.ស.ស. អាចជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន”។

អាជីករ កែវ សុវណ្ណរិទ្ធ ជាអ្នកលក់ដូរនៅតាមផ្លូវ បាននិយាយទាំងទឹកមុខសប្បាយរីកយាយថា លោកបានប្រកបមុខរបបរលក់បាយនៅតាមផ្លូវអស់រយៈពេល ៦ ឆ្នាំហើយ ទើបតែទទួលបានប័ណ្ណ ប.ស.ស. ទេ ដោយសារកន្លងមក លោកមិនធ្លាប់ដឹងថា អាជីវករដូចពួកលោក ក៏អាចទទួលបានប័ណ្ណ ប.ស.ស. ដែរ។ លោកធ្លាប់តែលឺថា ប័ណ្ណ ប.ស.ស. អាចទទួលបានសម្រាប់តែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះលោកក៏អាចទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។
លោក សុវណ្ណរិទ្ធ បញ្ជាក់ថា៖ “អាជីវករគ្រប់គ្នា គួរតែទៅស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីបានក្លាយជាសមាជិក និងអាចប្រើប្រាស់សេវាកម្មតាមរយៈការពិនិត្យសុខភាព និងការព្យាបាលជំងឺ។ ខ្ញុំទើបតែបានស្នើសុំប័ណ្ណ ប.ស.ស. ដែរ ហើយក៏បានប្រើប្រាស់ពីរលើករួចមកហើយ វាពិតជាជួយសម្រួលបន្ទុកខ្ញុំបានច្រើនពិតមែន”។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៧ នាក់។ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំណាយត្រឹម ១៥ ៦០០ រៀលក្នុង ១ខែ តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក កត្តា អ៊ន បន្តថា ប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍សំខាន់ៗរួមមាន ទី១. ការទទួលបានសេវាពិនិត្យពិគ្រោះយោបល់ ព្យាបាល និងថែទាំ។ ទី២. ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេសដោយឥតគិតថ្លៃ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ