ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ពន្យល់៣ចំណុចអំពីទិដ្ឋភាពច្បាប់ និងនីតិវិធីតុលាការ ពាក់ព័ន្ធព្រឹត្តិការណ៏៩ វិច្ឆិកា
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់អំពីផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលផែនការទាំងនោះ រៀបចំឡើងក្នុងគោលដៅចំនួន២ គឺដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
បើតាមលោក ជិន ម៉ាលីន ៣ចំណុចសំខាន់ៗអំពីទិដ្ឋភាពច្បាប់ និងនីតិវិធីតុលាការពាក់ព័ន្ធសំណុំរឿង៩វិច្ឆិកានោះ គឺក. តើអ្វីដែលនៅពីក្រោយ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ? គ្រប់គ្នាប្រហែលនៅចាំបានថា ក្រោមផែនការ នៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅថា “ព្រឹត្តិការណ៍៩/១១” ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា៣សកម្មភាពធំៗ គឺ១- បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ២- បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច ៣- រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ។
លោក ជិន ម៉ាលីន អះអាងថា សកម្មភាពធំៗទាំង៣ ខាងលើនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន២ គឺ ទី១- ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២- ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ ដូច្នេះពាក្យថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឲ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។ អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀត ធ្វើជាមធ្យោបាយ ដើម្បីបង្ហោះសារញុះញង់ និងបម្រើឲ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ។
លោក ជិន ម៉ាលីន បញ្ជាក់ថា ជាទិដ្ឋភាពផ្លូវច្បាប់ តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក “ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ” ថាជាអំពើខុសច្បាប់ ? ប្រទេសមួយចំនួន បានថែមទាំងចាត់ទុកក្រុមទាំងនេះ ជាអង្គការភេរវនិយមទៀតផង។ ដូច្នេះ ១, វាជាការត្រឹមត្រូវបំផុត ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ក្នុងនោះ រួមមានវិធានការច្បាប់ វិធានការនយោបាយ និងវិធានការការទូត ដោយបានបំផ្លាញចោលទាំងស្រុងនូវផែនការបំផ្លាញកម្ពុជា ដែលដឹកនាំអនុវត្តដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហើយធានាថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសានរបស់ប្រជាជន។ ២, វាជាការត្រឹមត្រូវបំផុត ដែលប្រទេសនានាក្នុងពិភពលោក មិនគាំទ្រផែនការខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យផែនការបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ទទួលបរាជ័យយ៉ាងអាម៉ាស់។ ៣, វាជាការត្រឹមត្រូវបំផុត ដែលច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជន ក្នុងនាមរដ្ឋអធិបតេយ្យ ដែលប្រកាន់យកគោលការណ៍ដឹកនាំតាមនីតិរដ្ឋ។ យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមមាត្រា ៤៥១ ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវផ្តន្ទាទោសពី “បទល្មើសរួមគំនិតក្បត់” តាមមាត្រា ៤៥៣។
ខ. តុលាការបានអនុវត្តតាមនីតិវិធី ដែលមានចែងក្នុងច្បាប់របស់កម្ពុជា ដើម្បីដំណើរការសំណុំរឿងនេះ។ ជនជាប់ចោទមានសិទ្ធិការពារខ្លួន ហើយក៏មានសិទ្ធិពឹងពាក់មេធាវីការពារខ្លួនតាមផ្លូវច្បាប់បានផងដែរ។ ក្នុងបទល្មើសឧក្រិដ្ឋ មេធាវីការពារឲ្យជនជាប់ចោទ ត្រូវតែមានជាដាច់ខាត បើពុំនោះទេ តុលាការមិនអាចដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តីបានឡើយ។ ក្នុងករណីជនជាប់ចោទ ពុំមានមេធាវីការពារខ្លួន ឬពុំពឹងពាក់មេធាវីការពារខ្លួន តុលាការត្រូវស្នើសុំឲ្យគណៈមេធាវី ដែលជាស្ថាប័នគ្រប់គ្រងមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការចាត់តាំងមេធាវីដើម្បីការពារសិទ្ធិឲ្យជនជាប់ចោទ។ ការចាត់តាំងមេធាវីនេះ ក៏ត្រូវធ្វើផងដែរ ចំពោះជនជាប់ចោទ ដែលរត់គេចខ្លួន ហើយពុំបានពឹងពាក់មេធាវីការពារខ្លួននៅចំពោះមុខតុលាការ ប៉ុន្តែទោះជាយ៉ាងណា ចំពោះជនល្មើសដែលរត់គេចខ្លួន តុលាការត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីដំណើរនីតិវិធី និងធ្វើការសម្រេចសេចក្តីដោយកំបាំងមុខជនជាប់ចោទបាន។ ការសម្រេចសេចក្តីដោយកំបាំងមុខជនជាប់ចោទ ដែលរត់គេចខ្លួន ពុំមែនជារឿងថ្មីនៅកម្ពុជានោះទេ ហើយប្រទេសមួយចំនួន ក៏មានបទប្បញ្ញត្តិ និងការអនុវត្តដូច្នេះដែរ ប៉ុន្តែទោះបីជាយ៉ាងណា ចៅក្រមត្រូវថ្លឹងថ្លែងទៅលើគ្រប់ភស្តុតាងទាំងអស់ ទាំងភស្តុតាងដាក់បន្ទុក ទាំងភស្តុតាងដោះបន្ទុក។
គួរកត់សម្គាល់ផងដែរថា យោងតាមច្បាប់របស់កម្ពុជា ប្រព័ន្ធនីតិវិធីព្រហ្មទណ្ឌកម្ពុជា គឺជាប្រព័ន្ធមានចៅក្រមស៊ើបសួរ ដែលចៅក្រមស៊ើបសួរមានកាតព្វកិច្ចស្វែងរកភស្តុតាង ទាំងដាក់បន្ទុក ទាំងដោះបន្ទុក។ នៅក្នុងដំណើរការសំណុរឿង “បទល្មើសឧបឃាត” ខាងលើ ជនជាប់ចោទដែលរត់គេចខ្លួនខ្លះ បានពឹងពាក់មេធាវីការពារខ្លួន ហើយជនជាប់ចោទផ្សេងទៀត មានមេធាវីការពារខ្លួន តាមការចាត់តាំងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់របស់កម្ពុជា។ ពុំមានសេចក្តីរាយការណ៍ណាមួយ ដែលថា សិទ្ធិក្នុងការពឹងពាក់រកមេធាវីការពារខ្លួននៅក្នុងសំណុំរឿងនេះ ត្រូវបានបដិសេធន៍ ដោយតុលាការនោះទេ។
គ. យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា សាលក្រមកំបាំង បើកសិទ្ធិឲ្យមានការប្តឹងទាស់។ ចំពោះជនជាប់ចោទ ដែលរត់គេចខ្លួន ហើយមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការ នៅពេលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច, ជននេះ នឹងត្រូវនាំទៅបង្ហាញខ្លួនចំពោះមុខតុលាការ ហើយជននេះ មានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីប្តឹងទាស់នឹងសាលក្រមកំបាំងមុខតាមនីតិវិធីបាន។ បន្ទាប់ពីមានបណ្តឹងទាស់ស្របច្បាប់ តុលាការត្រូវលើកយកសំណុំរឿង ដែលមានសាលក្រមកំបាំងមុខនោះ មកបើកសវនាការ និងធ្វើការជំនុំជម្រះជាថ្មីឡើងវិញ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។ ចំពោះដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយតុលាការកម្ពុជា គឺមានអានុភាពអនុវត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងករណីដែលជនល្មើសរត់គេចខ្លួនទៅបរទេស ព្រះរាជអាជ្ញាអាចស្នើសុំធ្វើការផ្សព្វផ្សាយជាអន្តរជាតិនូវដីកាបង្គាប់ឲ្យចាប់ខ្លួន តាមរយៈក្រសួងយុត្តិធម៌ ដោយប្រើយន្តការនានា ដែលមានប្រសិទ្ធភាព រួមមាន យន្តការប៉ូលីសអាំងទែរប៉ូល, យន្តការបត្យាប័ន ជាមួយប្រទេស ដែលមានសន្ធិសញ្ញាបត្យាប័នជាមួយកម្ពុជាជាដើម ប៉ុន្តែជាគោលការណ៍ច្បាប់ ចំពោះជនល្មើសដែលមានសញ្ជាតិបរទេស រដ្ឋបរទេសដែលជាម្ចាស់របស់ពួកគេ នឹងមិនធ្វើបត្យាប័នពលរដ្ឋ ដែលមានសញ្ជាតិរបស់គេមកឲ្យកម្ពុជាឡើយ។ ដូចគ្នានេះ កម្ពុជាក៏មិនអាចធ្វើបត្យាប័នពលរដ្ឋខ្លួនឯងទៅឲ្យរដ្ឋបរទេសនោះដែរ៕ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត