ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនជាង ១ ៥០០ គីឡូម៉ែត្រ សាងសង់រួចរាល់ជាមួយប្រទេសវៀតណាម ថៃ ឡាវ
ថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសជិតខាងបានប្រវែងជាង ១ ៥០០ គីឡូម៉ែត្រ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធជាកិច្ចការដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន។ នេះបើតាមប្រមុខដឹកនាំកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជំរុញកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសជិតខាងមានវៀតណាម ឡាវ និងថៃ។ ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ រដ្ឋាភិបាល បានស្ថាបនាបានប្រវែង ៦៨៥ គីឡូម៉ែត្រលើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។
ជាមួយថៃពីឆ្នាំ ១៩៩៤ ដល់ ២០២៣ បានកសាងបានប្រវែង ៤៥៥ គីឡូម៉ែត្រលើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ។ ជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងបានប្រវែង ១៧៩ គីឡូម៉ែត្រលើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។
សម្ដេចធិបតីបានបញ្ជាក់ទៀតថា កាលពីថ្ងៃ ៤ កក្កដា ២០២៤ សម្ដេចបានផ្ដល់គោលការណ៍ឯកភាពលើផែនការរបស់បញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឲ្យសម្រេចបញ្ចប់ជំហានទី ១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ ឆ្នាំ (២០២៤ -២០៣៤) លើដីដែលបានឯកភាពរួចហើយ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏ផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដែលមានគោលដៅកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសពលរដ្ឋទូទាំងប្រទេសចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្តោតចម្បងលើការកសាងផ្លូវក្រវាត់ព្រំដែន។
ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តីអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។ តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះយានយន្តធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក។
នៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ឥលូវនេះពលរដ្ឋកម្ពុជាអាចធ្វើដំណើរមួយជុំប្រទេស តាមរយៈផ្លូវក្រវាត់ព្រំដែន។
«បើយើងចេញពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន»។ លោក ឈុំ សុជាតិ ថ្លែងបញ្ជាក់។
លោកឈុំ សុជាតិ បានបន្តទៀតថា ក្រៅពីការបំពេញការងារស្នូលលើកិច្ចការពារសន្តិសុខជាតិ កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។

កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១ ២៨៧ គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។
បើតាមលោក ឈុំ សុជាតិ ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី ក៏ជួយអភិវឌ្ឍលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង