ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ចេញបំភ្លឺជុំវិញមានមន្រ្តីពន្ធដារចុះប្រមូលលុយ តាមហាងអាជីវកម្មនានា
នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូច ដែលក្លែងបន្លំជាមន្ត្រីពន្ធដារចុះបន្លំប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវ។
ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា ពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។
អគ្គនាយកដ្ឋានពន្ធដារជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារឬតាមអនឡាញដោយផ្ទាល់តែម្តង ក្នុងនោះជាអាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-filing), ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (E-payment system)។
ទន្ទឹមនឹងការរៀបចំនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីដើម្បីគ្រប់គ្រងនិងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និងកម្មវិធីដើម្បីសម្រួលលើការផ្តល់សេវាជូនអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ជាពិសេស កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) ដែលផ្តល់លទ្ធភាពយ៉ាងពិសេសជូនដល់អ្នកជាប់ពន្ធ អាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រីដើម្បីបញ្ជាក់អត្តសញ្ញាណជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្ទែនលើបារកូដ QR កូដ លើលិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធថាពិតជាបង្កាន់ដៃត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។
អគ្គនាយកដ្ឋានពន្ធដារអំពាវនាវដល់ អ្នកជាប់ពន្ធក៏ដូចជាប្រជាពលរដ្ឋទូទៅប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់ក្នុងករណីមានបុគ្គលណា ដែលមិនមានឯកសណ្ឋានមន្ត្រីពន្ធដារ និងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋានរបស់អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ ពិសេសលើកឡើងថាប្រមូលប្រាក់ពន្ធ និងដោយគ្មានលិខិតបេសកកម្មនិងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គល នោះគឺពុំមែនជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ។
ក្នុងករណីនេះ អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹង និងដាក់ពាក្យប្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចំពោះករណីក្លែងបន្លំនេះ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/6217281275304197360-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/6217281275304197361-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច