ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន
សណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល១ឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។
បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ត្រី ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ក្នុងនោះ ស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណមួយពាន់អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបការងារចុះយកព័ត៌មានដើម្បីផលិត និងផ្សាយព័ត៌មាន។
បណ្ណសម្គាល់អ្នកសារព័ត៌មានទាំងនេះមានភ្ជាប់នូវប្រព័ន្ធ QR Code ដើម្បីធានានូវភាពស្របច្បាប់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការថ្លែងរបស់លោករដ្ឋមន្ត្រី នាឱកាសនៃកិច្ចប្រជុំដដែលនេះ។

ក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន ដើម្បីធានាលំហព័ត៌មាននិងសន្តិសុខព័ត៌មាន ព្រមទាំងបានអនុវត្តវិធានការសមស្របក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា សុវត្ថិភាពព័ត៌មាន ជាសសរស្តម្ភដ៏មានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាក្នុងគោលបំណងដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រតិបត្តិសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាននិងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។

អ្នកនាំពាក្យរូបនេះ ថា ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា គឺធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានរៀបចំតាក់តែងឡើង និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តសម្រាប់ជានិយាមអប្បបរិមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងដើម្បីផ្តល់ជាមូលដ្ឋានគោលការណ៍គ្រឹះរួមសម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ក្នុងការពង្រឹង និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈទាំងអស់គ្នា ព្រមទាំងកសាងជំនឿទុកចិត្តរបស់សង្គមមកលើវិស័យសារព័ត៌មាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានដាក់ចេញជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ