ព័ត៌មានជាតិ
សាខា ប.ស.ស នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ផ្ដល់តាវកាលិក និងប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់កម្មករជិត ២០០ នាក់ ត្រឹម ១៥ ថ្ងៃ
សាខាបេឡាជាតិសន្តិសុខសង្គមនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ដែលទើបសម្ពោធដាក់ឱ្យដំណើរការកាលពីថ្មីៗ នេះ បានផ្តល់តាវកាលិក និងផ្នែកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនដល់កម្មករ-និយោជិត ប្រមាណជិត ២០០ នាក់ ក្នុងរយៈពេលត្រឹមតែ ១៥ ថ្ងៃ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ សីហា នេះថា ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ សាខាបេឡាជាតិសន្តិសុខសង្គមនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បានផ្តល់តាវកាលិក និងផ្នែកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនដល់កម្មករ-និយោជិត ចំនួន ១៧៨ នាក់ ក្នុងនោះការផ្តល់តាវកាលិកចំនួន ៣៨ នាក់ ស្រី ៣០ នាក់ និងផ្តល់ផ្នែកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចំនួន ១៤០ នាក់។
លោកបានបន្តថា ការផ្តល់តាវកាលិកដល់កម្មករចំនួន ៣៨ នាក់ ក្នុងនោះ ផ្តល់លិខិតព្យាបាលបន្តចំនួន ១ នាក់ ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃចំនួន ២១ នាក់ ស្រី ១៧ នាក់ ស្នើសុំប្រាក់សោធនចំនួន ៨ នាក់ ស្រី ៥ នាក់។ ចំណែកការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់កម្មករចំនួន ១៤០ នាក់ ក្នុងនោះមុនពេលសម្រាលចំនួន ១២១ នាក់ ពេលសម្រាលចំនួន ៩ នាក់ និងក្រោយសម្រាលចំនួន ១៤០ នាក់។

លោក កត្តា អ៊ន បានបន្ថែមថា គិតពីខែមករា រហូតដល់ ២០ ខែសីហា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៩៨ ២៣៤ នាក់ មានកូនចំនួន ៩៥ ១៧០ នាក់ ដោយចំណាយថវិកាប្រមាណជា ៦៥,៤១ ប៊ីលានរៀល និងបានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនសរុបចំនួន ៥៤៧ ៣១១ នាក់ មានកូនចំនួន ៥៣៣ ៥៦៦ នាក់ ចំណាយថវិកាសរុបចំនួន ២៥៥,៥៧ ប៊ីលានរៀល។
លោកបានបន្តថា ការផ្ដល់ប្រាក់ឧបត្ថម្ភនេះបានជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។
លោកបានបន្ថែមថា ជាមួយគ្នានេះដែរក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ សាខាបេឡាជាតិសន្តិសុខសង្គមនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ក៏បានចុះបញ្ជីសមាជិក ប.ស.ស បានចំនួន ១ ២៥៤ នាក់ ស្រី ៧៣២ នាក់ បើបូកទាំងការផ្តល់តាវកាលិក និងប្រាក់ឧបត្ថម្ភរដ្ឋាភិបាលសរុបចំនួន ១ ៤៣២ នាក់ ស្រី ៩០២ នាក់។
សូមរំលឹកថា សម្រាប់ប្រជាពលរដ្ឋ និងសាធារណជន ចាប់ពីពេលនេះតទៅ អាចអញ្ជើញមកទទួលសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានដូចជា ធ្វើប័ណ្ណសមាជិក ប.ស.ស. , ដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល, ដាក់ឯកសារស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ, ប្រាក់បំណាច់មាតុភាព, ដាក់ឯកសារហានិភ័យការងារ និងស្នើសុំលិខិតព្យាបាលបន្ដបាន នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ជាន់ទី ២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?