Connect with us

ព័ត៌មានជាតិ

ចំណូល​ពលរដ្ឋ​កម្ពុជា​កើន​ពី ៤៦៤ ដុល្លារ​ដល់​​ជាង ២ ៥២០ ដុល្លារ​អាម៉េរិក ក្នុង​ពេល​ ២០ ឆ្នាំ​

បានផុស

នៅ

ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​មុន​វិបត្តិនៃជំងឺកូវីដ-១៩ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ស្ថិត​ក្នុង​រង្វង់​ជា​មធ្យម​ជាង ៧% ក្នុង​មួយ​ឆ្នាំ ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពីឆ្នាំ២០១៥។

របាយការណ៍​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ​ (ឆ្នាំ ២០២៤-២០២៨) ដែល​រដ្ឋាភិបាល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ នេះ កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប (ផសស) ក្នុង​មនុស្ស​ម្នាក់​បាន​កើន​ឡើង​ជាង ៥ ដង ពោល​ពី ៤៦៤ ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០០៤ ដល់​ប្រមាណ ២ ៥២០ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈ​អត្រា​ភាព​ក្រីក្រ​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​ពី​ជាង ៥៤% ក្នុងឆ្នាំ២០០៤ មក​ត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ស្ថិតក្រោម ១០% មុន​វិបត្តិ​ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិង​ជា​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​ថា កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក ជា​កត្តា​ដែល​រុញ​ច្រាន​ដល់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​ហក់​ឡើង។

ឆ្លើយត​ប​ការ​សាកសួរ​​របស់​កម្ពុជាថ្មី លោក​ថា ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ​នេះ កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​ និង​សាកលលោក ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ​។

ការ​​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ដូចជា EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​អាមេរិក បាន​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​បរទេស​ ជាមួយ​ការ​បង្ហូរ​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ជាពិសេស​ការ​បើកដំណើរការ​​រោងចក្រ​កាត់ដេរ រួម​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ហិរញ្ញវត្ថុ​ជាដើម។

លោក​បណ្ឌិត ហុង វណ្ណៈ​បាន​បន្ត​ថា កម្ពុជា​បាន​កែប្រែ​មុខ​មាត់ សេដ្ឋកិច្ច​មាន​កា​វិវឌ្ឍ​​លឿន។ ក្រៅពី​វិស័យ​កាត់ដេរ​ជា​ឧស្សាហកម្ម​សំខាន់​ កម្ពុជា​មាន​កំណើន​ទេសចរ​បរទេស​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ដែលជា​​ប្រភព​ចំណូល​បង្កើន​ថវិកា​ជាតិ។

«ទេសចរ​យក​លុយ​មក​ចាយ​ក្នុង​ប្រទេស កាលណា​វិស័យ​ទេសចរ​មាន​កំណើន​ ក៏​ជំរុញ​ដល់​ការ​វិនិយោគ​លើ​វិស័យ​​ផ្សេង​ទៀត​ដូចជា​សេវាកម្ម​​​ឲ្យ​​កម្រើក​ឡើង​ រួមទាំង​​វិស័យ​កសិកម្ម​ក៏​កម្រើក​ព្រម​គ្នា»។

ក្នុង​រង្វង់ឆ្នាំ ២០១០ ដល់ ២០១២ សេដ្ឋកិច្ច​កម្ពុជា​ហក់​កំណើន​ពីរ​ខ្ទង់។ កម្រិត​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​ពលរដ្ឋ​មាន​ការងារ​ធ្វើ មាន​ចំណូល​អាច​ទ្រទ្រង់​ជីវភាព និង​ពង្រីក​អាជីវកម្ម​ថែម​ទៀត។

បើ​ធៀប​ឆ្នាំ ២០០៤ ដែល​ចំណូល​ពលរដ្ឋ​មាន​ត្រឹម ៤០០ និង​ឆ្នាំ ២០២៣ កើន​ឡើង​ដល់​ជាង ២ ពាន់​ដុល្លារ​ដែល​មាន​សន្ទុះ​កំណើន​​ប្រហាក់ប្រហែល​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​មាន​ឡាវ និងភូមា។

យ៉ាងណាមិញ អ្នក​សេដ្ឋកិច្ច​ លោក ហុង វណ្ណៈ បាន​​អះអាង​ថា បើ​យក​ចំណូល​ពលរដ្ឋ​ក្នុង​ស្រុក​ធៀប​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ គឺ​​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ។ បើ​ធៀប​ប្រាក់​ចំណូលជាង​​ ២ ពាន់​ដុល្លារ​ទៅរយៈពេល ៣៦៥ ថ្ងៃ គឺ​ក្នុង​មួយ​ខែ​ចំណូល​ពលរដ្ឋ​បាន​ជាង ២០០ ដុល្លារ​តិចតួច​នោះ​មាន​ន័យ​ថា ពលរដ្ឋ​អាច​រក​ចំណូល​បាន​ក្នុង​កម្រិត ៥ ដុល្លារ ទៅ ៦ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ បើ​ចាយ​វាយ​ធម្មតាក្នុងជីវភាព​ប្រចាំថ្ងៃ​​គឺ​ល្មម​ តែ​បើ​ជាប់​បំណុល​ក្នុង​ធនាគារ​នឹង​ពិបាក​ទប់​ទល់​ជាមិន​ខាន។

លោក​ថា ស្ថានភាព​សេដ្ឋកិច្ច​បាន​រងគ្រោះ​ដោយសារ​បណ្តាលមកពី​ជំងឺ​កូវីដ រួម​ទាំង​ទាំងប្រទាញប្រទង់គ្នា​នៃ​ភូមិសាស្រ្ត​​នយោបាយ​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​រុស្សី ដែល​​​រុញ​ច្រាន​ថ្លៃ​ទំនិញនិង​ការ​ចំណាយ​ផ្សេងៗ​កើន​ឡើង។

រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ខិតខំ​​ពង្រឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទិសទី និង​បន្ត​កសាង​​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ និង​​គម្លាត​អ្នក​នៅ​ជនបទ​លើ​ការ​ទទួល​បាន​សេវា​សាធារណៈ​ដូចជា​អប់រំ និង​សុខាភិបាល​ជាដើម។ រដ្ឋាភិបាល​បាន​បង្កើន​កិច្ចសហការ​ជាមួយ​ប្រទេស​ដៃគូ ដើម្បីពង្រីក​ទីផ្សារ​នាំ​ចេញ និង​រៀបចំ​គោលនយោបាយ​យុទ្ធសាស្រ្ត​ដើម្បី​បង្កើន​ការ​ទាក់ទាញ​វិនិយោគ។

ដើម្បី​ធានា​ប្រាក់​ចំណូល​ពលរដ្ឋ​កុំ​ឲ្យ​ធាក់​ថយទប់ទល់​ស្ថានវិបត្តិ លោក​បណ្ឌិត ហុង វណ្ណៈ​ ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ត្រូវតែ​ធ្វើ​ផែនការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​ចំណាយ​លើស​ខ្ទង់។ កិច្ចការ​ណា​ដែល​ធ្វើ​​កុំ​ព្រលែង ខិតខំ​ធ្វើ​ឲ្យ​សកម្ម ដើម្បី​​គាំទ្រដល់​ការ​បង្កើន​​ប្រាក់​ចំណូល​ទប់ទល់​ស្ថានភាព​អន្តរកាល​ ដោយសារ​ការ​មិន​អាច​ប៉ាន់​ប្រមាណ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នឹង​ប្រែប្រួល​​បែប​ណា​ទៀត។

យ៉ាងណាមិញ បើ​តាម​លោក​បណ្ឌិត ហុង វណ្ណៈ មានការ​យល់​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​មិន​ដើរ​ថយ​ក្រោយ​ទេ គ្រាន់​តែ​ហក់​ទៅមុខ​យឺត​និង​មិន​ស្ទុះ​លឿន​ដូច​សម័យ​មុន។

ឆ្លើយតបទៅនឹង​សភាពការណ៍​នៃការវិវត្តន៍ឈានឡើងជាលំដាប់​នៃសង្គម-សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​ដើម្បី​គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល​នីតីតកាល​ទី ៧ បាន​ប្រកាស​ដាក់ឱ្យ​អនុវត្តនូវ «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង​បំណុល​សាធារណៈ (ឆ្នាំ​២០២៤ – ២០២៨)»​។ យុទ្ធសាស្ត្រនេះ ដាក់ចេញនូវបណ្តា​វិធានការគន្លឹះជា​អាទិភាព ក្នុង​គោលបំណង​ធានានូវ​ប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅ​រួមចំណែកបង្កើនល្បឿន​នៃការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការ រក្សាបាន​នូវកំណើន​សេដ្ឋកិច្ចខ្ពស់ ប្រកប​ដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និង ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០។

រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ស្តីពីការគ្រប់គ្រង​បំណុល​សាធារណៈចំនួន ៣ លើក រួចមកហើយ ក្នុងនោះ លើកទី១ (ឆ្នាំ២០១១ – ២០១៨) លើក​ទី​២ (ឆ្នាំ២០១៥ – ២០១៨) និង​លើកទី៣ (២០១៩ – ២០២៣)។

តាមរយៈ​ការ​អនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុល​សាធារណៈទាំង ៣ លើក ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា ត្រូវ​បានគ្រប់គ្រងប្រកបដោយវិន័យនិងប្រសិទ្ធភាពខ្ពស់ ដោយ​អាចបន្ត​រក្សា​បាន​នូវ «ចីរភាព» និង «ហានិភ័យ​កម្រិតទាប» ក្នុងនោះ​សូចនាករ​តម្លៃបច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស​ធៀបនឹង ផសស ពីឆ្នាំ២០១៩ ដល់ឆ្នាំ​២០២៣ មាន​ជាមធ្យម​ត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀប​នឹងអនុបាតគោល ៤០%។

ទន្ទឹមនេះ រាជរដ្ឋាភិបាល​បានចាប់​ផ្ដើមកៀរគរទុន​ពីទីផ្សារក្នុងប្រទេស តាមរយៈការបោះផ្សាយ​លក់​មូលបត្ររដ្ឋ​ដែលជាប្រភព​ហិរញ្ញប្បទានថ្មី ជា​លើក​ដំបូងនៅឆ្នាំ២០២២ ហើយ​បាន​ដាក់​ចេញ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ឆ្នាំ​២០២៣ – ២០២៨ ដើម្បី​កសាង​ឱ្យបាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​មួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ​សម្រាប់​ការបោះផ្សាយនិង​ការជួញ​ដូរមូលបត្រ​រដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម