ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តរតនគិរី បង្ហាញសក្តានុពលតំបន់ទេសចរណ៍ជាច្រើនកន្លែង
មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញពីសក្តានុពលតំបន់ទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិប្រមាណ៣០កន្លែង ខណៈម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បានត្រៀមខ្លួនរួចរាល់ និងបញ្ចុះតម្លៃជូនភ្ញៀវទេសចរដែលអញ្ជើញទៅលេងកម្សាន្តខេត្តស្ថិតនៅក្នុងភូមិភាគឦសាន និងទស្សនាព្រំដែន។ តំបន់សក្តានុពលទេសចរណ៍ក្នុងខេត្តរតនគិរី រួមមានរមណីយដ្ឋានបែបធម្មជាតិចំនួន ២២ កន្លែង រមណីយដ្ឋានបែបវប្បធម៌ចំនួន ២ កន្លែង និងរមណីយដ្ឋានបែបកែច្នៃ ចំនួន ៦ កន្លែង។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តរតនគិរី។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងប្រាប់ឱ្យដឹងថា ក្រុមការងារផ្នែកសណ្ឋាគារ និងបដិស្ឋារកិច្ច នៅថ្ងៃទី២៨ ខែសីហានេះ បានចុះស្រង់ទិន្នន័យជាក់លាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ ក្នុងគោលបំណងត្រៀមទទួលភ្ញៀវទេសចរ ដែលប្រមុខរាជរដ្ឋាភិបាលរៀបចំដំណើរកម្សាន្តទៅលេងខេត្តភូមិភាគឦសាន។ លោកថ្លែងថា៖«ពាក់ព័ន្ធសេវាកម្មស្នាក់នៅ ខ្ញុំគិតថាដូចអត់មានបញ្ហាទេកន្លងទៅ ភ្ញៀវទេសចរអាចទទទួលយកបាននូវការស្នាក់នៅទាំងតម្លៃ និងបន្ទប់ស្នាក់នៅ ដោយមិនមានការឡើងថ្លៃហួសហេតុ»។
បើតាមលោក ង៉ែត ពិទូ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួននៅខេត្តរតនគិរី នឹងបញ្ចុះតម្លៃជូនភ្ញៀវទេសចរ ខណៈប្រតិបត្តិករទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាកម្មជូនភ្ញៀវប្រកបដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍កំពុងចងក្រងនូវតំបន់ទេសចរណ៍ និងបោះពុម្ពខិតបណ្ណ ដាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្សេងៗ អនុញ្ញាតឱ្យភ្ញៀវស្វែងរកតំបន់ទេសចរណ៍ដែលចង់ទៅលេងកម្សាន្ត។
គួរជម្រាបថា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសរៀបចំដំណើរកម្សាន្តដោយដឹកប្រជាពលរដ្ឋទៅមើលអំពីការអភិវឌ្ឍនៅខេត្តភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ នឹងចាប់ផ្ដើមអនុវត្តនៅខែកញ្ញាខាងមុខនេះ នៅរៀងរាល់ចុងសប្ដាហ៍ រហូតដល់ដំណាច់ឆ្នាំ ២០២៤។
សម្ដេចធិបតី ថ្លែងថា៖«រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីដំណើរកម្សាន្តនេះដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។
ក្នុងខេត្តរតនគិរី រមណីយដ្ឋានវប្បធម៌ មានចំនួន ២កន្លែង ភ្នំឥស្សីបតមៈ (មានព្រះពុទ្ធដិមា កម្ពស់៩ម៉ែត្រ និងការទស្សនាថ្ងៃរះ ថ្ងៃលិច និងទេសភាពក្រុង) តំបន់ភូមិវប្បធម៌ជនជាតិដើមភាគតិច (ទស្សនា ជីវភាពរស់នៅប្រចាំថ្ងៃ និងម្ហូបអាហារ និងផ្នូកប់សពជនជាតិដើមភាគតិច)។
ចំណែករមណីយដ្ឋានបែបធម្មជាតិរួមមាន បឹងយក្ខលោម (បឹងបន្ទុះភ្នំភ្លើង និងព្រៃឈើ) ទឹកជ្រោះកាចាញ (ទឹកជ្រោះ ស្ពានយោល និងព្រៃឈើធម្មជាតិ) ទឹកជ្រោះចាអ៊ុង មានល្អាងធម្មជាតិ ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ ទឹកជួរតាតតៃ បឹងលំកុដ បឹងយក្ខអោម-យក្ខការ៉ា វាលរំប្លង់ (សត្វព្រៃ វាលថ្មនៃកំអែលភ្នំភ្លើង) ទឹកជួរទឹង កោះសំពៅ ដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវីរៈជ័យ។
រមណីយដ្ឋានបែបកែច្នៃឯកជន រួមមាន ភូមិខ្មែរ រីសត គុជវារី រីសត មល្លិកា រីសត ចាំការដូង រីសត ជាងអេង រីសត និងផារ៉ាដាយ រីសត។ ចំណែក តំបន់សក្តានុពលទេសចរណ៍ដែលពុំទាន់បានរៀបចំរួចរាល់រួមមាន បឹងយក្សម៉ាយ អូរធម្មជាតិថ្មរអិល ទឹកធ្លាក់អូរយ៉ាណាយ កោះសាំង កោះគ្រាំ កោះកំប្រោច ទំនប់អូរភ្លង និងតំបន់សក្តានុពលអូរឡាឡៃ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់