ព័ត៌មានជាតិ
៧ចំណុចដែលត្រូវដឹងពីគោលការណ៍កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត
យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។
នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។
លក្ខណៈវិនិច្ឆ័យបែបសង្គម គឺផ្អែកទៅលើស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ។ រីឯលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ត្រូវផ្ដោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យការងារ។ ប្រាក់ឈ្នួលអប្បបរមា មិនអាចកំណត់«ខ្ពស់ពេក ឬទាបពេក»នោះទេ ព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា ក៏ដូចជា «មូលដ្ឋានការព្រមព្រៀងគ្នា រវាងដៃគូរសន្ទនាសង្គម និងរាជរដ្ឋាភិបាល»។
យន្តការវិនិច្ឆ័យ ត្រូវផ្អែកទៅលើស្ថានភាពគ្រួសារ ទី១៖ គឺសំដៅដល់ការធានាបាននូវកម្រិតជីវភាពសមរម្យសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា ស្ថានភាពគ្រួសារបានប្រើប្រាស់ជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យផ្សេងទៀតក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ស្ថានភាពគ្រួសារ បានគណនាជាសមាមាត្រចំនួនសមាជិកជាមធ្យមក្នុងគ្រួសារ ធៀបនឹងសមាជិកគ្រួសារដែលចូលរួមរកប្រាក់ចំណូល។
យោងតាមអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ ចំនួនសមាជិកក្នុងគ្រួសារជាមធ្យមរបស់ប្រទេសកម្ពុជា មានប្រហែល ៤នាក់ ចំនួនសមាជិកក្នុងគ្រួសារធ្វើការមានចំនួន ២នាក់។ ដូចនេះមានន័យថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករម្នាក់នឹងត្រូវប្រើប្រាស់ ដើម្បីចិញ្ចឹមសមាជិកគ្រួសារម្នាក់ទៀត ដែលមិនបានរកប្រាក់ចំណូល មានដូចជា កុមារ ឬមនុស្សចាស់ជរានៅក្នុងគ្រួសារជាដើម។
ទី២៖ អត្រាអតិផរណា សំដៅដល់ប្រាក់ឈ្នួលអប្បបរមា បានកែសម្រួលដោយយោងតាមអត្រាអតិផរណា ក្នុងគោលបំណងធានាថា កម្រិតនៃប្រាក់ឈ្នួលអប្បបរមា អាចគ្របដណ្តប់លើការកើនឡើងនៃតម្លៃទំនិញ។ ដូច្នេះការចំណាយរបស់កម្មករនិយោជិតអាចរក្សាបាន។
ក្នុងអំឡុងពេលនៃដំណើរការកែសម្រួលប្រាក់ឈ្នួលអប្បបរមា (ឬការចរចាប្រាក់ឈ្នួលអប្បបរមា)នៅកម្ពុជា អត្រាអតិផរណាដែលបានព្យាករណ៍នៅឆ្នាំបន្ទាប់ ត្រូវបានប្រើប្រាស់សម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមា រួមជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត។
ការប្រៀបធៀបរវាងអត្រាអតិផរណាដែលបានព្យាករណ៍ និងអតិផរណាជាក់ស្តែងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ ហើយជារួមអត្រាអតិផរណាដែលបានព្យាករណ៍ គឺខ្ពស់ជាងអត្រាជាក់ស្តែង។ ដោយឡែកឃើញថាការព្យាករណ៍ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការព្យាករណ៍ឆ្នាំ២០២៤ គឺមានចំនួនស្មើគ្នាគឺ ២.៥ភាគរយ។
រីឯទី៣៖ ការចំណាយក្នុងការរស់នៅ គឺសំដៅដល់ការគណនាការចំណាយនៃការរស់នៅ គឺបានរួមបញ្ចូល តម្រូវការរបស់កម្មករ និងគ្រួសាររបស់ពួកគេ។ បន្ទាត់នៃភាពក្រីក្រ ដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ ត្រូវបានប្រើប្រាស់ ដើម្បីគណនាចំណាយក្នុងការរស់នៅអប្បបរមា (ឬត្រឹមបន្ទាត់នៃភាពក្រីក្រ)។
ដោយហេតុថា កម្មករនិយោជិតភាគច្រើនក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតធ្វើដំណើរភាគច្រើនរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ។ ដូច្នេះបម្រែមប្រួលការចំណាយក្នុងការរស់នៅ គឺកំណត់យកបន្ទាត់នៃភាពក្រីក្រនៅរាជធានីភ្នំពេញជាគោល ហើយប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់កន្លងមក គឺតែងតែខ្ពស់ជាងបន្ទាត់នៃភាពក្រីក្ររបស់មនុស្សពីរនាក់នៅរាជធានីភ្នំពេញ (បន្ទាត់នៃភាពក្រីក្ររបស់កម្មករនិយោជិត និងសមាជិកគ្រួសារម្នាក់ទៀត)។ ជាក់ស្តែងសម្រាប់ឆ្នាំ២០២៤ ខណៈប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ ដុល្លារអាម៉េរិក បន្ទាត់នៃភាពក្រីក្ររបស់មនុស្សពីរនាក់នៅរាជធានីភ្នំពេញមានចំនួន ១៨០ដុល្លារអាម៉េរិក និងនៅតាមទីប្រជុំជនផ្សេងទៀតមានចំនួន ១៥៥,៦ដុល្លារអាម៉េរិកក្នុងមួយខែ។
ទី៤៖ ផលិតភាព គឺជាការកែសម្រួលប្រាក់ឈ្នួលអប្បបរមា ស្របតាមកំណើននៃផលិតភាពការងារ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យកម្មករនិយោជិតអាចទទួលបាននូវចំណែកនៃផ្លែផ្កាវឌ្ឍនភាពរបស់ខ្លួន។ ការវាស់វែងជាទូទៅនៃផលិតភាពការងាររបស់ប្រទេសមួយ គឺផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្មករម្នាក់ ឬក្នុងមួយម៉ោងធ្វើការ។
ក្នុងករណីប្រទេសកម្ពុជា ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់ផលិតភាពការងារ គឺផ្អែកតាមវិស័យ និងត្រូវគណនាជា GDP សម្រាប់កម្មករម្នាក់ក្នុងវិស័យកាត់ដេរ។ ទិន្នន័យ GDP នៃវិស័យនេះគឺជាតម្លៃបន្ថែមដោយផ្អែកលើតម្លៃថេរ (ឆ្នាំមូលដ្ឋាន ២០០០) ដែលទទួលបានពីវិទ្យាស្ថានជាតិស្ថិតិ (NIS) ខណៈដែលចំនួនបុគ្គលិកធ្វើការនៅរោងចក្រសហគ្រាសដំណើរការពេញលេញ ទទួលបានពីក្រសួងពាណិជ្ជកម្ម (MoC) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)។
ចំណែកទី៥៖ ការប្រកួតប្រជែងរបស់ប្រទេស គឺភាពប្រកួតប្រជែងអាចកំណត់តាមវិធីជាច្រើន ចាប់ពីសក្តានុពលបង្កើតការងារ ការនាំចេញ អត្រាប្តូរប្រាក់ ចំណែកទីផ្សារ តម្លៃកម្លាំងពលកម្ម និងផលិតភាពជាដើម។ ប្រទេសមួយដែលត្រូវគេចាត់ទុកថា មានភាពប្រកួតប្រជែង គឺជាសមត្ថភាពរបស់ប្រទេសនោះក្នុងការរក្សាបាននូវតម្លៃទាបនៃថ្លៃដើមផលិតកម្ម។
សូចនាករសំខាន់ៗនៃការប្រកួតប្រជែងរបស់កម្ពុជា ដែលប្រើប្រាស់ក្នុងបរិបទនៃការកំណត់ប្រាក់ឈ្នួលអប្បបរមារួមមាន ស្ថានភាពការនាំចេញ ការចាប់យកចំណែកទីផ្សារ អត្រាប្តូរប្រាក់ ប្រាក់ឈ្នួលអប្បបរមា ចំនួនម៉ោងការងារ ការបង់ភាគទានក្នុងរបបសន្តិសុខសង្គម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបរិយាកាសវិនិយោគ។
ទី៦៖ ស្ថានភាពទីផ្សារការងារ គឺជាធាតុមួយសំខាន់ក្នុងការពិចារណាលើភាពប្រកួតប្រជែងរបស់ប្រទេស។ ស្ថានភាពទីផ្សារការងារ គឺជាការពិនិត្យលើអត្រាបម្រែបម្រួលចំនួនការងាររួមនៅក្នុងប្រទេស និងជាពិសេសអត្រាបម្រែបម្រួលចំនួនការងារ និងចំនួនរោងចក្រ សហគ្រាសក្នុងវិស័យដែលត្រូវកំណត់ប្រាក់ឈ្នួលអប្បបរមា។
ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ នេះវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបមានកម្មករនិយោជិតបម្រើការងារចំនួន ៨៣៣,១០០នាក់ កំពុងបម្រើការនៅក្នុងរោងចក្រ ចំនួន ១ ៣៣២ ទូទាំងប្រទេស ដែលចំនួនកម្មករនិយោជិត បានធ្លាក់ចុះបន្តិចធៀបនឹងខែធ្នូ ឆ្នាំ២០២២។ ការណ៍នេះបង្ហាញថា ស្ថានភាពការងារក្នុងវិស័យនេះមិនល្អប្រសើរដែលអាចបណ្តាលមកពីការធ្លាក់ចុះនៃការបញ្ជារទិញសកល។
និងទី៧៖ កម្រិតចំណេញរបស់វិស័យ គឺក្រៅពីលើផលិតភាពការងារ លទ្ធភាពក្នុងការទូទាត់ប្រាក់ឈ្នួលដោយនិយោជកក៏មានសារៈសំខាន់ផងដែរ។ គួរកត់សម្គាល់ថា តម្លៃបន្ថែមរបស់វិស័យនេះមិនមែនជាប្រាក់ចំណេញរបស់វិស័យទេ ព្រោះនៅក្នុងអាជីវកម្មតម្លៃបន្ថែមត្រូវបានទទួលពីការលក់សរុបនៃតម្លៃផលិតកម្ម ដែលមិនទាន់រាប់បញ្ចូលថ្លៃពលកម្ម។ និយោជកត្រូវបង់បន្ថែមលើសពីប្រាក់ឈ្នួល គឺការរួមចំណែកបង់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) សម្រាប់ហានិភ័យការងារ គម្រោងថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ អាម៉េរិកក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារអាម៉េរិកក្នុងមួយខែនៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារអាម៉េរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សាអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតនៅដដែល។
កម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍រួមមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិកដល់ ១១ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
នៅក្នុងឆ្នាំ២០២៤ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ដុល្លារអាម៉េរិកទៅ ២៣២ ដុល្លារអាម៉េរិកក្នុងមួយខែ។
បើប្រៀបជាមួយបណ្តាប្រទេសដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម។
ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មានវិសាលភាពគ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (មាត្រា ៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា) ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមានៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តតែចំពោះសហគ្រាស និងគ្រឹះស្ថានផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ។ ដូច្នេះវិសាលភាពនៃការអនុវត្តប្រាក់ឈ្នួលអប្បបរមា នឹងត្រូវពង្រីកទៅលើវិស័យផ្សេងៗទៀត ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើ ដំណើម និងកាបូប អាស្រ័យទៅលើការកំណត់របស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ ដោយផ្អែកលើ អនុសាសន៍របស់ក្រុមប្រឹក្សាជាក៏ប្រាក់ឈ្នួលអប្បបរមា៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់