ព័ត៌មានជាតិ
ក្រសួងការងារ ជំរុញម្ចាស់សហគ្រាសបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍សម្រាប់កូនកម្មករ-និយោជិត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យម្ចាស់រោងចក្រសហគ្រាសរៀបចំឱ្យទារកដ្ឋាន និងមត្តេយ្យសហគមន៍សម្រាប់កូនរបស់កម្មករ-និយោជិតឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មករ-និយោជិត។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ សីហា នេះថា ការងាររៀបចំទារកដ្ឋាន និងមត្តេយ្យ សហគមន៍សម្រាប់កូនរបស់កម្មករ-និយោជិតនេះ ក្រសួងបានប្រជុំពិភាក្សាជាមួយសមាគមនិយោជករួចហើយកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីជំរុញឱ្យបានឆាប់រហ័ស។ ក្រៅពីនេះ ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រ សហគ្រាស ដែលត្រូវបង្កើតថ្មី។ ក្រសួងបានសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីកំណត់ស្តង់ដាររោងចក្រថ្មី ដែលនឹងបញ្ចូលលក្ខខណ្ឌតម្រូវ ក្នុងការរៀបចំកន្លែងហូបបាយ និងអាហារដ្ឋានផងដែរ។
ជាមួយគ្នានេះ លោកបានបន្តថា ក្រសួងបានរៀបចំឯកសារសម្រាប់ដំណើរការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍សម្រាប់កូនកម្មករ-និយោជិតដែលមានវិភាគអំពីតម្លៃសេវាទារកដ្ឋាន និងមត្តេយ្យ, ការព្យាករថវិកាចំណាយ (តម្លៃវិនិយោគ និងចំណាយប្រតិបត្តិ), ការកំណត់ទីតាំង, ការត្រៀមរៀបចំបញ្ជីសម្ភារៈ និងអ្នកមើលថែ, ការអង្កេតពីតម្រូវការ របស់កម្មករ-និយោជិត ព្រមទាំងបានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំទារកដ្ឋានផងដែរ។
លោកបានបន្តទៀតថា ការមានទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមរោងចក្រនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការលំបាករបស់កម្មករ-និយោជិតដោយមិនចាំបាច់បញ្ជូនកូនៗរបស់ខ្លួនទៅស្រុកកំណើតឱ្យឪពុកម្ដាយមើលថែទាំជំនួសទេ ហើយឪពុកម្តាយបានរស់នៅក្បែរកូន ថ្នាក់ថ្នមកូន ផ្តល់កម្លាំងចិត្ត និងពេលវេលាដល់ឪពុកម្តាយក្នុងការបំពេញការងារ និងឪពុកម្ដាយអាចមានពេលវេលាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព សីលធម៌ដល់កូនៗព្រមទាំង ផ្តល់ទំនុកចិត្តដល់ឪពុកម្តាយក្នុងការរស់នៅ និង ចិញ្ចឹមបីបាច់កូនផងដែរ។
លោក កត្តា អ៊ន បានអំពាវនាវដល់ទារកដ្ឋាន និងមតេ្តយ្យសហគមន៍ សូមផ្តល់តម្លៃសមស្របដើម្បីឱ្យកម្មករ-និយោជិតមានលទ្ធភាពយកកូនទៅផ្ញើ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគាត់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជានិយោជក សូមវិនិយោគលើផ្នែកទារកដ្ឋាន និងមតេ្តយ្យសិក្សាឱ្យបានច្រើនតាមរោងចក្រនានានៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-និយោជិតក្នុងផ្ញើកូនៗ ឱ្យគេជួយថែទាំប្រចាំថ្ងៃ ឬបញ្ជូនកូនទៅសិក្សាពេញ ១ ថ្ងៃ ដែលបានជួយសម្រាលបន្ទុកដល់ឪពុកម្ដាយ ខណៈកន្លងមកពេលកម្មការិនីសម្រាលកូនតែងតែផ្ញើឱ្យឪពុកម្តាយនៅស្រុកកំណើតជួយមើលថែទាំចៅៗ រហូតដល់ធំ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ មានរោងចក្រផ្នែកកាត់ដេរជាង ៧០០ កន្លែង ក្នុងចំណោមរោងចក្រកាត់ដេរជាង ៩០០ រោងចក្រ មានទារកដ្ឋានសម្រាប់មើលថែទាំកូនៗ របស់កម្មករ-និយោជិត។ ចំនួនទារកដ្ឋាននៅតាមរោងចក្រ អាចមានច្រើនជាងនេះ ដោយសារតែមានរោងចក្រខ្លះនៅមិនទាន់បានជូនដំណឹងមកក្រសួងនៅឡើយទេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា