ព័ត៌មានជាតិ
គម្រោងចំនួន២៧បន្ថែមទៀត ទទួលបានការលើកទឹកចិត្តពី«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»
នាព្រឹកថ្ងៃព្រហស្បត្តិ៍ នេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ឆ្លងកាត់កិច្ចប្រជុំ ពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តព្រះសីហនុ ជាលទ្ធផលគម្រោងចំនួន២៧ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តមួយចំនួនដោយផ្អែកទៅតាម ចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ។
គម្រោងទាំង២៧ មានទុនវិនិយោគសរុប ៣០៦លានដុល្លារអាមេរិក គឺជាគម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម សិប្បកម្មកែឆ្នៃដែក រោងចក្រផលិតបំពង់ទីបដែក រោងចក្រផលិតចំណីសត្វ រោងចក្រផលិតគ្រឿងសង្ហារិម អគារពហុមុខងារ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs) សណ្ឋាគារ និង ភោជនីយដ្ឋាន។
តាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងដែលត្រូវបានប្រជុំពិភាក្សាទាំងនេះ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» មួយនេះ អាចដាក់ពាក្យសុំ ឬ ស្នើទៅកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ឬ ទំនាក់ទំនងទំនងមកលេខាធិការដ្ឋាន តាមរយៈទូរស័ព្ទលេខ 016321010 ឬ 012902200 ឬ 089726028។
គួរឱ្យដឹងថា នៅដើមឆ្នាំ២០២៤នេះ សមេ្តច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តួចផ្តើមគំនិតបង្កើត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុនៅភាគនិរតី ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
រាប់ចាប់តាំងពីការប្រកាសដាក់ចេញកម្មវិធីមួយនេះ ក្រុមការងារបានសម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន៦១គម្រោង គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ និងគម្រោងសរុបចំនួន១១០គម្រោង គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១/ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ។ ទី២/ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣/ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល និងទី៤/ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ ដូចជា៖ ទី១/ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤។ ទី២/ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ និងទី៣/ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បាន កំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត ដូចជា៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ