ព័ត៌មានជាតិ
មន្ត្រី៖ ក្រុមហ៊ុនល្បែងផ្សងសំណាងមានអាជ្ញាបណ្ណទាំង៥ ក្នុងខេត្តសៀមរាប ពេលអស់សុពលភាព មិនឱ្យបន្តធ្វើអាជីវកម្មទៀតទេ
នាយឧត្តមសេនីយ៍ ជួន សុវណ្ណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកឡើងថា ក្រុមហ៊ុនល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណទាំង៥ ក្នុងខេត្តសៀមរាប គឺអនុញ្ញាត្តឲ្យបើកបាន តែមិនឲ្យពង្រីកសាខានោះឡើយ ហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាត្តឲ្យបន្ត អាជ្ញាបណ្ណនៅពេលអស់សុពលភាពនោះឡើយ។

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ដែលបានបើកកិច្ចប្រជុំគណៈបញ្ជាការឯករដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមកិច្ចដឹកនាំរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងមានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណជា ១៥០នាក់ ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណា លើកឡើងថា ចំពោះក្រុមហ៊ុនល្បែងផ្សងសំណាងមានអាជ្ញាបណ្ណទាំង៥ ក្នុងខេត្តសៀមរាប គឺអនុញ្ញាត្តឲ្យបើកបាន តែមិនឲ្យពង្រីកសាខានោះឡើយ ហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាត្តឲ្យបន្តអាជ្ញាបណ្ណនៅពេលអស់សុពលភាពនោះឡើយ។ រាល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលពុំមានអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខា ឬ លិខិតអនុញ្ញាតប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង ត្រូវចាត់ទុក ការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ និង ត្រូវផ្តន្ទាទោសតាមច្បាប់បង្ក្រាបល្បែងស៊ីសង។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៅកម្ពុជា លើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបង្កើនការត្រួតពិនិត្យ និងត្រូវស៊ើបបញ្ជាក់ជាប្រចាំ ចំពោះប្រតិបត្តិការ អាជីវកម្ម ល្បែងផ្សងសំណាង ទាំងមានអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងមិនមានច្បាប់ឲ្យដល់ទីតាំង ដើមី្បចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងកិច្ចប្រតិបត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និងជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ។

ចំណែកលោក សំកុល សុចិត្រា អនុប្រធានអចិន្ត្រៃយ៍នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយក្រុង ស្រុក ធ្វើការចុះស្រង់ស្ថិតិបានរកឃើញ ក្រុមហ៊ុនមានអាជ្ញាបណ្ណចេញដោយគណៈគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានធ្វើប្រតិបត្តិការអាជីវកម្ម ចំនួន៥ក្រុមហ៊ុន ស្មើ ៩៥ទីតាំង និង ក្រុមហ៊ុនមានអាជ្ញាបណ្ណចេញដោយគណៈគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែពុំមានសកម្មភាពប្រតិបត្តិការអាជីវកម្ម មានចំនួន៦ក្រុមហ៊ុន (អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង១ក្រុមហ៊ុន)។ លោកក៏បានជំរុញដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និង ការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឲ្យបានទាន់ពេល ។
លោកបន្តថា ការបង្រ្កាបក្មេងទំនើងនៅទូទាំងខេត្ត បាន១៩លើក មានមនុស្ស១៤៤នាក់ ធ្វើការអប់រំ ធ្វើកិច្ចសន្យាបាន ១៣៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៩នាក់។ ចំពោះបទល្មើសគ្រឿងញៀន បានធ្វើការអប់រំផ្សព្វផ្សាយបាន ២,៨៩៥លើក មានអ្នកចូលរួម ១៧៩,៩៦៩នាក់ និង វិធានការរដ្ឋបាល ចំពោះអ្នកបើកបរយានយន្ត បាន ៥៦លើក ស្មើ៥៣០នាក់ ធ្វើតេស្តសាធាតុញៀន វិជ្ជមាន ៣៧នាក់ និងចុះអនុវត្តច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀន បាន ២៩១ករណី ឃាត់ខ្លួន ១,៦៦៩នាក់ ស្រី១២៣នាក់ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត បាន៤៤១នាក់ ស្រី ៤១នាក់ បញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀន ១,២១៩ នាក់ ស្រី ៨១នាក់ ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណា ស្នេីដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល សំខាន់សន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរណ៍ ដោយត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ ៕

ដោយ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ