ព័ត៌មានជាតិ
ខេត្តក្រចេះមានធនាគារសំរាម! តើធនាគារសំរាមជាអ្វី?
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា នៅខេត្តក្រចេះបានបង្កើតធនាគារសំរាម ដើម្បីគ្រប់គ្រងការចោលសំរាម តាមរយៈការចេះញែកសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា កន្លងមកជាហូរហែតែងមានការចោទសួរថា អ្វីទៅជាធនាគារសំរាម? ធនាគារសំរាម សំដៅដល់ការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងការរៀបចំទុកដាក់ និងប្រមូលប្លាស្ទិកទុកដាក់មួយកន្លែង មិនថាតែសំបកដប ឬថង់ បានន័យថារបស់របរដែលពាក់ព័ន្ធនឹងប្លាស្ទិក យកមកដាក់មួយកន្លែង ហើយរៀបចំលក់ចេញឱ្យអេតចាយសម្រាប់យកទៅកែច្នៃបន្ត ដើម្បីទទួលបានថវិកាយកទៅប្រគល់ឱ្យសិស្សានុសិស្សដែលក្រីក្របំផុតគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារៈសិក្សា។
ធនាគារសំរាម ដែលបានអនុវត្តនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ធ្វើឡើងតាមរយៈការបែងចែកសំរាមចេញជា ៣ ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ជំហានបន្តក្រសួងបរិស្ថានក៏គ្រោងនឹងបង្កើតធនាគារសំរាមថែមទៀត។ ដោយហេតុថា ក្រសួងបានបង្កើតនូវធនាគារសំរាមរួចមកហើយនៅខេត្តក្រចេះ ដូច្នេះទិសដៅបន្ត ក្រសួងនឹងបង្កើតធនាគារសំរាមបន្ថែមទៀត ដើម្បីជំរុញឱ្យការទុកដាក់សំរាមកាន់តែមានប្រសិទ្ធភាព។
ក្នុងការអនុវត្តការបង្កើតធនាគារសំរាម លោករដ្ឋមន្រ្តីបានលើកឡើងពីការអនុវត្តគោលការណ៍ ៤R។ គោលការណ៍ ៤R សំដៅដល់ (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ បដិសេធ និងកែច្នៃជារបស់ប្រើប្រាស់)។
ការអនុវត្តន៍អាចសម្រេចទៅបាន លុះត្រាតែចាប់ផ្តើមអនុវត្តពីមូលដ្ឋានទៅ ដោយការញែកសំរាម និងការទុកដាក់សំរាមបានត្រឹមត្រូវ។ លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់ថា «ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តឱ្យបានចំពោះការងារនេះ ដើម្បីឈានទៅការកៀរគរធនធានក្នុងការទិញធុងសំរាមចែកជូនសាលារៀន វត្តអារាម ទីសាធារណៈ មណ្ឌលសុខភាពជាដើម និងជំរុញការរៀបចំយុទ្ធនាការញែកសំរាម រៀបចំធនាគារសំរាម និងជំរុញការអនុវត្តគោលការណ៍ ៤R។
«បើយើងគង់តែញែកសំរាមចេញដដែល ដូច្នេះយើងជូនធុងដល់ប្រជាពលរដ្ឋទូទៅ និងសិស្សានុសិស្សនៅតាមសាលា បង្រៀនឱ្យពួកគាត់ចេះទុកដាក់សំរាម ហើយថែមទាំងអាចទទួលបានថវិកាជូនជនក្រីក្រ នេះជាការរួមចំណែកមួយដ៏ល្អ និងជាការលើកទឹកចិត្តមួយដែរដល់ពលរដ្ឋ»។ លោក រដ្ឋមន្រ្តីបញ្ជាក់បន្ថែម។
ចំពោះការងារបរិស្ថាន លោករដ្ឋមន្រ្តីក៏បានលើកឡើងពីភាពចាំបាច់ ក្នុងការគ្រប់គ្រងគុណភាពបរិស្ថានតាមរយៈការរៀបចំហេដ្ឋារចនាសម្ពន្ធនៅទីលានទុកដាក់សំរាមប្រកបដោយគុណភាព ចៀសវាងការខាតបង់ថវិការដ្ឋ ខាតបង់ថវិកាកម្ចី ខាតបង់ពេលវេលា ព្រមទាំងការប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់