ព័ត៌មានជាតិ
រដ្ឋកៀរគរថវិកាបានជាង ១១ លានដុល្លារ ក្នុងមូលនិធិកសាងព្រំដែនត្រឹមរយៈពេល៤ថ្ងៃ
គិតត្រឹមយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការជាតិនិយម ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» រដ្ឋកៀរគរថវិកាបានជាង ១១លានដុល្លារ តាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាង ២៥ ម៉ឺននាក់។ នេះបើយោងតាមការប្រកាសរបស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ជុំវិញការចូលរួមយ៉ាងផុសផុលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវថ្នល់ ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ ការភ្ញាក់ផ្អើលនេះបន្ទាប់ ពីប្រជាជននៅតាមមូលដ្ឋានបានស្រុះដៃគ្នា ចូលរួមបរិច្ចាគថវិកា ចាប់ពី ១០០រៀល ដល់ ៥ពាន់រៀល ។ ទោះបីជាចំនួនទឹកប្រាក់នេះតិចតួច ប៉ុន្តែសម្រាប់សម្តេចតេជោវិញ ចាត់ទុកថា ថវិកាទាំងនេះពិតជាមានសារៈសំខាន់ណាស់ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនដែលជាម្ចាស់ប្រទេស។
សម្តេចតេជោ បញ្ជាក់ថា ៖«នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជន ដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់»។
លោកបណ្ឌិត អេង កុកថាយ អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ឃើញថា ការរួមចំណែកដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តស្នេហាជាតិ និងជាសញ្ញានៃទំនុកចិត្តមកលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថា៖«បង្ហាញពីការចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍតំបន់ព្រំដែននេះ និងការការពារព្រំដែនពីប្រជាពលរដ្ឋដែលខា្វយខ្វល់ និងស្រឡាញ់ទឹកដី។ ការបរិច្ចាគនេះដើម្បីជំរុញឱ្យមានភាពជាម្ចាស់នៃការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងភូមិភាគឦសានដែលជាតំបន់ដាច់ស្រយាលជាងភូមិភាគផ្សេងៗ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច មានប្រសាសន៍ថា ការកៀរគថវិកាសម្រាប់ការសាងហេដ្ឋារចនានាសម្ព័ន្ធតាមព្រំដែននេះ ជាកម្លាំងជាតិដ៏ធំមួយ ដែលនឹងជំរុញការអភិវឌ្ឍនៅតាមព្រំដែន បម្រើទៅដល់សេវាកម្មនានា ការអភិវឌ្ឍសហគមន៍ និងវិស័យលក់រាយនៅតាមតំបន់ដែលដាច់ស្រយាល។
លោកថ្លែងថា៖«ការប្រមូលមូលនិធិសម្រាប់កសាងនេះជាកម្លាំងជាតិដ៏ធំមួយ ហើយបញ្ជាក់ប្រាប់ថាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺជាហេដ្ឋារចនាសម្ព័ន្ធរបស់យើងទាំងអស់គ្នា។ អ្នកដែលរួមចំណែកចូលទៅក្នុងការកសាងទាំងអស់នេះសុទ្ធតែបានរួមចំណែកសាងជាតិមាតុភូមិទាំងអស់គ្នាជាររបស់ខ្មែរ»។
ស្របពេលដែលចលនាជាតិនិយមកំពុងកើតមានជាច្រើនកន្លែងទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានាយករដ្ឋមន្រី្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅ ដើម្បីឱ្យបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់ តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយ ជីដូនជីតា។
គិតចាប់ពីថ្ងៃប្រកាសបង្កើតមូលនិធិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញលិខិតថ្លែងអំណរគុណ ជាបន្តបន្ទាប់ជូនសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួម “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ ក្នុងលិខិតថ្លែងអំណរគុណ សម្តេចធិបតី បានកោតសើរ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមសរបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។
គួរជម្រាបថា មូលនិធិនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ