ព័ត៌មានអន្ដរជាតិ
[វិភាគនយោបាយថៃ] រដ្ឋាភិបាលថ្មីលំបាកកើតនិងរស់ ក្រោមកណ្តាប់ដៃតុលាការធម្មនុញ្ញ
នយោបាយថៃហាក់កាន់តែកើនកម្តៅខ្លាំងឡើងៗនិងលំបាករកច្រកចេញឈានទៅបង្កើតរដ្ឋាភិបាលថ្មី ខណៈការប្រជែងសកម្មភាពនយោបាយក្នុងប្រទេសថៃកាន់តែក្តៅគគុក រួមទាំងចលនាដាក់ញត្តិឲ្យរំលាយគណបក្សភឿថៃក្រោយលោកថាក់ស៊ីនចេញធ្វើសកម្មភាពក្នុងសង្គមថៃដោយសេរីប្រកបដោយឥទ្ធិពលវិញ។
ភាពមិនចុះសម្រុងគ្នានាំទៅដល់ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយគណបក្សភឿថៃច្រានចោលគណបក្សនយោបាយដ៏សំខាន់មួយក្នុងរដ្ឋាភិបាលចម្រុះអាណត្តិលោកសេដ្ឋា ថាវីស៊ីន គឺគណបក្ស Pralang Pacharat ចេញពីគណរដ្ឋមន្ត្រីថ្មីដែលប្រុងបង្កើតនាពេលខាងមុខដ៏ត្រដាបត្រដួសនាពេលនេះ។
បើទោះបីសមាជិកសភាកាលថ្ងៃទី១៦ខែសីហាបានបោះឆ្នោតគាំទ្រលោកស្រី ផែថងថា ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីបន្តពីលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញសម្រេចដកចេញពីតំណែងកាលពីថ្ងៃទី១៤ខែសីហាក៏ដោយ ប៉ុន្តែរយៈពេល២សប្តាហ៍កន្លងមកនេះរដ្ឋាភិបាលថៃនៅតែដំណើរការក្រោមរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយ លោក Phumtham Wechayachai ជានាយករដ្ឋមន្ត្រីស្តីទី។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Paetorntan-in-meeting-with-people-1024x605.jpg)
ភាពប្រទាំងប្រទើសកាន់តែខ្លាំងនៅក្នុងនយោបាយថៃនាពេលនេះ គឺបន្ទាប់ពីការចេញមុខចេញមាត់ខ្លាំងជាសាធារណៈរបស់ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលរងការបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារកាលខែកញ្ញាឆ្នាំ២០០៦ពេលដែលលោកដឹកនាំគណៈប្រតិភូថៃទៅប្រជុំនៅអង្គការសហប្រជាជាតិ។
ការចេញមុខមាត់របស់លោកថាក់ស៊ីន គឺបានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយកូនស្រីរបស់លោកជាប់ឆ្នោតក្នុងសភាដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ដោយ លោក ថាក់ស៊ីននាពេលនោះ បានថ្លែងការណ៍យ៉ាងច្រើនជុំវិញការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច រួមមានការចេញប្រាក់ដល់ប្រជាពលរដ្ឋថៃចំនួន១០០០០បាតក្នុងមួយខែ ដើម្បីជំរុញកម្លាំងចំណាយក្នុងចរន្តសេដ្ឋកិច្ចជាដើម។
ការថ្លែងរបស់លោកដោយលម្អិតទៅលើសកម្មភាពគោលនយោបាយរបស់រដ្ឋាភិបាល បានធ្វើឱ្យចន្លោះប្រហោងសម្រាប់ក្រុមនយោបាយផ្ទុយគ្នា ដែលចាត់ទុកថា គណបក្សភឿថៃស្ថិតក្រោមការចាត់ចែងរបស់លោកថាក់ស៊ីនដែលនិរទេសខ្លួនជាង១៥ឆ្នាំ និងវិលចូលប្រទេសវិញកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ និងត្រូវទទួលរងនូវការកាត់ទោសឱ្យជាប់ពន្ធនាគារថែមទៀតពីបទធ្វើឱ្យប៉ះពាល់ដល់ព្រះមហាក្សត្រថៃ។
ចលនាប្រឆាំងគណបក្សភឿថៃបានផ្ទុះឡើងក្រោយវត្តមានរបស់លោកថាក់ស៊ីនលេចអណ្តែតជាថ្មីលើវិថីនយោបាយថៃដែលរងការធ្វើរដ្ឋប្រហារដោយយោធាទម្លាក់រដ្ឋាភិបាលរបស់លោកក្នុងឆ្នាំ២០០៦ និងម្តងទៀតក្រុមយោធាបានទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីរបស់លោក គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាក្នុងឆ្នាំ២០១៤។
នៅថ្ងៃទី១៩ខែសីហា ញត្តិដំបូងដែលប្តឹងរំលាយគណបក្សភឿថៃបានដាក់ទៅគណៈកម្មការបោះឆ្នោត (EC) ដោយចោទប្រកាន់គណបក្សនេះបានអនុញ្ញាតឱ្យលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នកនៅខាងក្រៅ ទៅគ្រប់គ្រងគណបក្ស។
ការប្តឹងស្នើរំលាយគណបក្សភឿថៃនេះក៏យោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃទី១៤ខែសីហាដែលរកឃើញនូវកំហុសរបស់លោក នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលខ្វះនូវសុច្ចរិតភាពក្នុងការតែងតាំងលោក Phichit Chuenban ដែលជាមេធាវីប្រចាំគ្រួសារលោកថាក់ស៊ីនជាយូរមកហើយនោះ ជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីដោយសារតែលោកធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Paetorntan4-2-1024x671.jpg)
ជម្លោះធំចុងក្រោយក្នុងនយោបាយថៃ គឺ លោកស្រីផែថងថាន បានច្រានចោលគណបក្ស Palang Pracharath សម្រាប់ការចូលរួមក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដោយសារមេដឹកនាំគណបក្ស Palang Pracharath មិនបានបោះឆ្នោតគាំទ្រលោកស្រី ផែថងថាន ធ្វើជានាយករដ្ឋមន្ត្រី។ កត្តានេះ បានធ្វើឲ្យគណបក្សភឿថៃងាកទៅរកគណបក្ស ប្រជាធិបតេយ្យ (Democrat Party) ដែលមានសមាជិកសភា២៥ មកចូលរួមជាមួយរដ្ឋាភិបាលចម្រុះវិញ។
ដោយសារការបដិសេធនេះ សមាជិកសភារបស់គណបក្ស Palang Pracharath លោក Ruengkrai Leekitwattana បានដាក់ញត្តិកាលពីថ្ងៃពុធទៅកាន់គណៈកម្មការបោះឆ្នោតដើម្បីបញ្ជាក់ពីភាពមិនគ្រប់លក្ខណៈសម្បត្តិរបស់លោកស្រីផែថងថាន ដែលកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុនឯកជន និងទើបបានលាលែងពីក្រុមហ៊ុននៅថ្ងៃទី១៩ខែសីហាប៉ុណ្ណោះ ពោលគឺរយៈពេល៣ថ្ងៃក្រោយសមាជិកសភាបោះឆ្នោតគាំទ្រលោកស្រីធ្វើជានាយករដ្ឋមន្ត្រី។
គណបក្ស Palang Pracharath ដឹកនាំដោយឧត្តមសេនីយ៍អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Prawit Wongsuwan ដែលជាអ្នកគាំទ្រលោកឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាកាលឆ្នាំ២០១៤។ ដោយបង្ហាញការមិនពេញចិត្តចំពោះការដកគណបក្សនេះចេញពីរដ្ឋាភិបាលចម្រុះ លោក Samart Jaenchaijiwanich ជំនួយការលោក Prawit Wongsuwan បាននិយាយថា សមាជិកសភាមកពីគណបក្សនេះ៣៩រូបបានបោះឆ្នោតគំាទ្រលោកស្រី ផែថងថាន នៅក្នុងសភាលើកលែកតែប្រធានគណបក្សដែលមានភារកិច្ចផ្សេង ហើយគណបក្សនេះនឹងធ្វើសកម្មភាពជំទាស់គណបក្សភឿថៃ។
ក្នុងស្ថានភាពទឹកជំនន់វាយប្រហារប្រទេសថៃភាគខាងជើង ទាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ធ្វើសកម្មភាពប្រមូលផ្តុំការជួយសង្គ្រោះនៅតំបន់រងគ្រោះ ត្រឹមនាមគណបក្សភឿថៃប៉ុណ្ណោះ មិនមែនក្នុងនាំដឹកនាំរដ្ឋាភិបាលថៃឡើយ។
គណបក្សភឿថៃក៏ទំនងប្រឈមការរំលាយក្រោមតុលាការធម្មនុញ្ញថៃដែលធ្លាប់បញ្ចប់តំណែងលោក ប្រាយុធ ចាន់អូចា នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ ការំលាយគណបក្សឈ្នះឆ្នោត ចលនាឆ្ពោះទៅមុខ (MFP) ការផ្អាកសកម្មភាពធ្វើនយោបាយរបស់អ្នកនយោបាយល្បីៗជាច្រើនទៀត៕
ដោយ រ៉ាន់ រើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច