ព័ត៌មានជាតិ
ដើមឥន្ធនេលជាង ១ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាបយកមកដាំនៅតាមដងផ្លូវក្រវ៉ាត់ក្រុង
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដើមឥន្ធនេលចំនួន ១ ៦០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាបយកមកដាំនៅតាមដងផ្លូវក្រវ៉ាត់ក្រុងក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមដាំពីសំណាក់ លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា និង លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។ ព្រមទាំងតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុងសៀមរាប លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើនរូប។

លោក ប្រាក់ សោភ័ណ្ឌ បានលើកឡើងថា ការដាំដើមឈើនាពេលនេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ធ មន្ត្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ ឱ្យចេះស្រឡាញ់ ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាជនក្នុងជីវភាពរស់នៅ បង្កបង្កើនផល កសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថាន សង្គមផងដែរ។ លោកថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើ ថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្ម អាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ថែមទាំងរក្សាស្ថិរភាពបរិយាកាស។
ទន្ទឹមនេះ ព្រៃឈើផ្តល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ។

លើសពីនេះ ត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ បណ្តុះទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល និងអនុផលព្រៃឈើ គ្រប់ប្រភេទ និងបណ្តុះនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ។ ចំពោះកូន ឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ៕





ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?