Connect with us

ព័ត៌មានជាតិ

ស្រូវ ២១៧ហិកតា នៅឃុំអណ្តូងទឹក មានសភាពល្អប្រសើរឡើងវិញ ក្រោយអស់សត្វល្អិតចង្រៃ

បានផុស

នៅ

ស្រូវស្រែរបស់ប្រជាពលរដ្ឋប្រមាណ ២១៧ហិកតា នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានសភាពល្អប្រសើរឡើងវិញប្រមាណ៥០% ក្រោយបញ្ចប់សត្វមមាចត្នោត សត្វសង្កើចខ្មៅ និងកង្វះប្រភទទឹកស្រោចស្រព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នេះថាកន្លងទៅ ប្រជាពលរដ្ឋភូមិជីមាល ឃុំអណ្តូងទឹកចំនួន ៨២គ្រួសារ បានរងប៉ះពាល់ការផុសជាតិប្រៃពីក្នុងដី និងសត្វមមាចត្នោត សត្វសង្កើចខ្មៅ ក៏ដូចជាកង្វះទឹកធ្វើកសិកម្ម ទើបបណ្តាលឱ្យស្រូវប្រែស្លឹកលឿងរិចរឹល។ យ៉ាងណាមិញ លោកស្រី អភិបាលរងខេត្ត អះអាងថា បន្ទាប់ពីមានភ្លៀងធ្លាក់ ២-៣ថ្ងៃកន្លងមកនេះ សភាពស្រូវក្នុងស្រែបច្ចុប្បន្នបានល្អប្រសើរប្រមាណ៥០% ដោយស្រូវរបស់ពលរដ្ឋមានសភាពខៀវខ្ចីលូតលាស់ល្អឡើងវិញ។

ចំណែក លោកស្រី ឯម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ធ្លាប់បានបញ្ជាក់ដែរថា លោកស្រី បានចាត់មន្ត្រីជំនាញរបស់មន្ទីរ ណែនាំដល់កសិករម្ចាស់ស្រែរង់ចាំពេលមានទឹកភ្លៀងធ្លាក់លាងច្រោះ ទើបអាចបាចជីបំប៉នទៅលើដំណាំស្រូវដែលរងផលប៉ះពាល់នោះបាន ដើម្បីឱ្យដំណាំស្រូវលូតលាស់ឡើងវិញ ពិសេសប្តូរឫសថ្មី។ លោកស្រីបន្តថា ដើម្បីកែប្រែស្រែដែលខូចខាតបានទេ មានតែការរង់ចាំមានភ្លៀងធ្លាក់ប៉ុណ្ណោះ ដែលអាចដោះស្រាយបាន។ រីឯកសិករមានប្រភពទឹក គាត់អាចបូមបញ្ចូលស្រែ (បញ្ចូលទឹក និងបង្ហូរទឹកចេញ) ដើម្បីបន្សាប កំហាប់អំបិល។ ប៉ុន្តែករណីកសិករណាដែលពុំមានបញ្ហាប្រព័ន្ធឫស តម្រូវឱ្យកសិករប្រើប្រាស់ថ្នាំតាមបច្ចេកទេស។

លោកស្រីបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅតែបន្តសហការ អនុវត្តជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធតាមបណ្តាស្រុកដែលដាំដុះស្រូវ ដើម្បីអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាចំពោះស្រូវស្រែរបស់ពលរដ្ឋដែលរងការប៉ះពាល់អំឡុងរដូវវស្សា៕

អត្តបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម