ព័ត៌មានជាតិ
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរស្នើដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា
រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ស្នើឡើងដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖ ១) សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ និង២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុម័តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ មាន១៦ជំពូក និង១១៣មាត្រា ដែលកំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់តាំងពីឆ្នាំ២០១៣ ដោយផ្អែកលើមូលដ្ឋានសិក្សាស្រាវជ្រាវ ពិគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារគតិយុត្តជាតិ-អន្តរជាតិជាច្រើន។ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបចំនួន១១៦លើក។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤ ត្រង់មុំទី៤ ចំណុចទី៥ ដែលតម្រូវឱ្យមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ កម្ពុជាបានប្តេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យសម្រេចបាន៥០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់ អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ មាន១៦មាត្រា និងឧបសម្ព័ន្ធចំនួន២ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យមានឯកភាវូបនីយកម្មលើបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាព បទដ្ឋានបច្ចេកទេស និងការការពារបរិស្ថានក្នុងវិស័យយានយន្ត ជាមួយបណ្តារដ្ឋភាគីដទៃ។

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយជួយបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារអន្តរជាតិដោយមិនមានរនាំងបច្ចេកទេស និងអ្នកប្រើប្រាស់នៃបណ្តាប្រទេសជារដ្ឋភាគីនឹងទទួលបានយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយ ផលប៉ះពាល់ចំពោះបរិស្ថាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ