ព័ត៌មានជាតិ
ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ សាងសង់រួចរាល់ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ
ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ ក្រោយចំណាយពេលសាងសង់ជាងមួយឆ្នាំ។
កាលពីម្សិលមិញនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលបានកែសម្រួលពីចំណតផែទំនិញទូទៅបានចាប់ផ្តើមប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រជាលើកដំបូង ជាមួយនឹងការចូលចតនៃនាវាកុងតឺន័រ គិតចាប់តាំងពីពេលវេលាបញ្ចប់ការដ្ឋានសាងសង់កែសម្រួលមក។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចំណតផែកុងតឺណ័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC (០២ គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG (០៦ គ្រឿង) ដែលជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។
ចំណតផែកុងតឺណ័រថ្មីរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ០១ ខែ ឧសភា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ។
ការសាងសង់ចំណតផែកុងតឺណ័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទន្ទឹមការប្រកាសបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅជំហានទី ១ របស់កំពង់ផែក្រុងព្រះសីហនុ។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ ដែលបានចាប់ផ្តើមដំណើរការសាងសង់មានប្រវែង ៣៥០ ម៉ែត្រ មានជម្រៅទឹក ១៤,៥ ម៉ែត្រ មានសមត្ថភាពអាចឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០ DWT (ឬស្មើនឹង ៤.០០០ TEUs) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដឹកជញ្ជូនទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ៣៦ ខែ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី ១ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី ៣ បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លាន TEUs ក្នុងមួយឆ្នាំ។
ការចាប់ផ្តើមការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី ៣ កំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។
កម្ពុជាដាក់ផែនការប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់ តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហានជាបន្តបន្ទាប់ ដោយចាយកញ្ចប់ទឹកប្រាក់សរុបប្រមាណ ៩៧៣ លានដុល្លារអាមេរិក។
តាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាន នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូចឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា