Connect with us

ព័ត៌មានជាតិ

បង្វែរពីលើគោក មកស្គាល់​​តំបន់​ទេសចរណ៍​លើ​ទឹក​ល្បីៗ​ទាំង ១០ កន្លែង ជុំវិញ​​បឹង​ទន្លេសាប

បានផុស

នៅ

បឹងទន្លេសាប​ជា​បឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និង​ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិដ៏សំខាន់របស់ប្រទេស​កម្ពុជា។

សម្រាប់ពលរដ្ឋ​កម្ពុជា បាន​ហៅបឹងទន្លេសាបដូចជា​កូនសមុទ្រទឹកសាប ដោយសារវិសាលភាពផ្ទៃ​បឹងដ៏​ធំ​ល្វឹងល្វើយមើលឃើញ​​ដាច់កន្ទុយភ្នែក​។

​សក្តានុពលនៃធនធានធម្មជាតិ និង​ជីវចម្រុះ​ជាច្រើន​អនេក បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​ក្លាយជាគោល​ដៅ​ដ៏ទាក់ទាញ​​សម្រាប់ភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍។ មាន​ខេត្ត​ចំនួន ៦ ដែល​មាន​ភូមិសាស្រ្ត​​ព័ទ្ធ​ជុំវិញបឹងទន្លេសាបមានដូចជា​ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។

បង្វែរពីលើគោក កម្ពុជាថ្មី​ណែនាំ​​ឲ្យ​ស្គាល់​​តំបន់​ទេសចរណ៍​លើ​ទឹក​ល្បីៗ​ទាំង ១០ កន្លែង នៅ​ខេត្ត​ជុំវិញ​​បឹង​ទន្លេសាបមានដូចជា៖

ក. ខេត្តសៀមរាប

>កំពង់ឃ្លាំង

សហគមន៍ទេសចរណ៍កំពង់ឃ្លាំងស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ផ្អែកតាមលក្ខណៈភូមិសាស្ត្រសហគមន៍​នេះ ក្រៅអំពីសក្តានុពលខាងនេសាទ គឺវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងចង់សិក្សាស្វែងយល់អំពី​របៀបរបបនៃការរស់នៅរបស់ប្រជាជន អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅតាមមាត់បឹងទន្លេសាប​ដូចជា​ធ្វើផ្អក ប្រហុក ត្រីឆ្អើរ អាចធ្វើដំណើរ​មក​ទស្សនា​នៅ​សហគមន៍កំពង់ឃ្លាំង។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ​មានបម្រើ​សេវាកម្មដល់​ភ្ញៀវទេសចរ​មាន​ដូចជា៖

-សេវាកម្មកាណូតទេសចរណ៍
-សេវាកម្មទូកអុំទស្សនាក្នុងភូមិ និងក្នុងព្រៃលិចទឹក
-សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជះ

>ចុងឃ្នៀស

តំបន់ទេសចរណ៍ចុងឃ្នៀស ជាច្រកទស្សនាបឹងទន្លេសាប​ក្នុងចំណោមច្រកទាំង ៤ (មាន​សហគមន៍ទេសចរណ៍ចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង)​ នៅក្នុង​ខេត្ត​សៀមរាប ដើម្បី​អាច​ទស្សនា​សត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹក ព្រមទាំងទេសភាពបរិស្ថាន​នា​បឹងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

តំបន់ទេសចរណ៍ចុងឃ្នៀស មានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយ​អាច​ធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ ២០ គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយ​ដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម​​។

>កំពង់ភ្លុក

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន ០៣ ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម មានចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយ​អាច​ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

សហគមន៍នេះ មានភាពទាក់ទាញដល់អ្នកទេសចរ ដោយសារផ្ទះប្រជាជន​សាងសង់​​ខ្ពស់ៗផុតពី​ផ្ទៃទឹក អាច​ទស្សនាភូមិ​បណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ។ អ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋាន​បណ្តែតទឹក បែរចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃ​រៀប​លិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។

លក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ៩៦១។ ក្រុមស្ត្រីអុំទូកនេះ មិនត្រឹមតែជា​អ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:​ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកបានតាមរយ:រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយ​ប្រើរយៈពេលប្រមាណជា ២៥ នាទី ពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកធ្វើដំណើរ​តាមកាណូតទៅកាន់សហគមន៍ ដោយប្រើរយៈពេលប្រមាណ ២០ នាទីទៀត ទើបទៅដល់សហគមន៍កំពង់ភ្លុក។

>បឹង​ពារាំង

បឹងពារាំង ស្ថិតនៅជាប់មាត់បឹងទន្លេសាប ស្ថិតនៅ​ក្នុង​សង្កាត់ជ្រាវ-សង្កាត់សៀមរាប ចម្ងាយ ១៦ គម ខាងត្បូងក្រុងសៀមរាប និង ២ គម ខាងជើងបឹងទន្លេសាប។

 

បឹងពារាំងជាទីជម្រកមច្ឆាជាតិ និងជីវចម្រុះជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណ​ជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ហើយ​បច្ចុប្បន្នត្រូវបាន​ការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់បំផុតដោយសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ។

ខ. ខេត្តបាត់ដំបង

>សហគមន៍អេកូទេសចរណ៍ព្រែកទាល់

សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាដែនជំរកសត្វស្លាបដ៏ធំបំផុតនៅកម្ពុជា ដែលមានប្រភេទសត្វបក្សីជាច្រើនប្រភេទកំពុងរស់នៅ។ ព្រែកទាល់ស្ថិតនៅក្នុង​ឃុំ​កោះ​ជីវាំង ស្រុក​ឯក​ភ្នំ មានទីតាំងនៅទិសពាយព្យ (ខាងជើងឈៀងខាងលិច) ខេត្តបាត់ដំបង ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត។

តំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។ នៅ​រដូវប្រាំង (​តុលា​-​ឧសភា​) ប្រភេ​ទ​សត្វ​ស្លាបកម្រ​​ដូចជាទុង ក្រ​សា និង​ សត្វ​ជាច្រើន​ប្រភេទ​ទៀត ​បានមក​រស់​នៅ​និង​បង្កាត់​ពូជ​។

ភ្ញៀវទេសច​អាច​គយគន់​សម្រស់​នៃ​ព្រះអាទិត្យ​លិច និង​អាច​ផ្តិត​យក​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​លើ​ក្បូន​ឫស្សី ឬ​ផ្ទះទឹកដែល​ផ្លាស់​ប្ដូរ​ទៅតាម​ការឡើងនិង​ស្រក​នៃ​ផ្ទៃ​ទឹក​បឹង​។ នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់ ក៏​មានផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​​។

គ.ខេត្តកំពង់ធំ

>ផាត់សណ្តាយ

ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិស្ថិតក្នុងខេត្តកំពង់ធំ មានសក្តានុពលទេសចរណ៍ពីធម្មជាតិ។

សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ បង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ ហិកតា។

អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានសក្តានុពលជាទីចាប់អារម្មណ៍ ដោយសារទីនេះមានព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទឱ្យចំណី និងទស្សនាត្រីមេពូជ ទស្សនាព្រែកអភិរក្សទាំង ៥ របស់សហគមន៍ សេវាកម្មផ្ទះស្នាក់ បោះតង់ ម្ហូបអាហារ មានកាណូតតូចធំ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តតាមព្រៃ​សហគមន៍ ទស្សនាថ្ងៃរះនិងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាបជាដើម។

ភ្ញៀវទេសចរមិនត្រឹមតែអាចសម្រាកលម្ហែកាយយ៉ាងសប្បាយរីករាយជាមួយនឹងទេសភាពធម្មជាតិប៉ុណ្ណោះទេ ភ្ញៀវទេស ចរក៏អាចមើលឃើញផ្ទាល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍រស់នៅជុំវិញនោះប្រមាណជាង ១ ០០០ គ្រួសារ ដែលភាគច្រើនពឹងអាស្រ័យលើវិស័យទេសចរណ៍។

សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ អ្នកទេសចរមានជម្រើសចំនួនពីរ ដើម្បីធ្វើដំណើរមកកាន់សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ដោយអាចធ្វើដំណើរតាមផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូ និងតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍បាន។

អេកូទេសចរណ៍ធម្មជាតិនេះ ជាកន្លែងកម្សាន្តសម្រាកលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុត ជាមួយនឹងសោភ័ណភាពស្រស់ស្អាត នៃផ្ទះបណ្តែតទឹក ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី (ប្រភេទឈើព្រៃលិចទឹក) ដែលមានទំហំដ៏ធំ (១២ ឱបមនុស្សពេញវ័យ) និងមានអាយុកាលជាង ២០០ឆ្នាំ។

>បឹងទន្លេឆ្មា

បឹង​ទន្លេឆ្មា ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលមាន​ចម្ងាយ ​៣០​គ​.​ម ពី​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ។ បឹងទន្លេឆ្មាជាតំបន់ជម្រក​បក្សី​គ្រប់ប្រភេទគ្របដណ្តប់លើ​ផ្ទៃដី​ ៤០០​ ហិកតា សំបូរ​ទៅដោយ​ព្រៃ​លិច​ទឹក​ និងកន្លែងមួយ​ដ៏ទាក់ទាញបំផុតសម្រាប់​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

បឹងទន្លេឆ្មាគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបានកំពុងក្លាយជាគោលដៅទេសចរណ៍ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តកំពង់ធំ បន្ទាប់ពីប្រាសាទសំបូព្រៃគុក។

ក្រៅអំពីហ្វូងសត្វបក្សីជាច្រើនប្រភេទរស់នៅ​មានដូចជាកុក ក្អែក ទឹក ប្រវឹក ក្រៀល ស្មោញជាដើម ដែលជាចំណីចក្ខុសម្រាប់​អ្នកទេសចរ ភ្ញៀវទេសចរក៏អាចធ្វើការសិក្សាស្វែង​យល់អំពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ​សហគមន៍​នេសាទនៅទីនោះផងដែរ។

ប្រសិនបើភ្ញៀវទេសចរមានបំណងចង់ទៅទស្សនា សត្វស្លាបនៅតំបន់បឹងទន្លេឆ្មា ចាំបាច់ត្រូវធ្វើដំណើរចេញពីទីរួមខេត្តដោយ​ការជិះទូកម៉ាស៊ីន ដែលត្រូវចំណាយពេលប្រហែលជា ២ ម៉ោងនៅតាមដងស្ទឹងសែន។ តំបន់បឹងទន្លេឆ្មា មានទីតាំងស្ថិតនៅក្នុងទឹកដីនៃ ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយនឹងខេត្តកំពង់ឆ្នាំង។

ឃ. ខេត្តពោធិ៍សាត់

>ជំរំសត្វស្លាប បឹងព្រះពន្លៃ

ជំរំសត្វស្លាបបឹងព្រះពន្លៃ គឺជាតំបន់អេកូទេសចរណ៍មួយដែលមានសត្វស្លាបជាច្រើនប្រភេទ ត្រី និងសត្វល្មូន រស់នៅក្នុង​បឹង​ធម្មជាតិទំហំ ២២៤ ហិតា។ បឹងព្រះពន្លៃ ស្ថិតនៅក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ហើយ​ភ្ញៀវទេសចរអាចធ្វើដំណើរត្រឹមតែ ២៨ គីឡូម៉ែត្រតែប៉ុណ្ណោះពីទីរួមខេត្តពោធិ៍សាត់។

ប្រសិនបើភ្ញៀវទេសចរ ចង់ទស្សនា​គឺចាប់ពីម៉ោង ១៧ ដល់ម៉ោង ១៨ ល្ងាច ហើយហើរចេញនៅម៉ោង ៦ ព្រឹក។ តាមទម្លាប់ជាច្រើនឆ្នាំកន្លងមក រយៈពេលដែលសត្វស្លាបទាំងនេះមករស់នៅច្រើន​កុះករនោះ គឺចាប់ពីខែសីហា រហូតដល់ខែមករា។

ពាក់ព័ន្ធការធ្វើដំណើរ ភ្ញៀវទេសចរដែលចេញដំណើរ​ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៥ មកដល់ទីរួមខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រលេខ ១៩១ រួចបត់ទៅឆ្វេងតាមដងផ្លូវជាតិលេខ ៥៥ (កាត់តាមបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ) រហូតដល់គីឡូម៉ែត្រលេខ ២៥ បត់ទៅស្តាំចម្ងាយ ៣ ទៅ ៤ គីឡូម៉ែត្រ នឹងទៅដល់ជំរំសត្វស្លាបច្រើនប្រភេទរាប់ម៉ឺនសែនក្បាលនោះជាក់ជាមិនខាន។

>កំពង់លួង

សហគមន៍នេះមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ទិដ្ឋភាពក្នុងភូមិមានភូមិចំនួន ៤ នៅលើទឹក និង ១ ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី ១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង ហើយពលរដ្ឋ​ប្រកប​មុខរបរចម្រុះដូចជានេសាទត្រី និងជួញដូរផ្សេងៗ។

នៅ​ពេលយប់ ភូមិបណ្តែតទឹកនៅ​សហគមន៍ភូមិបណ្តែតទឹកកំពង់លួង «ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក»។ ទេសចរអាចជិះទូកកម្សាន្តទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងមើលថ្ងៃលិចជះចែងមកលើផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាត។​

បើទេសចរចង់ទៅលេងសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ពេលធ្វើដំណើរតាមផ្លូវ​ជាតិលេខ ៥ ទៅដល់ផ្សារក្រគរមានផ្លូវបំបែកជាបួនរវាងផ្លូវជាតិលេខ ៥ និងលេខ ៥៤ និងផ្លូវលេខ ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិ​លេខ ៥៤ ពីទីប្រជុំជនស្រុកក្រគរ​ចម្ងាយ ៧ គីឡូម៉ែត្រ។

បន្ទាប់មកត្រូវឆ្លងកាត់ភូមិទី ៤ សាលាឃុំកំពង់ហ្លួង និងអនុវិទ្យាល័យកំពង់ហ្លួង ទើបទៅដល់មាត់ទឹកដែលទីនោះ​​មានទូកតូច-ធំ នៅតម្រៀបគ្នារង់ចាំដឹកភ្លៀវទេសចរ និងដឹកទំនិញផ្សេងៗទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។

ង. ខេត្តកំពង់ឆ្នាំង

>ភ្នំនាងកង្រី

ភ្នំកង្រី គឺជាភ្នំមួយបង្កប់រឿងព្រេងនិទានប្រវត្តិសាស្ត្ររបស់ខ្មែរគឺ «រឿងពុទ្ធិសែននាងកង្រី» ដែលភ្នំមួយនេះមានទំហំរាប់ពាន់​ហិកតា ស្ថិតនៅក្នុងឃុំត្រងិល និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ស្ថិតនៅទិសខាងជើងក្រុងកំពង់ឆ្នាំង ភ្ញៀវទេសចរអាចទៅ​កម្សាន្ត​បាន​​ទាំងរដូវប្រាំង និង​រដូវវស្សាប៉ុន្តែគឺត្រូវឆ្លងដតាមកំពង់ផែទេសចរណ៍ដើម​ពោធិ៍ផ្សារក្រោម ដោយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេចំនួន ៣ ទើបទៅដល់ភ្នំនេះ។​

នៅពេល​ធ្វើដំណើរ​ទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង ​ត្រូវបន្តដំណើរឆ្លងកាត់ភូមិ​ចំនួន ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែង​តាសុក និងអណ្ដូង​រនុក ដែលកាត់តាមច្រកភ្នំត្របែក ទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថា “ពោធិ៍ដំណាក់” បត់ឆ្វេងដៃដើរ​កាត់តាមវាលស្រែចម្ងាយប្រមាណ ៧គ.ម ទើបដល់ភ្នំនាងកង្រី។

ភ្នំនាងកង្រីនេះបើគេសំឡឹងមើលពីមាត់ទន្លេផ្សារក្រោមក្នុងទីរួមខេត្តកំពង់ឆ្នាំងទៅ គេនឹងឃើញតួភ្នំនាងកង្រីដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ មានសក់ក្បាល ចង្កេះ គូថ និងជើង ដែលនៅក្នុងរឿងព្រេងនិទានបុរាណបាននិយាយថា សពនាងកង្រីស្លាប់ទៅ បានកើតទៅជាភ្នំមួយនេះ។

ភ្ញៀវ​ទេសចរអាច​កម្សាន្តទេសភាពនៅជើងភ្នំដ៏ស្រស់ត្រកាល អាចហែលទឹកកម្សាន្ត និងមើល​ទេសភាពថ្ងៃរៀបលិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ៤៤ នាទីutes មុន

អំឡុង​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​ នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ១ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តកែប៖ ក្តាម​សេះ​ខេត្ត​កែប​មាន​រសជាតិ​​ឆ្ងាញ់ ដោយសារ​មាន​ស្មៅ​សមុទ្រ​ជា​ចំណី​ពិសេស

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ ជូនដំណឹងដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវព្រះស៊ីសុវត្តិ ពីការរៀបចំ ផ្លូវថ្មើរជើង

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២១ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម