Connect with us

ព័ត៌មានជាតិ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរ ប្រគល់អណ្តូងស្នប់ទឹក ដល់ពលរដ្ឋខ្វះខាត

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយ និងអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប បាននិមន្ត និងអញ្ជើញប្រគល់អណ្តូងស្នប់ទឹកដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្រ្តាលី ចំនួន ៣គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិខ្វៀន និងភូមិនគរក្រៅ ក្នុងសង្កាត់គោកចក។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ លើបញ្ហាកង្វះទឹកប្រើប្រាស់ ដោយត្រូវចុះជីកអណ្តូងទឹកនៅតាមភូមិ ជូនដល់ពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា ដែលកំពុងតែប្រឈមខ្លាំងបំផុត។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាបន្ថែមថា បញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជាគន្លឹះដ៏សំខាន់ ដូច្នេះទឹក ជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ។

ក្នុងនាមតំណាងឱ្យអាជ្ញាធរ សង្កាត់គោកចកក្រុងសៀមរាប  លោកស្រី ញ៉ក់ មនោរ័ត្ន សមាជិកក្រុមប្រឹក្សាសង្កាត់ បាន ថ្លែងអំណរគុណ ដល់សប្បុរសជននៅប្រទេសអូស្រ្តាលីដែលបានបរិច្ចាគទ្រព្យសម្បត្តិ តាមរយះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ដើម្បីធ្វើអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនាពេលនេះ។ លោកស្រី បានបន្ថែមថា តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ក្នុងការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត។

ជាមួយគ្នានោះ លោកស្រីបានធ្វើការណែនាំ និងសំណូមពរឱ្យប្រជាពលរដ្ឋ ដែលទទួលបានការប្រើប្រាស់ទឹកអណ្តូងស្នប់នេះ សូមថែរក្សា និងការពារឱ្យបានយូរអង្វែង ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម