ព័ត៌មានជាតិ
គណៈប្រតិភូ ៨ ប្រទេស បំពេញទស្សនកិច្ចឈ្វេងយល់សកម្មភាពមីននៅកម្ពុជា
គណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហានមកពីប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា បង់ក្លាដេស អារ៉ាប៊ីសាអ៊ូឌីត សំប៊ី តង់ហ្សានី និងប្រេស៊ីល អមដោយនិស្សិតមកពីមហាវិទ្យាល័យការពារជាតិឥណ្ឌា បានមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។ ទស្សនកិច្ចនេះ ដឹកនាំដោយ មន្រ្តីជាន់ខ្ពស់ការពារជាតិឥណ្ឌា ឧត្តមសេនីយ៍ទោ Mukesh Aggarwal។
ទស្សនកិច្ចឈ្វេងយល់នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីន ដោយទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហាន។

ក្នុងជំនួបនោះលោក លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលបានរួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីនតាមរយៈការផ្តល់នូវអវយវៈសិប្បនិមិត្ត ចាប់តាំងពីឆ្នាំ២០២២ អំឡុងពេលដែលវិស័យសកម្មភាពបានទទួលការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

បើតាមលោក លី ធុជ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន បានជ្រើសយកខេត្តកោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការងារបោសសម្អាតមីន។ ក្នុងនោះភូមិចំនួន ៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច ក្រោមការគាំទ្រពី “គម្រោងផ្តល់ផលរហ័ស” ដំណាក់កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ០៤ បន្ថែមទៀតក្នុងខេត្តកោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែលគ្រោងប្រកាសជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដោយចាត់ទុកថា ការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព។

គួរជម្រាបថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយដែលបានអនុវត្តដោយជោគជ័យនូវសកម្មភាពដោះមីន ការផ្តល់ដីប្រកបដោយសុវត្ថិភាពដល់ប្រជាជន និងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ជាងនេះទៅទៀត អាជ្ញាធរមីនកម្ពុជាបាននិងកំពុងចែករំលែកយ៉ាងសកម្មនូវជំនាញរបស់ខ្លួនតាមរយៈការបញ្ជូនមន្ត្រីបច្ចេកទេសទៅក្រៅប្រទេសដើម្បីផ្តល់ការបណ្តុះបណ្តាល និងផ្លាស់ប្តូរចំណេះដឹងជាមួយប្រទេសផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ