ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅចុងឆ្នាំ២០២៤
ស្របពេលដែលមានការសាយភាយព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤ ក្នុងគោលបំណងកាត់បន្ថយឱ្យមកកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់ និងទទួលព័ត៌មាន ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន។ ជាពិសេស តាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យា Ai ដែលកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងជាប់លាប់ និងខ្លាំងខ្លា ក្នុងការកំណត់ដាក់ចេញនូវយន្តការ និងរិះរកមធ្យោបាយនានា សម្រាប់គាំទ្រដល់ការដាក់ចេញនូវវិធានការសមស្របដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ លើការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាន និងប្រពន្ធផ្សព្វផ្សាយ។
ឆ្លើយតបនឹងបញ្ហានេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤ ក្នុងគោលបំណងកាត់បន្ថយជាអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គោលដៅនៃយុទ្ធនាការនេះ ផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។

លោកលើកឡើងថា ក្រសួងព័ត៌មាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ លោកបន្ថែមថា «ការប្រឆាំងព័ត៌មានក្លែងក្លាយចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួលចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង»។
បច្ចុប្បន្ន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន។ ការធ្វើបែបនេះ ជាការរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មាន ហើយទទួលបានមកវិញនូវការបង្កើនទំនុក ចិត្តគ្នាទៅវិញទៅមកក្នុងសង្គម ព្រមទាំងបញ្ចៀសការខាតបង់ពេលវេលា ប្រាក់កាស និងព្យសនកម្មនានា ដែលអាចមានជាយថាហេតុ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិ។ ដូច្នេះ ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។ នេះជាការគូសបញ្ចាក់របស់លោកទេព អស្នារិទ្ធ។

លោកបន្ថែមទតថា ការរស់នៅក្នុងសង្គមឌីជីថល មនុស្សម្នាក់ៗចាំបាច់ត្រូវពង្រឹងខ្លួនឯងជាអ្នកប្រើប្រាស់ព័ត៌មាន ឆ្លាតវៃដែលមានទំនួលខុសត្រូវ ដោយប្រជាពលរដ្ឋម្នាក់ គឺជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ ទី១. បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន។ ទី២. កុំទាន់ជឿលើប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីព ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត។
ទី៣. លើកកម្ពស់សារៈសំខាន់ និងចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារ ផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។ ទី៤. ចែករំលែក ឬផ្សព្វផ្សាយតែ ព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃ សម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួន និងខ្លួនឯងផ្ទាល់៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ