ព័ត៌មានជាតិ
ចិន ផលិតនាវាចម្បាំងពិសេស២គ្រឿងឱ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ
រដ្ឋាភិបាលចិន ផលិតនាវាចម្បាំងថ្មីពិសេសចំនួន២គ្រឿងឱ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចការពារដែនសមុទ្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ថា នាវាដែលចិនផ្តល់មកឱ្យកម្ពុជាមិនមែនជានាវា ដែលមកចូលចតនាពេលនេះទេ ប៉ុន្តែជានាវាធ្វើថ្មីពិសេសសម្រាប់កម្ពុជាចំនួន២គ្រឿង ប្រភេទ ០៥៦C ដែលគ្រោងនឹងរួចរាល់ និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ២០២៥ ឬយូរជាងហ្នឹង។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដូច្នេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយព័ត៌មានពីកាសែតបរទេសមួយ ថា រដ្ឋាភិបាលចិនត្រៀមផ្ទេរនាវាចម្បាំង២គ្រឿងឱ្យកម្ពុជានៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។

បើតាមលោកស្រី ម៉ាលី សុជាតា ការផ្តល់នាវាពីសំណាក់ភាគីចិន ធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការការពារ រក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ។ លោកស្រី ថា កម្ពុជា ក៏ធ្លាប់បានទទួលនូវការឧបត្ថម្ភជាច្រើនពីសំណាក់ដៃគូដទៃទៀតផងដែរ ដូចជា ការហ្វឹកហ្វឺន និងការផ្តល់គ្រឿងបរិក្ខា ជាដើម ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ សង្កត់ធ្ងន់ថា កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះ សុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសការគោរព និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។ ផ្ទុយទៅវិញ កម្ពុជាមិនអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការជាមួយដៃគូណាមួយ មកបំពានទៅលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ ជាពិសេសការប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។ នេះជាបន្ថែមរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដដែល៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ