ព័ត៌មានជាតិ
សម្តេចធិបតី ធានាការប្រើប្រាស់ថវិកាកសាងព្រំដែនប្រកបដោយតម្លាភាព និងចំគោលដៅ
គិតត្រឹមព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានថវិកាពីសប្បុរសជនជាង ១៩ លានដុល្លារ ដែលមានពលរដ្ឋចូលរួមជាង ៤០ម៉ឺននាក់។ ជុំវិញថវិកាដែលទទួលបាននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាថា រដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលមនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយតម្លាភាព និងចំគោលដៅ។
ការធានាអះអាងនេះ ជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់ពលរដ្ឋមួយចំនួន ដែលបានព្រួយបារម្ភពីការប្រើប្រាស់ថវិកាខ្ជះខ្ជាយ និងមិនមានតម្លាភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-05_11-20-01-1024x681.jpg)
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីធានាបាននូវតម្លាភាព និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ សម្តេចនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សយជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ សម្តេចធិបតី មានប្រសាសន៍ថា៖«តើយើងគ្រប់គ្រង(ថវិកា)យ៉ាងម៉េច ការធានានូវតម្លាភាព និងចំគោលដៅគឺជាកិច្ចការសំខាន់ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សយជូនដំណឹងប្រជាពលរដ្ឋ ឯកឧត្តម ខ្វាន់ ស៊ាម ខាងវិស្វកម្ម នឹងធ្វើផែនការលម្អិតនិងរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ» ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Screenshot-2024-09-05-143425-1024x552.png)
សម្តេចធិបតី ឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២៦០០ គីឡូម៉ែត្រ ធ្វើបាន ១៣៦០ គីឡូ ប្រមាណ ៥០ ភាគរយ នៅសល់ ១៣០០ គីឡូទៀត។ សម្តេចថ្លែងថា៖«យើងនឹងកំណត់ឱ្យច្បាស់ធ្វើពីកន្លែងណាដល់កន្លែងណា បង្គោលណា ចំណាយប៉ុន្មាន ត្រូវប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល»។
ជុំវិញការអភិវឌ្ឍនតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលនឹងបង្កើតភូមិនៅតំបន់ព្រំដែននៃខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍ CLV ដោយចែកដីឱ្យប្រជាពលរដ្ឋក្រីក្រសង់លំនៅដ្ឋាន ដាំដំណាំ ដើម្បីការពារធនធានព្រៃឈើ និងជារបងការពារព្រំដែន។ សម្តេចមានប្រសាសន៍ថា៖«យើងនឹងបង្កើតភូមិតំបន់មួយសម្រាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ជាជាងគាត់កាប់ឆ្កាព្រៃ ហើយយើងនឹងរៀបចំជូនដីលំនៅដ្ឋាន ដីអាស្រ័យផល ផ្គុំជាមួយកម្មវិធីមួយចំនួនរៀបចំជាកញ្ចប់ ដើម្បីអភិវឌ្ឍភូមិគាត់តែម្តងមិនមែនដាក់គាត់ចោលទេ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Screenshot-2024-09-05-1435319-1024x545.png)
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ។
ថ្វិត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ សម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យច្រើនផុសផុលបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍តំបន់ព្រំដែន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច