ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ចុះពិនិត្យការដ្ឋានសាងសង់ស្ពាន ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
កាលពីម្សិលមិញនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់។
បេសកកម្មនេះមានគោលបំណងពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដើម្បីធានាគុណភានិងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។


នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍មួយចំនួន ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន ជាពិសេសបានចុះពិនិត្យខ្សែផ្លូវត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិតកំពុងវិវឌ្ឍន៍ទៅតាមគម្រោង ខណៈក្រុមការងារកំពុងបញ្ចប់ការដោះស្រាយផលប៉ះពាល់មួយចំនួនលើការដ្ឋានសាងសង់។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញពីវឌ្ឍនភាពនៃដំណើរសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ក្រោយបើកការដ្ឋានស្ថាបនាបានជាងមួយឆ្នាំ ក្នុងនោះការងារសម្រេចបានមានដូចជា បញ្ចប់ការងារសាងសង់កន្លែងការិយាល័យ និងកន្លែងស្នាក់នៅចំនួន ៧ កន្លែង ទីតាំងបន្ទប់ពិសោធន៍ចំនួន ៥ កន្លែង ទីតាំងផលិតគ្រឿងសំណង់ចំនួន ៥ កន្លែង និងបានត្រៀមបុគ្គលិកនិងគ្រឿងចក្ររួចរាល់។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសកំពុងពិនិត្យសិក្សា និងដោះស្រាយផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា បង្គោលអគ្គិសនី ប្រព័ន្ធទឹកស្អាត បង្គោលខ្សែកាបប្រៃសណីយ៍ និងកំពុងរង់ចាំភាគីវៀតណាមបង្កើតក្រុមការងារដើម្បីពិភាក្សាចំណុចតភ្ជាប់នៅព្រំដែន។
ជាមួយការបន្តដោះស្រាយផលប៉ះពាល់នានា បើតាមលោក ផន រឹម ក្រុមការងារនឹងប្រគល់ទីតាំងជូនក្រុមហ៊ុនសាងសង់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។




គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងគម្រោងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាននិងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ។
ពាក់ព័ន្ធកញ្ចប់ចំណាយ ផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះគ្រោងចាយថវិកាសាងសង់ប្រហែលជិត ២ ពាន់លានដុល្លារអាមេរិក ហើយដាក់ផែនការបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់