ព័ត៌មានជាតិ
ដើម្បីក្លាយជា«លោកអ្នកឧកញ៉ា»ត្រូវបង់ថវិកា៤លានដុល្លារ,«អ្នកឧកញ៉ា»១លានដុល្លារ,«ឧកញ៉ា»៥០ម៉ឺនដុល្លារ ចូលរដ្ឋ
ដើម្បីទទួលបានគោរមងារជា«លោកអ្នកឧកញ៉ា» គោរមវន្តម្នាក់ត្រូវផ្ដល់អំណោយជាថវិកាក្នុងទំហំ៤លានដុល្លារចូលទៅក្នុងគណនីធនាគារជាតិ និងធនាគារពាណិជ្ជណាមួយដែលគ្រប់គ្រងដោយទីស្ដីការគណៈរដ្ឋមន្ត្រី ចំណែក«អ្នកឧកញ៉ា»ត្រូវផ្ដល់ជាថវិកាក្នុងទំហំ១លានដុល្លារ,«ឧកញ៉ា» ត្រូវផ្ដល់អំណោយជាថវិកាក្នុងទំហំ៥០ម៉ឺនដុល្លារ។ នេះបើតាមអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះថ្ងៃទី០៤ ខែមិថុនា ប៉ុន្តែទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា នេះ។
គួរឱ្យដឹងថា គោរមងារឧកញ៉ា ត្រូវបានកំណត់ជាបីលំដាប់ថ្នាក់ដូចជា៖ លំដាប់ថ្នាក់ខ្ពស់បំផុត ឬលំដាប់ថ្នាក់ទី១ គឺជា«លោកអ្នកឧកញ៉ា»។ លំដាប់ថ្នាក់ទី២ គឺ«អ្នកឧកញ៉ា» និងលំដាប់ថ្នាក់ទី៣ គឺ«ឧកញ៉ា»។
នៅក្នុងអនុក្រឹត្យមាត្រា១៥ ចែងកំណត់ថា ការផ្តល់គោរមងារជា«លោកអ្នកឧកញ៉ា» ត្រូវផ្ដល់ឱ្យចំពោះគោរមវន្តរូបណាដែលមានអាយុយ៉ាងតិច៤៥ឆ្នាំ ហើយធ្លាប់បានទទួលគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច៥ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ ចំនួន ១៦ ០០០ ០០០ ០០០ រៀល(ប្រមាណ៤លានដុល្លារ) ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែល ជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
តាមអនុក្រឹត្យមាត្រា១៦ កំណត់ថា គោរមងារជា«អ្នកឧកញ៉ា» ត្រូវផ្ដល់ឱ្យចំពោះគោរមវន្តទាំងឡាយដែលបានទទួលគោរមងារជា«ឧកញ៉ា»យ៉ាងតិច៣ឆ្នាំ និងបានផ្តល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ៤ ០០០ ០០០ ០០០រៀល(ប្រមាណ១លានដុល្លារ) ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
នៅក្នុងអនុក្រឹត្យត្រង់មាត្រា១៧ បានកំណត់ថា ការផ្ដល់គោរមងារជា«ឧកញ៉ា» ត្រូវផ្ដល់ឱ្យរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែររូបណាមានអាយុយ៉ាងតិច១៨ឆ្នាំ ដែលបានផ្ដល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ២ ០០០ ០០០ ០០០ រៀលឡើងទៅ(ប្រមាណ៥០ម៉ឺនដុល្លារ) ឬកសាងសមិទ្ធផលនានាជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលមានតម្លៃសមមូលនឹងទំហំទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារឡើងទៅ។
នៅក្នុងអនុក្រឹត្យ ក៏បានកំណត់ថា ទំហំទឹកប្រាក់នៃការផ្តល់អំណោយ តម្លៃសរុបនៃការផ្តល់អំណោយ ឬការបរិច្ចាគធនធានទ្រព្យសម្បត្តិ ដើម្បីយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវមានការទទួលស្គាល់ជាផ្លូវការដោយ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមាគមកាកបាទក្រហមកម្ពុជា ឬមូលនិធិ ផ្សេងៗសម្រាប់សង្គមជាតិ ដោយមានការបញ្ជាក់តាមរយៈបណ្ណថ្លែងអំណរគុណ ឬលិខិតលាយលក្ខណ៍អក្សរ អំពីទំហំទឹកប្រាក់ជាក់លាក់ និងសមិទ្ធផលជាក់ស្តែង ដែលជាកម្មវត្ថុនៃការវាយតម្លៃផ្តល់គោរមងារឧកញ៉ា តាមលំដាប់ថ្នាក់ណាមួយ។
ក្រោយពីទទួលបានគោរមងាររួច គោរមវន្តដែលមានគោរមងារជា«លោកអ្នកឧកញ៉ា» ត្រូវបរិច្ចាគថវិកាប្រចាំឆ្នាំចំនួន ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ចំណែកគោរមវន្តដែលមានគោរមងារជា «អ្នកឧកញ៉ា» ត្រូវបរិច្ចាគប្រចាំឆ្នាំ ១ម៉ឺន ៥ពាន់ដុល្លារ ចំណែកឯក «ឧកញ៉ា» ត្រូវបរិច្ចាគប្រចាំឆ្នាំ ៨ពាន់ដុល្លារ។ នេះបើតាមមាត្រា ២៤ នៃអនុក្រឹត្យ។
ក្នុងករណីខកខានមិនបានបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ នោះគោរមវន្ត នឹងត្រូវបានបញ្ចប់គោរមងារតែម្ដង។ នេះបើតាមមាត្រា២៨ នៃអនុក្រឹត្យ ស្ដីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។
ប៉ុន្តែ បើទោះបីជាមិនបានផ្ដល់អំណោយជាទឹកប្រាក់ជូនរដ្ឋក៏ដោយ ក៏រូបវន្តបុគ្គលម្នាក់ក៏អាចត្រូវបានផ្ដល់គោរមងារជាឧកញ៉ា បានតាមរយៈគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗ ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមរយៈរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ មានជាអាទិ៍ របកគំហើញក្នុងវិស័យឧស្សាហកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ ឬវិស័យប្រហាក់ប្រហែល ឬស្នាដៃពិសេស មានជាអាទិ៍ ក្នុងវិស័យសិល្បៈ កីឡា ស្ថាបត្យកម្ម វប្បធម៌ ប្រពៃណី សាសនា ជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ក្នុងនោះមាត្រា២៣ ចែងថា របកគំហើញបច្ចេកវិទ្យាថ្មីៗ ឬស្នាដៃពិសេស ដែលជាកម្មវត្ថុនៃការវាយតម្លៃផ្តល់គោរមងារឧកញ៉ា ត្រូវមាន ការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិ អន្តរជាតិ ឬតាមរយៈការទទួលបានពានរង្វាន់វិទ្យាសាស្ត្រ នានា។ សម្រាប់គោរមវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ គឺត្រូវបានលើកលែងមិនឱ្យបង់វិភាគទានប្រចាំឆ្នាំឡើយ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត