ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី ប្រាប់បណ្ដាសកម្មជនសន្តិភាពអន្តរជាតិ ថា កម្ពុជាបានផ្ដល់តម្លៃដ៏ធំធេងដល់សន្តិភាព
ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព និងមូលនិធិ Washington Times, សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជក់ជូនបណ្ដាសកម្មជនស្វែងរកសន្តិភាពអន្តរជាតិ ថា កម្ពុជាបានផ្ដល់តម្លៃដ៏ធំធេងដល់សន្តិភាព។

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់ ហើយសន្តិភាពនៅកម្ពុជាបានមកដោយលំបាក ក្រោយពីប្រទេសបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យជាតិបែកបាក់ខ្ទេចខ្ទីស្ទើរគ្មានសល់។ សម្ដេច ឃួន សុដារី បានលើកពីសម្ដេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទេសជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ទទួលបានការបង្រួបបង្រួមជាតិ សន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេច ឃួន សុដារី បន្តថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាពដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។
សម្តេចប្រធានរដ្ឋសភា បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព ជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។
ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព និងមូលនិធិ Washington Times ដឹកនាំដោយលោកបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវត្តមានសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាពជូនប្រជាជនទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។
សម្តេចប្រធានរដ្ឋសភា បានអញ្ជើញសមាជិកគណៈប្រតិភូទាំងអស់ ដែលជាតំណាងប្រជាពលរដ្ឋជុំវិញពិភពលោកចូលរួមអនុម័តធម្មនុញ្ញសន្តិភាព ដើម្បីក្លាយជាយន្តការសកលមួយបំពេញបន្ថែមឱ្យបេសកកម្មអង្គការសហប្រជាជាតិ និងជាចំណែកមួយនៃការបំពេញក្តីសង្ឃឹមក្នុងការកសាងពិភពលោកសន្តិភាព។

លោកបណ្ឌិត Charles Yang ក៏ដូចជាគណៈប្រតិភូទាំងអស់ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូ បានគូសបញ្ជាក់ថា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្តេចតេជោបានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់ និងធ្វើជាគំរូ។ គណៈប្រតិភូ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ