ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ហ្វីលីពីន ប្រកាសរួមគ្នាទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន
កងទ័ពកម្ពុជា និងហ្វីលីពីន បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ការឯកភាពនេះ បានលើកឡើងដោយអគ្គមេបញ្ជាការកងទ័ពរបស់កម្ពុជា និងនាយសេនាធិការកងទ័ពហ្វីលីពីន។

ក្នុងឱកាសដឹកនាំប្រតិភូកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ជំនួបកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកថា ទស្សនកិច្ចនេះបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងយូរអង្វែង ពិសេសការជួបពិភាក្សារវាងថ្នាក់ដឹកនាំនៃកងទ័ពប្រទេសទាំងពីរ ដើម្បីបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងប្រកបដោយភាពជិតស្និទ្ធ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងអតីតកាល ក៏ដូចជាបច្ចុប្បន្ន គឺកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន នៅតែបន្តរីកចម្រើនជាលំដាប់ និងកាន់តែរឹងមាំ បើ ទោះបីបញ្ហាក្នុងតំបន់ និងពិភពលោកមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

លោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ពិសេសភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ (TOR) កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ។
លោកនាយឧត្តមសេនីយ៍ បានអរគុណកងទ័ពហ្វីលីពីន ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជា វគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការ វគ្គនាយទាហានថ្មើរជើង វគ្គជំនាញឆត្រយោង និងការបញ្ជូនគ្រូបង្គោលហ្វីលីពីនមកជួយបណ្តុះបណ្តាលលើជំនាញស្រាវជ្រាវដាន និងប្រយុទ្ធក្នុងទីក្រុងដល់កងទ័ពជើងគោកកម្ពុជា ដែលទើបនឹងបញ្ចប់ប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ។

តាមរយៈជំនួបទល់មុខនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំណូមពរកងទ័ពហ្វីលីពីនឱ្យបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ (TOR) របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន ក្នុងនោះមានការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការបន្តជំរុញអនុវត្តការតម្លើងកម្រិតនៃលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងទឹក កងទ័ពជើងអាកាសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
បន្ថែមលើនេះ គឺការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា ការប្រឆាំងអំពើភេរវកម្ម កិច្ចសហការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដដែល។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ បានបញ្ជាក់ថា ការមកពេញទស្សនកិច្ចនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់អតីតមេបញ្ជាការកងទ័ពជើងគោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះការខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រភេទទ័ពនៃកងទ័ពប្រទេសទាំងពីរ។

នាយសេនាធិការកងទ័ពហ្វីលីពីន បានទទួលយកសំណើផ្សេងៗដែលនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងក្នុងឱកាសនេះ ទាក់ទងនឹងការហ្វឹកហ្វឺនកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងអំពើភេរវកម្ម ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ