ព័ត៌មានជាតិ
អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង បំណិន និងនវានុវត្តន៍
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ខួបលើកទី ២៤ ទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៤ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍” នៅខេត្តស្ទឹងត្រែង។ ពិធីនេះ មានការចូលរួមពី លោក សាដា អ៊ូម៉ាអាឡាំ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
បណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈប្រធានបទទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំនេះ បានគូសរំលេចអំពីតួនាទីដ៏សំខាន់ នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិតស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមសកម្មភាពអភិវឌ្ឍសង្គមកាន់តែសកម្ម និងមាននិរន្តភាព។ ក្នុងន័យនេះ ក្រសួងក៏ចង់បង្ហាញពីតួនាទីសំខាន់របស់អក្ខរកម្ម ក្នុងការលើកកម្ពស់ចំណេះ បំណិន និងនវានុវត្តន៍សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនា និងឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមក និងការស្រលាញ់ និងថែរក្សាសុខសន្តិភាព។
ការលើកកម្ពស់អក្ខរកម្មពិតជាបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន និងកំពុងទទួលផល ជាពិសេសនៅខេត្តជាប់ព្រំដែន។ ដើម្បីពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដី រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចរចាកំណត់ខ្សែបង្គោលព្រំដែន ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ ជាពិសេស គឺការអភិវឌ្ឍតាមតំបន់ព្រំដែន រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទើបអាចធានាបាននូវការរក្សាអធិបតេយ្យភាព បូរណភាពដែនដីពិតប្រាកដជារៀងរហូត ដែលនេះបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវសារលិខិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ផ្សព្វផ្សាយជូនដល់អង្គពិធី ដែលក្នុងនោះ បានអំពាវនាវ និងដាក់ចេញនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹង ទី១. ការអភិវឌ្ឍគោលនយោបាយ ទី២. ការចូលរួមក្នុងសហគមន៍ ទី៣. ការចូលរួមរបស់យុវជននិងនិស្សិត ទី៤. អក្ខរកម្ម និងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ ទី៥. ការពង្រឹងភាពជាដៃគូ ទី៦. តួនាទីរបស់ស្ថាប័នសាសនា ទី៧. ការផ្សព្វផ្សាយ និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមគាំទ្រដល់ការងារអក្ខរកម្មវិជ្ជាជីវៈ ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ទាំងអង្គការជាតិ អន្តរជាតិ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងស្នើឱ្យបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់ដើម្បីពង្រឹង និងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍”។
គួរបញ្ជាក់ថា តាមរយៈសុន្ទរកថារបស់ លោក សាដា អ៊ូម៉ាអាឡាំ បាបឱ្យដឹងថា ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំនេះ គូសបញ្ជាក់អំពីតួនាទី នៃអក្ខរកម្មសម្រាប់មនុស្សជាតិ និងសង្គម ខណៈប្រទេសកម្ពុជាកំពុងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងជាការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលអក្ខរកម្មដើរតួនាទីស្នូល។ ក្នុងអំឡុងមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំធានាថា កុមារទាំងអស់ត្រូវបានបញ្ជួនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូងដើម្បីកែលម្អប្រសិទ្ធភាពអក្ខរកម្ម និងគុណភាព នៃការរៀន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា