Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចង់ប្តូររដ្ឋធានីចេញពី តេហេរ៉ង់

បានផុស

នៅ

រដ្ឋធានីសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គួរតែប្តូរទៅតំបន់ឆ្នេរជិតឈូងសមុទ្រពែក្សវិញ ព្រោះវាស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីថ្មីលោក Masoud Pezeshkian និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤។

លោក Masoud Pezeshkian (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pezeshkian និយាយថា «ទីក្រុងតេហេរ៉ង់ កំពុងប្រឈមនឹងបញ្ហាដែលយើងមិនអាចដោះស្រាយបាន ហើយជម្រើសមានតែមួយគត់ នោះគឺត្រូវប្តូររដ្ឋធានីតែម្តង។ ទីតាំងរបស់តេហេរ៉ង់ ស្ថិតនៅភាគខាងជើងប្រទេស ជាហេតុធ្វើឲ្យទីក្រុងនេះ មិនអាចបន្តក្តាប់តំណែងជារដ្ឋធានីនិងការអភិវឌ្ឍលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ទៀតបាន។

លោកបន្តថា «ប្រទេស​មិន​អាច​រីក​ចម្រើន​បាន​ទេ បើនៅតែ​ប្រើ​វិធីសាស្ត្រ​បច្ចុប្បន្ន​។ អ៊ីរ៉ង់នឹងបាត់បង់សមត្ថភាពប្រកួតប្រជែង ប្រសិនបើខ្លួននៅតែបន្តនាំយកវត្ថុធាតុដើមពីកំពង់ផែនិងតំបន់ភាគខាងត្បូង ដឹកជញ្ជូនទៅទីក្រុងតេហេរ៉ង់ ហើយកែច្នៃវាទៅជាផលិតផល រួចបញ្ជូនត្រឡប់ទៅភាគខាងត្បូងវិញ ដើម្បីនាំចេញ។

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង លោក Pezeshkian សង្កត់ធ្ងន់ថា ស្ថាប័នរដ្ឋទាំងអស់ ក៏នឹងត្រូវប្តូរទីតាំងទៅកាន់រដ្ឋធានីថ្មីដែរ ប៉ុន្តែអ្នកក្រុងមានជម្រើស ចង់ដូរទៅក៏បាន មិនទៅក៏បាន។

យ៉ាងណាក្តី គេមិនច្បាស់ឡើយថាតើ គំនិតនេះអាចទៅរួចឬអត់។

(រូបថត៖ Heidi News)

សូមបញ្ជាក់ថា តេហេរ៉ង់ គឺជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ១៧៨៦មកម្ល៉េះ។ វាមានទីតាំងនៅភាគខាងជើងប្រទេស ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីសមុទ្រ Caspian ហើយនេះមិនមែនទើបលើកដំបូងទេ ដែលអាជ្ញាធរអ៊ីរ៉ង់ ស្នើរើរដ្ឋធានីចេញពីទីក្រុងតេហេរ៉ង់។

ជាក់ស្តែង សំណើស្រដៀងគ្នានេះ ក៏ត្រូវបានលើកឡើងក្នុងអាណត្តិប្រធានាធិបតី Mahmoud Ahmadinejad ចន្លោះឆ្នាំ២០០៥ដល់២០១៣ផងដែរ ដោយពេលនោះ សភាបានបោះឆ្នោតបង្កើតក្រុមប្រឹក្សាពិសេសមួយដើម្បីស្វែងរកទីតាំងជំនួស ប៉ុន្តែចុងក្រោយការប្តូរត្រូវបរាជ័យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ បដិសេធការ​ជ្រៀតជ្រែកក្នុង​​ការបោះឆ្នោត​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម