ព័ត៌មានជាតិ
ស្ត្រីកម្ពុជា ៣០ រូប ជាប់សិក្សាកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ពីទូតអាមេរិក
ស្ត្រីកម្ពុជា ៣០ នាក់មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នារាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព បានជាប់ជម្រុះចូលសិក្សាកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់ សហគ្រិនស្ត្រី។ កម្មវិធីនេះ ទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក មានគោលបំណងលើកកម្ពស់ស្ត្រីក្នុងជំនាញអាជីវកម្ម តាមរយៈ ការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។ អ្នកដាក់ពាក្យចូលរួមសិក្សា នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ ខែ ក្នុងកម្មវិធី ដែលរួមមានការសិក្សាតាម ប្រព័ន្ធអនឡាញ ការចូលរួមសិក្សាដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធី សិក្សា។

ថ្លែងក្នុង ពិធីបើកកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់ សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ អ្នកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក មានប្រសាសន៍ថា AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាព ចាំបាច់ ដើម្បីឱ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាច នៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជន ដៃគូក្នុងស្រុក និងបណ្តាញ នៃអតីតនិស្សិតដែលបានចូលរួមក្នុងក្នុង កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ របស់សហរដ្ឋអាមេរិក ដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។

អ្នកស្រី Bridgette Walker បញ្ជាក់បន្ថែមថា៖ “ខ្ញុំមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះ កម្មវិធី AWE រាប់ថា ជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការរបស់យើង ស្តីពី ការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវសក្តានុ ពលពេញលេញរបស់គេ”។

អ្នកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអបអរសាទរដល់សហគ្រិនស្ត្រីវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ និងសក្តានុពល ចំពោះភាពជោគជ័យរបស់ពួកគេ នៅក្នុងកម្មវិធីបណ្តុះបណ្តាល AWE ឆ្នាំ២០២៤ នេះ។ អ្នកស្រីមានសុទិដ្ឋិនិយមថា សហគ្រិនស្ត្រី វ័យក្មេងទាំងនេះ នឹងរកឃើញនូវសក្តានុពលរបស់ខ្លួនក្នុងការធ្វើធុរកិច្ច និងការច្នៃប្រឌិត តាមរយៈការបណ្តុះបណ្តាល ដ៏គ្រប់ជ្រុងជ្រោយ ការបង្ហាត់បង្រៀន និងតាមរយៈបណ្តាញទំនាក់ទំនងដ៏រឹងមាំរវាងគ្នា និងគ្នា។ ជាមួយនឹងការបណ្តុះនូវជំនាញ និងផ្តល់ការគាំទ្រចាំបាច់នានា សហគ្រិនស្ត្រី នឹងរួមចំណែកយ៉ាងសំខាន់ ដល់វិបុលភាពរបស់សហគមន៍យើងទាំងអស់គ្នា។

អ្នកស្រី ចម និម្មល មានប្រសាសន៍បន្ថែមថា៖ “ទោះបីជាមានការប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជាលទ្ធភាពទទួលបានដើមទុន ការណែនាំ និងបណ្តាញ អាជីវកម្ម ដែលនៅមានកម្រិតក៏ដោយ សហគ្រិនស្ត្រីកម្ពុជាបានបង្ហាញពីភាពធន់រឹងមាំ និងនវានុវត្តន៍គួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែ ពួកគាត់នៅតែត្រូវការបន្តការគាំទ្រ ពីភាគីពាក់ព័ន្ធនានាក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងន័យនេះ ខ្ញុំ សូមលើកទឹកចិត្តអ្នកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល AWE ទាំង៣០ រូប ឱ្យចែករំលែកចំណេះដឹង និងបទ ពិសោធន៍របស់ពួកគាត់ជាមួយសហគ្រិនស្ត្រីផ្សេងទៀត និងសូមជំរុញឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ប្រើប្រាស់ កម្មវិធីបណ្តុះបណ្តាល AWE នេះ ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតភាពជាដៃគូពាណិជ្ជកម្មថ្មី ក្នុងកម្រិត ពិភពលោក ជាពិសេស ការទទួលយកការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល តាមរយៈ ថ្នាលសំខាន់ ដូចជា វគ្គសិក្សាបណ្តុះបណ្តាលអនឡាញ DreamBuilder ជាដើម”។

អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សហគ្រាស ស្វាយអង្គរ អ៊ីនធើប្រាយ៍ មកពីខេត្តសៀមរាប បានឱ្យ “កម្ពុជាថ្មី” ដឹងថា សហគ្រាសអ្នកស្រីផ្ដោតលើការផលិតដំណាប់ផ្លែឈើ និងនំ ដោយផ្ដោតលើអតិថិជនជាភ្ញៀវទេសចរ ហើយក្រោយមកក៏ផ្ដោតទីផ្សារក្នុងប្រទេស។ អ្នកស្រីបញ្ជាក់ថា បើទោះសហគ្រាសរបស់អ្នកស្រីមានដំណើរការល្អ ប៉ុន្តែក្នុងនាមជាសហគ្រិន ក្នុងសម័យបច្ចុប្បន្ន ការអភិវឌ្ឍខ្លួនគឺជារឿងចាំបាច់ ដែលនាំឱ្យអ្នកស្រីដាក់ពាក្យមកសិក្សាបន្ថែមជាមួយ AWE ។

អ្នកស្រី ងី សុវណ្ណធីតា មានប្រសាសន៍បន្តថា៖ “ខ្ញុំយល់ថា ការមកសិក្សាក្នុង AWE នេះ នឹងធ្វើឱ្យខ្ញុំបង្កើនចំណេះដឹង បង្កើតសក្ដានុពល បង្កើតបណ្ដាញការងារ ហើយយើងអាចទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត អាចយកមកអភិវឌ្ឍក្នុងសិប្បកម្មរបស់យើងបន្ថែម។ ខ្ញុំសូមផ្ដាំទៅស្ត្រីសហគ្រិនដទៃទៀត សូមមានគោលដៅច្បាស់លាស់ ហើយមានការតាំងចិត្ត ប្រឹងប្រែងរហូត ឱ្យអស់លទ្ធភាព ព្រោះការធ្វើអាជីវកម្ម មិនមែនជោគជ័យរហូតទេ តែក៏មិនបរាជ័យរហូតដែរ”។

គួរបញ្ជាក់ថា បើយោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៤ សហគ្រិនស្ត្រី មានចំនួនជាង ៨ ០០០ នាក់ ក្នុងចំណោមសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSME) សរុបចំនួន ៤៤ ២៧២ នាក់ ហើយកម្លាំងពលកម្មស្ត្រីមានចំនួន ១៤១ ០០០ ស្មើនឹង ៣០% នៃកម្លាំងពលកម្មសរុប ៤៧០ ០០០ នាក់។ ស្ត្រី គឺ ជាឆ្អឹងខ្នងនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ជាច្រើន ដែលពិតជាមានសារៈសំខាន់ក្នុងការបង្កើតការងារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ