ព័ត៌មានជាតិ
មន្ត្រីយោធាកម្ពុជា-បង់ក្លាដែស ជំរុញការបណ្តុះបណ្តាល និងផ្លាស់ប្ដូរទស្សនកិច្ចយោធារវាងប្រទេសទាំងពីរ
មន្ត្រីយោធាបង់ក្លាដែស នៅតែបង្ហាញឆន្ទៈក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរព័ត៌មានជុំវិញបទល្មើសឆ្លងដែន បើទោះបីជាប្រទេសបង់ក្លាដែសកំពុងជួបបញ្ហាផ្ទៃក្នុងក៏ដោយ។

ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដែសប្រចាំកម្ពុជា បានបញ្ជាក់ថា សម្រាប់វិស័យយោធា កម្ពុជា និងបង់ក្លាដែសមានផ្នែកជាច្រើនដែលអាចសហការជាមួយគ្នាបាន ដោយលោក សង្ឃឹមថា អនាគតប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងរបស់អនុព័ន្ធយោធាបង់ក្លាដែស បានធ្វើឡើងនៅចំពោះមុខនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការ។ ជំនួបនេះ ក៏មានវត្តមានលោកវរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែសដែរ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែស ដែលបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពី១៩៧៣ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានបន្តពង្រឹងពង្រីក និងលើកកម្ពស់ជាច្រើនវិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពិសេសការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដែស។

លើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាលំដាប់ ដោយក្រុមការងាររបស់ក្រសួងការពារជាតិនៃប្រទេសនីមួយៗ កំពុងពិភាក្សា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ។ លោកនាយឧត្តមសេនីយ៍ បន្តថា កន្លងមកកងទ័ពទាំងពីរ បានផ្លាស់ប្ដូរកាសិក្សា និងហ្វឹកហ្វឺនទៅវិញទៅមក ដែលក្នុងនោះ បង់ក្លាដែសធ្លាប់បានបញ្ជូនសិក្ខាកាមមកចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសដោះមីននៅកម្ពុជា ខណៈបង់ក្លាដេសបានទទួលយកសិក្ខាកាមកម្ពុជាទៅសិក្សាវគ្គបញ្ជាការសេនាធិការនៅប្រទេសបង់ក្លាដែស។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជំរុញឱ្យកងទ័ពប្រទេសទាំងពីរបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជាដើម។ ក្នុងនោះ លោក មានបំណងចង់ឱ្យវិទ្យាស្ថានបញ្ជាការសេនាធិការរបស់កម្ពុជា បានទៅធ្វើទស្សនកិច្ចនៅបង់ក្លាដែស សំដៅដកបទពិសោធន៍គ្នាទៅវិញទៅមក៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?