ព័ត៌មានជាតិ
ពលរដ្ឋសហគមន៍ត្រពាំងពង្ស ៧០% នៅស្រុកវាលវែង បោះបង់ការដាំដុះដំណាំក្រូចពោធិ៍សាត់
លោក ចំណាន ប្រធានសហគមន៍ត្រពាំងពង្ស ភូមិត្រពាំងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យ កម្ពុជាថ្មីដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ត្រពាំងពង្សនៅស្រុកវាលវែង បាននាំគ្នាបោះបង់ចោលការដាំដំណាំក្រូចពោធិ៍សាត់ ក្រោយដាំដុះរយៈពេលជាង ១០ឆ្នាំមិនទទួលបានជោគជ័យ។

ប្រធានសហគមន៍ត្រពាំងពង្ស លោក ចំណាន បានលើកឡើងថា កាលពីដំបូងឡើយ ជាង ១០ ឆ្នាំមកនេះ ប្រជាពលរដ្ឋនៅសហគមន៍បាននាំគ្នាដាំដំណាំក្រូចពោធិ៍សាត់ ដោយមើលឃើញថា ដំណាំក្រូចពោធិ៍សាត់មានទីផ្សារល្អ ហើយការដាំដុះគឺអនុវត្តតាមៗគ្នាទាំងគ្មានបច្ចេកទេស ដោយមានអ្នកខ្លះក៏ទទួលបានជោគជ័យ និងខ្លះទៀតមិនជោគជ័យ។
យ៉ាងណាមិញ ដោយសារកត្តាចំណេះដឹង និងធនធាននៅមានកម្រិតនៅឡើយ គួបផ្សំពាក់ព័ន្ធការខ្វះខាតការថែទាំដិតដល់ផងនោះ បានធ្វើឱ្យប្រជាកសិករជាច្រើនប្រឈមការខាតបង់រហូតនាំគ្នាបោះបង់ចោល។
«គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងសហគមន៍ប្រជាពលរដ្ឋប្រមាណ ៧០% បាននាំគ្នាបោះបង់ចោលការដាំដំណាំក្រូចពោធិ៍សាត់ ដោយសារតែប្រឈមនិងបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការថែទាំមិនបានដិតដល់ ដូចជាការដាក់ជី បាញ់ថ្នាំ ដកស្មៅ និងការថែទាំដាក់ទឹក ជាដើម។ ម្យ៉ាងវិញទៀតអ្នកភូមិមួយចំនួនស្ទើរបច្ចេកទេសថែទាំ ប៉ុន្តែដាំចង់តែបានបរិមាណ អ្នកខ្លះលោតដល់ ៣ ម៉ឺនដើមក៏មាន ដែលសព្វថ្ងៃនេះបានកំពុងប្រឈមការខាតបង់ធំជាងគេ»។

លោកចំណាន អះអាងថា ប្រជាពលរដ្ឋជាច្រើនដោយសារដាំមិនសូវបានផល ក៏សម្រេចចិត្តឈូសចោល នាំគ្នាងាកមកដាំដំណាំប្រភេទផ្សេងទៀតដូចជា ពោត ដំឡូងមីដោយសារតែមិនមានជម្រើស។
បើតាមប្រធានសហគមន៍ត្រពាំងពង្ស ទឹកដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាពិសេសនៅស្រុកវាលវែង អំណោយផលការដាំដុះក្រូចពោធិ៍សាត់បានយ៉ាងល្អ ប៉ុន្តែបញ្ហាប្រឈមត្រង់ថា ការយល់ដឹងពលរដ្ឋនៅមានកម្រិត និងបញ្ហាធំចម្បងគឺ ខ្វះបច្ចេកទេសនៅក្នុងការដាំដុះតែប៉ុណ្ណោះ។

ដោយមើលឃើញពីបញ្ហាប្រឈមក្នុងសហគមន៍ ប៉ុន្តែមិនចង់ឱ្យពលរដ្ឋបោះបង់ចោលការដាំដុះក្រូចពោធិ៍សាត់នោះទេ លោក ចំណាន នៅតែជំរុញឱ្យពលរដ្ឋងាកមកថែទាំឡើងវិញ ព្រោះកន្លងមកក៏មានមន្ត្រីជំនាញកសិកម្មចុះមកណែនាំផងដែរ។ ប៉ុន្តែប្រធានសហគមន៍រូបនេះមើលឃើញថា កសិករមួយចំនួនហាក់គ្មានឆន្ទៈបន្តដាំទៀតនោះទេ ដោយសារណាមួយមិនសូវមានធនធានទៀតនោះ ដែលនឹងរុញឲ្យផ្ទៃដីដាំដំណាំសក្តានុពលសេដ្ឋកិច្ចខ្ពស់មួយនេះ អាចបន្តថយចុះថែមទៀតនៅថ្ងៃខាងមុខ។
ពាក់ព័ន្ធនឹងទីផ្សារក្រូច ប្រធានសហគមន៍លើកឡើងថា មិនមានការធ្លាក់ថ្លៃនោះទេ នៅតែរក្សាតម្លៃដដែល ដោយក្នុង ១ ផ្លូន (៤៥ផ្លែ) លេខ ១ អាចលក់បាន ២ ម៉ឺន ៥ពាន់រៀល លេខ ២ លក់បាន ២ម៉ឺនរៀល និងលេខ ៣ បាន ១៨ ០០០រៀល។
សហគមន៍ត្រពាំងពង្សនៅស្រុកវាលវែង មានពលរដ្ឋប្រមាណ ១៥៩ គ្រួសារ ការដំណាំក្រូចពោធិ៍សាត់កន្លងទៅជាដំណាំយុទ្ធសាស្រ្ត បច្ចុប្បន្នពលរដ្ឋងាកទៅដាំដុះដំណាំដូចជា ពោត សណ្តែក ដែលជាដំណាំដាំដុះរយៈពេលខ្លីងាយស្រួលប្រមូលផល៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ