ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ គិតត្រឹមថ្ងៃទី១២ កញ្ញា អ.ដ.ក. ទទួលបានពាក្យបណ្តឹងសរុបចំនួន ២២៧ ករណី
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានប្រាប់ «កម្ពុជាថ្មី»ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលបានចាប់ផ្តើមទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានទទួលពាក្យបណ្តឹងសរុបចំនួន ២២៧ ករណី (សំណុំរឿង) ពីប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា ក្នុងចំណោមសំណុំរឿងទាំង ២២៧ករណី ភាគច្រើន គឺពាក់ព័ន្ធនឹងវិវាទវិវាទដីធ្លី វិវាទកិច្ចសន្យាខ្ចីប្រាក់ វិវាទកិច្ចសន្យាទិញលក់ វិវាទមត៌ក និងវិវាទពាក់ព័ន្ធនឹងការលែងលះ។ លោកបានឱ្យដឹងថា អ.ដ.ក. បានចាប់ផ្តើមធ្វើការដោះស្រាយសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋចាប់ពីដើមខែកក្កដា ឆ្នាំ២០២៤ នេះ ពោលគឺបន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលផ្សះផ្សាវិវាទ និងបានទទួលនីតិសម្បទាពី អ.ដ.ក.។
ជាលទ្ធផល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ មានសំណុំរឿងសរុបចំនួន ២២សំណុំរឿង ដែលត្រូវបានចាត់ការរួចរាល់ ក្នុងនោះមានសំណុំរឿងចំនួន១៤ ត្រូវបានសម្រុះសម្រួលបញ្ចប់ដោយជោគជ័យ និងបានរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ។ ចំណែក សំណុំរឿងចំនួន៤ ត្រូវបានបិទ ដោយសារភាគីមិនព្រមព្រៀងសះជា និងសំណុំរឿងចំនួន៤ ត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច។ រីឯសំណុំរឿងចំនួន២០៥ ផ្សេងទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.។

បើតាមលោក ជិន ម៉ាលីន ចំពោះកត្តាប្រឈមរបស់ អ.ដ.ក គឺដោយសារ អ.ដ.ក ជាយន្តការនៃការទទួលពាក្យបណ្តឹងមួយ ដែលពុំទាន់មានភាពទូលំទូលាយ ដោយបច្ចុប្បន្ន ការទទួលពាក្យបណ្តឹងត្រូវធ្វើទ្បើងដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក (រាជធានីភ្នំពេញ)។ ម្យ៉ាងទៀត អ.ដ.ក. ជាស្ថាប័នជាតិថ្មី ដែលប្រជាពលរដ្ឋមួយចំនួន ពិសេសនៅតាមបណ្តាខេត្ត មិនទាន់បានស្គាល់នៅទ្បើយ រីឯមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៅមានចំនួនតិចនៅទ្បើយ បើធៀបនឹងបរិមាណនៃសំណុំរឿង។ ទន្ទឹមនឹងនោះ អ.ដ.ក. កំពុងរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តចាំបាច់ដទៃទៀត ដើម្បីធានាប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធនឹងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច។
យ៉ាងណាមិញ នៅពេលខាងមុខ លោកថា នឹងពង្រីកជាជំហានៗ នូវយន្តការនៃការទទួលពាក្យបណ្តឹងរបស់ អ.ដ.ក. ឱ្យកាន់តែទូលំទូលាយ និងងាយស្រួល។ ជាពិសេស បន្តផ្សព្វផ្សាយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបន្តជ្រើសរើសបន្ថែមនូវមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ទន្ទឹមនឹងការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។ ព្រមទាំងបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូរពាក់ព័ន្ធ ដែលរួមមានជាអាទិ៍ អាជ្ញាធរមូលដ្ឋាន (រដ្ឋបាលភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត) នៅទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ គេន ម៉ាលិះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ