ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់មន្ត្រីឱ្យប្រកាន់ខ្ជាប់វិន័យ ទោះមានតួនាទីណាក៏ដោយ
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ប្រាប់មន្ត្រីក្រោមឱវាទឱ្យប្រកាន់ខ្ជាប់ និងគោរពវិន័យ ទោះក្នុងតួនាទីណាក៏ដោយ។ លោកលើកឡើងនេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យពាក់ព័ន្ធការសុំច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ក្នុងមួយឆ្នាំអាចសុំបានមិនលើសពី១៥ថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋាន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។
ជាការកត់សម្គាល់ អនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវបានចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ តាមសេចក្ដីស្នើសុំរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីផ្សព្វផ្សាយជាផ្លូវការ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមនាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ គឺអនុក្រឹត្យនេះ មាន៨ជំពូក និង២១មាត្រា និងមានគោលបំណងកំណត់ឱ្យបានច្បាស់ពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ។
យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់ សម្រាកចំនួន១៥ថ្ងៃ នៃថ្ងៃធ្វើការក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ។ អនុក្រឹតនេះ ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ និងច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។

អនុក្រឹត្យ ក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាតឱ្យចេញធ្វើការមុន ឬក្រោយម៉ោង មិនលើសពីមួយម៉ោង ចំពោះមន្រ្តីដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស ឬជនមានពិការភាពអចិន្ត្រៃយ៍ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តីដែលមានផ្ទៃពោះ មានកូនអាយុក្រោម១ឆ្នាំ មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះត្រូវមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ព្រមទាំងមន្រ្តីដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ។

លោក ស សុខា ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះបន្តទៅកាន់មន្រ្តីក្រោមឱវាទឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោក បានចាត់ទុកអនុក្រឹត្យនេះថា ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានរលឹកជាថ្មីទៀតឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខជូនប្រជាពលរដ្ឋប្រកបដោយគុណភាព៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា