ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ស្ត្រីចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមសាលាបណ្ដុះបណ្ដាលហាក់មានការកើនឡើង
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ កញ្ញា នេះថា បច្ចុប្បន្នមានស្ត្រីជាច្រើនបានចាប់អារម្មណ៍ងាកមកចុះឈ្មោះសិក្សាទៅលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមសាលាបណ្ដុះបណ្ដាលនានា ពិសេសជំនាញមេកានិករថយន្ត។

លោកបានបន្តថា ជាក់ស្តែងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ មានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៥៧ ៤៦៨ នាក់ (ស្រី ២១ ៤៥៨ នាក់) ក្នុងនោះក្រុមគោលដៅ ចំនួន ២០ ៤៩៨ នាក់ (ស្រី ៩ ៣៣១ នាក់)។ សិស្សកំពុងរៀនចំនួន ២៣ ៦៨២ នាក់ (ស្រី ៩ ៧៩៥ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ៩ ៩៨៧ នាក់ (ស្រី ៥១៩១ នាក់)។ សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ៧ ១១០ នាក់ (ស្រី ១ ៧២៦ នាក់) ក្នុងនោះ ក្រុមគោលដៅចំនួន ២ ៨០៦ នាក់ (ស្រី ១ ០៥២ នាក់) និងសិស្សទទួលបានការងារធ្វើសរុបចំនួន ២ ១១៨ នាក់ (ស្រី ៥២៤ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ១ ០៣០ នាក់ (ស្រី ៣០៧ នាក់)។
លោកបានពន្យល់ថា ការដែលស្ត្រីចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈនេះ ដោយសារតែស្ត្រី និងបុរស មានសិទ្ធិស្មើគ្នា គឺបុរសអាចធ្វើអ្វីបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា ហើយបច្ចុប្បន្ននេះទីផ្សារការងារដែលបុរសធ្វើ ស្ត្រីក៏អាចធ្វើបានដូចគ្នា ដូចជាមេកានិករថយន្តជាដើម មានស្ត្រីចុះឈ្មោះចូលរៀនមានការកើនឡើងទ្វេដង។

លោក កត្តា អ៊ន បានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលលើកទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានជំនាញចំនួន ៤៥ បែងចែកតាមវិស័យចំនួន ១០ រួមមាន សំណង់ អគ្គិសនី និងថាមពល , អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ , ទេសចរណ៍ , និងកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?